ហិរញ្ញវត្ថុ

 14-វិច្ឆកា-2020

   ធ្លាប់លឺគេនិយាយច្រើនណាស់អំពីសេរីភាពហិរញ្ញវត្ថុ ដែលជាដំណាក់កាលមួយដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគ្រប់គ្រាន់ក្នុងការរស់នៅសុខស្រួលរហូតដោយមិនចាំបាច់ធ្វើការ រកស៊ីអ្វីទេដោយសារតែមានប្រាក់ចំណូលអកម្មគ្រប់គ្រាន់។ ធ្វើម៉េចទើបអាចបានសេរីភាពហិរញ្ញវត្ថុទៅ?អញ្ចឹងថ្ងៃនេះ នឹងចែករំលែកផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ​ដែលយើងអាចដើរតាមទាំងអស់គ្នា។

1- កំណត់គោលដៅ៖ ​យើងត្រូវកំណត់ថាតើត្រូវមានទ្រព្យសរុបប៉ុន្មានទើបអាចមានសេរីភាពហិរញ្ញវត្ថុ​បាន។ ហើយចង់ទទួលបានសេរីភាពហិរញ្ញវត្ថុពេលណា។ ចំឡើយគឺអាស្រ័យលើថាការចំណាយប្រចាំខែរបស់យើង និងទ្រព្យសម្បត្តិដែលយើងមានបច្ចុប្បន្ន។ ប្រសិនជាអ្នកចំណាយ $1,000 ក្នុង 1ខែ ឬ $12,000 ក្នុងមួយឆ្នាំ មានន័យថា អ្នកត្រូវមានទ្រព្យដាក់វិនិយោគ $240,000 បានផលចំណេញ5% ក្នុងមួយឆ្នាំ។ បន្ទាប់មកត្រូវកំណត់គោលដៅថាត្រូវរកលុយបានប៉ុន្មានក្នុងឆ្នាំនីមួយៗដើម្បីទៅដល់គោលដៅនោះ។

2-ធ្វើបញ្ជីចំណូលចំណាយ៖ ចំពោះអ្នកតាមដាន itkhmerangkor.netកន្លងមក ប្រាកដជាដឹងហើយថាការ មានបញ្ជីចំណូលចំណាយប្រចាំថ្ងៃនោះសំខាន់កម្រិតណាដើម្បីដើរទៅរកគោលដៅហិរញ្ញវត្ថុណាមួយ។ បើយើងមិនទាន់ដឹងថារាល់ថ្ងៃលុយចូលប៉ុន្មាន ចេញប៉ុន្មាន ធ្វើម៉េចយើងដឹងថាយើងចាប់ផ្ដើមពីចំណុចណាទៅ ហើយនៅឆ្ងាយពីគោលដៅប៉ុន្មាន។ កុំថាគ្មានពេលកត់ឬពិបាកទៀតទៅ។ ទាញយក កម្មវិធីទូរស័ព្ទដៃមក ហើយលុយចេញឬលុយចូលភ្លាម កត់ភ្លាម។

3-សងបំណុលឱ្យអស់៖ ការសងបំណុលនេះគឺចង់សំដៅលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាបង់រំលោះឡាន ទូរស័ព្ទជាដើម។

4-ចាយតិចជាងលទ្ធភាព៖ គ្នាយើងភាគច្រើនពេលបានចំណូលច្រើនជាងមុន ចំណាយក៏ចេះតែឡើងដូចគ្នា។ បើឡើងរហូតអញ្ចឹង ទោះបីមានចំណូលច្រើនក៏មិនសូវសល់លុយប៉ុន្មានដែរ។ មិនមែនថាមិនឱ្យហ៊ឺហានោះទេ ប៉ុន្តែត្រូវមើលថាចំនាយនោះផ្ដល់តម្លៃដ៏សាកសមមួយដល់អ្នកឬអត់។

5- វិនិយោគ៖ ការវិនិយោគគឺជាចំណុចសំខាន់ណាស់ក្នុងការ ទទួលបានសេរីភាពហិរញ្ញវត្ថុព្រោះថា ការពឹងផ្អែកលើប្រាក់ចំណូលពីការងារ ឬអាជីវកម្មតែមួយប្រភព មិនគ្រប់គ្រាន់ទេ។ ការវិនិយោគ គឺធ្វើឱ្យយើងអាចយកលុយយើង ទៅធ្វើការបង្កើតលុយបន្ថែម។

6-បន្តរៀនបន្ថែម៖ មិនថាយើងរកបាន $500 ក្នុងមួយខែ ឬ $5,000 ក្នុងមួយខែ យើងត្រូវឃ្មាតឃ្មីរៀនបន្ថែមរហូតតាមរយៈការអានសៀវភៅ ព័ត៌មាន ឯកសារស្រាវជ្រាវ ថ្នាក់ Masterclass ជាដើម។ អ្នកមាន និងជោគជ័យទាំងអស់សុទ្ធតែបន្តអភិវឌ្ឍខ្លួនគេរហូតមិនឈប់ឡើយ។

Financial Hacks ទាំង១០

      មានអ្នកចាប់អារម្មណ៍ចង់បង្កើតអាជីវកម្មថ្មី ឬក៏កំពុងតែបង្កើតអាជីវកម្មថ្មីអត់? ការបង្កើតអាជីវកម្មថ្មីពិតជាលំបាក ហើយសហគ្រិនពិតជាជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ ក្នុងនោះដែរ ស្ថានភាពហិរញ្ញវត្ថុគឺពិតជាដើរតួសំខាន់ក្នុងការទ្រទ្រង់អាជីវកម្មឱ្យដើរទៅមុខ និងរីកចម្រើនទៅមុខ។

សម្រាប់ថ្ងៃនេះដែរ itkhmerangkor.net នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពី financial hacks ទាំង ១០ សម្រាប់សហគ្រិនដែលកំពុងបង្កើតអាជីវកម្មថ្មី ដូចខាងក្រោម៖

  1-ដឹងពីជម្រើសហរិញ្ញប្បទាន៖ ដើម្បីឱ្យអាជីវកម្មថ្មីដើរទៅមុខបានល្អ ភាគច្រើនសហគ្រិនមានតម្រូវការផ្នែកហិរញ្ញវត្ថុផ្សេងៗ ក្នុងទម្រង់ជាការវិនិយោគក្ដី ឬកម្ចីអាជីវកម្មផ្ទាល់។ សម្រាប់ការជ្រើសរើសជម្រើសណាមួយ សហគ្រិនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់ពីជម្រើសទាំងអស់។ឧទាហរណ៍ ការយកកម្ចីដើម្បីធ្វើអាជីវកម្មពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, អ្នកទាំងអស់គ្នាត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទកម្ចី, រយៈពេលខ្ចី, របៀបនៃការសងត្រឡប់ និងជាពិសេសគឺការប្រាក់។

    2-ត្រូវគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ៖ បញ្ហាលំហូរសាច់ប្រាក់គឺពិតជាមានសារៈសំខាន់ សម្រាប់អាជីវកម្មទូទៅ ហើយជាពិសេសសម្រាប់អាជីវកម្មថ្មីផ្ទាល់។ សហគ្រិនត្រូវដឹងថាសាច់ប្រាក់របស់អាជីវកម្មខ្លួនបានហូរចូល និងចេញទៅណាខ្លះ។ ធ្វើដូចនេះ អ្នកទាំងអស់គ្នាអាចដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុខ្លួន និងបង្ការពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។

   3-មានបញ្ជីចំណូល-ចំណាយត្រឹមត្រូវ៖ បើទោះបីជាអាជីវកម្មថ្មីក៏ដោយ, អ្នកទាំងអស់គ្នាត្រូវតាមដានរាល់ចំណាយរបស់ខ្លួនឱ្យបានច្បាស់លាស់។ គួរចាប់ផ្ដើមពីបញ្ជីសាមញ្ញពីតូចឱ្យហើយ ព្រោះពេលដែលអាជីវកម្មកាន់តែធំ, បញ្ជីនោះកាន់តែស្មុគស្មាញ ហើយអ្នកទាំងអស់គ្នានឹងស្ត្រេសជាមួយបញ្ហានេះផ្ទាល់ ដូចជាការរៀបចំបង់ពន្ធដារជាដើម។

   4-កាត់បន្ថយចំណាយថេរ (fixed expense)៖ ពេលចាប់ផ្ដើមអាជីវកម្មដំបូង អ្នកទាំងអស់គ្នាត្រូវរក្សាចំណាយឱ្យទាបបំផុត ដូចនេះការកាត់បន្ថយចំណាយថេរគឺមានសារៈសំខាន់ ពោលដូចជាការចំណាយលើការជួលការិយាល័យធំ ដែលថ្លៃជាដើម។

   5- បែងចែកចំណាយឱ្យច្បាស់ពីអាជីវកម្ម និងផ្ទាល់ខ្លួន៖ បើទោះបីជាពេលខ្លះ សហគ្រិនប្រើប្រាស់លុយផ្ទាល់ខ្លួនដើម្បីទ្រទ្រង់អាជីវកម្មក្ដី អ្នកទាំងអស់គ្នាគួរធ្វើការបែងចែកគណនីឱ្យច្បាស់។ ធ្វើដូចនេះ អ្នកទាំងអស់គ្នាអាចតាមដានចំណាយរបស់ខ្លួនបានច្បាស់លាស់ និងជៀសវាងពីការឈឺក្បាលពេលចាយច្រឡំគ្នា។

   6-គណនាចំណុច break-even៖ មុននឹងចាប់ផ្ដើមអាជីវកម្ម អ្នកទាំងអស់គ្នាត្រូវគណនាចំណុច break-even ដែលជាចំណុចដែលអាជីវកម្មរបស់អ្នកចាប់ផ្ដើមរកបានប្រាក់ចំណេញ ពោលគឺឈប់ខាត។ ការដឹងពីចំណុចនេះ អាចឱ្យអ្នកទាំងអស់គ្នាមានគោលដៅច្បាស់លាស់ និងអាចធ្វើការសម្រេចជាយុទ្ធសាស្ត្រដើម្បីឱ្យអាជីវកម្មអ្នករីកចម្រើនទៅមុខ។

   7-ប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព៖ ពេលវេលាគឺជាមាសប្រាក់ ហើយពេលវេលាកាន់តែសំខាន់នៅពេលដែលអ្នកកំពុងរៀបចំកសាងអាជីវកម្មថ្មី។ ដូចនេះ អ្នកទាំងអស់គ្នាត្រូវរៀបចំកាលវិភាគខ្លួនឯងឱ្យបានល្អ ថាពេលណាត្រូវធ្វើសកម្មភាពអ្វីខ្លះ, ជួបនរណាខ្លះ ដែលមានសារៈប្រយោជន៍ដល់អាជីវកម្មរបស់អ្នកទាំងអស់គ្នា។

8-ផ្ដោតលើការទាក់ទាញអតិថិជន៖ គោលដៅធំបំផុតដើម្បីឱ្យអាជីវកម្មរីកចម្រើន គឺមានអតិថិជនច្រើន។ ដូចនេះ អ្នកទាំងអស់គ្នាគួរស្វែងរកវិធីសាស្ត្រណាដែលអាចទាក់ទាញអតិថិជនកាន់តែច្រើន ហើយបើចំណាយថវិកាតិចទៀត គឺកាន់តែប្រសើរ។

9-មានទីប្រឹក្សា៖ ជាធម្មតា មនុស្សយើងមិនអាចចេះគ្រប់មុខទេ ហើយសម្រាប់ការបង្កើតអាជីវកម្មថ្មីនេះផ្ទាល់, អ្នកទាំងអស់គ្នាត្រូវការទីប្រឹក្សាដែលមានជំនាញ និងបទពិសោធន៍ដើម្បីឱ្យអាជីវកម្មនេះដើរទៅមុខប្រកបដោយចីរភាព។

10-កុំភ្លេចឱ្យប្រាក់ខែខ្លួនឯងជាសហគ្រិន៖ ធ្វើការច្រើនសម្រាប់អាជីវកម្មខ្លួនជាចំណុចល្អ តែយ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នាកុំភ្លេចឱ្យប្រាក់ខែខ្លួនឯងផង ទើបមានកម្លាំងចិត្តកាន់តែខ្លាំងដើម្បីដើរទៅមុខ។

*** ក្បួនសន្សំលុយ

តើរាល់ថ្ងៃ អ្នកមានតាមដានចំណាយប្រចាំខែរបស់អ្នកដែរឬទេ? តើពេលខ្លះអ្នកមានអារម្មណ៍ថា មិនភាពម្ចាស់ការទៅលើចំណាយរបស់ខ្លួនដែរឬទេ? ប្រសិនបើចម្លើយគឺ Yes, អ្នកមកត្រូវកន្លែងហើយ។ ថ្ងៃនេះ itkhmerangkor.net នឹងប្រាប់ពីវិធីសាស្ត្រល្អមួយ ដើម្បីជួយដោះស្រាយបញ្ហារបស់អ្នក!

ដំណោះស្រាយនោះគឺ ក្បួនចំណាយ តាមវិធី Zero-Based Budgeting ។

  អ្វីទៅជា Zero-Based Budgeting?

Zero-Based Budgeting គឺជាវិធីនៃការរៀបចំផែនការចំណាយ (budget plan) ដែលចំណូលដកចំណាយត្រូវស្មើនឹងសូន្យ។ ទេ ទេ, កុំច្រលំថា ក្លឹបសិក្សា កំពុងប្រាប់ឱ្យអ្នកទៅទិញអីវ៉ាន៉ shopping រហូតដល់កុងធនាគាររបស់អ្នកធ្លាក់ដល់សូន្យឱ្យសោះណា! គោលដៅនៅទីនេះគឺ អ្នកត្រូវបែងចែកមុខងារទៅឱ្យ រាល់លុយមួយកាក់មួយសេន ដែលអ្នកខំរកបាន។ វាមានន័យថាអ្នកត្រូវបែងចែកចំណូលសរុប ឱ្យស្មើទៅនឹងខ្ទង់ចំណាយផ្សេងៗ ដែលមានដូចជា ចំណាយចាំបាច់, ប្រាក់សន្សំ, វិនិយោគ, ការបរិច្ចាគ និងការទូទាត់បំណុលជាដើម។

      អ្នកដឹងទេថា ការរៀបចំផែនការចំណាយ គឺជាមធ្យោបាយលឿនបំផុត ដើម្បីធ្វើឱ្យគោលដៅហិរញ្ញវត្ថុរបស់អ្នកក្លាយជាការពិត? ព្យាយាមដោះបំណុល? អ្នកត្រូវការផែនការចំណាយ។ សន្សំប្រាក់សម្រាប់ទិញផ្ទះ? អ្នកត្រូវការផែនការចំណាយ។ ចង់ទុកលុយចូលនិវត្តន៍មែនទេ? អ្នកត្រូវការផែនការចំណាយ។ ក្លាយជាសេដ្ឋី មានប្រាក់លានដុល្លាររួចទៅហើយ? អ្នកនៅតែត្រូវការផែនការចំណាយ។

    ធ្វើដូចម្តេច ទើបអាចចាប់ផ្តើមក្បួនចំណាយតាម Zero-based budgeting បាន?

1- កត់ត្រាប្រាក់ចំណូលប្រចាំខែ ។

អ្នកអាចធ្វើតាមវិធីចាស់ដោយកត់ត្រាលើក្រដាស និង Excel ឬអ្នកអាចប្រើកម្មវិធី budgeting app ដែលឥតគិតថ្លៃ ដូចជា every dollar, money lover, goodbudget ជាដើម។ (admin ផ្ទាល់ប្រើ money lover)

2- ធ្វើបញ្ជីចំណាយប្រចាំខែ ។

     មុនពេលខែថ្មីចាប់ផ្តើម អ្នកត្រូវចាប់ផ្តើមរៀបចំបែងចែករាល់ការចំណាយរបស់អ្នក។ ខ្ទង់ចំណាយចាំបាច់ ដូចជាការបង់ថ្លៃផ្ទះ ហូបចុក ថ្លៃទូរស័ព្ទ និងការធ្វើដំណើរ ត្រូវតែបញ្ចូលទៅក្នុងបញ្ជីមុនគេ។ ក្លឹបសិក្សា ក៏ធ្លាប់ណែនាំតាមច្បាប់ ៥០/៣០/២០ ។ ជាមួយនឹងវិធីសាស្រ្តនេះ អ្នកគួរបែងចែក ៥០% នៃចំណូលទៅលើការចំណាយចាំបាច់, ៣០% ទៅលើចំណាយលើការចង់បាន និងចំណាយផ្សេងៗ និង ២០% ទៀត ទៅលើការសងបំណុល, ការវិនិយោគនិងការសន្សំ។ ប៉ុន្តែបើអាចសន្សំបានខ្ពស់ជាងនេះក៏កាន់តែប្រសើរ។ គ្រាន់តែផ្តោតលើមួយខែម្តង, មិនយូរទេអ្នកនឹងរកឃើញកន្លែងដែលអ្នកអាចកាត់បន្ថយចំណាយ (ឧទាហរណ៏ ដូចជាចាប់ផ្តើមឆុងកាហ្វេនៅផ្ទះជំនួសការទិញប្រេនៗ) និងកន្លែងដែលអ្នកចង់បង្កើនការបែងចែកបន្ថែមទៀត។

3- គិតគូរ និងកត់ត្រាចំណាយតាមរដូវកាល ។

គិតពីចំណាយធំៗក្នុងមួយឆ្នាំប្រតិទិន។ តើអ្នកនឹងមានចំណាយអ្វី ដែលតម្រូវឱ្យអ្នកចាប់ផ្តើមរៀបចំផែនការ និងសន្សំពីឥឡូវនេះទៅ? ឧទាហរណ៍ ប្រសិនបើអ្នកដឹងថាអ្នកចង់ចំណាយប្រាក់ ៦០០ ដុល្លារសម្រាប់ដើរលេងពេលបុណ្យអុំទូក, អ្នករាប់មើលថានៅសល់ប៉ុន្មានខែទៀតទើបដល់បុណ្យអុំទូក - នោះអ្នកប្រាកដជាឃើញថា មួយខែសន្សំប៉ុន្មានទើបគ្រប់។

4-ដកប្រាក់ចំណូលរបស់អ្នកពីការចំណាយរបស់អ្នកឱ្យស្មើសូន្យ។

យើងចង់ឱ្យសមតុល្យចំណាយ និងចំណូលស្មើសូន្យ។ ប្រសិនបើអ្នកបំពេញបញ្ជីចំណាយហើយនៅសល់ ១០០ ដុល្លារមិនដឹងដាក់កន្លែងណា, នេះមានន័យថាអ្នករៀបចំចំណាយមិនទាន់ហើយនៅឡើយទេ! អ្នកត្រូវដាក់ ១០០ដុល្លារនោះទៅខ្ទង់ណាមួយ ដែលអាចជាសន្សំ ឬវិនិយោគ។ វាអាស្រ័យលើអ្នកទាំងស្រុង។ ដោយឡែក ប្រសិនបើអ្នកចាយច្រើនជាងអ្វីដែលអ្នករកបានវិញ អ្នកត្រូវកាត់ចំណាយរបស់អ្នក រហូតដល់ពេលចំណាយដកចំណូលទៅឃើញសូន្យ។

5-តាមដានការចំណាយរបស់អ្នកពេញមួយខែ។

អ្វីដែលត្រូវធ្វើចុងក្រោយគេ គឺតាមដានការចំណាយរបស់អ្នកពេញមួយខែ ដើម្បីដឹងថាតើការចំណាយរបស់អ្នកត្រូវនឹងផែនការរបស់អ្នកដែរឬទេ។

Zero-based Budgeting នឹងជួយឱ្យអ្នកដឹងថាតើ លុយរបស់អ្នកហូរចូល និងចេញប៉ុន្មាន។ វាអាចជួយអ្នកកុំឱ្យចាយលើសអ្វីដែលអ្នកមិនមាន។ ឥឡូវអ្នកបានដឹងអំពី Zero-based Budgeting ហើយ, តើអ្នកនឹងសាកល្បងទេ?

***ដើម្បីទទួលបានចំណេះដឹងលើផ្នែកនេះ លោកអ្នកត្រូវ Register and Login ចូលក្នុងគេហទំព័ររបស់ក្រុមយើងខ្ញុំ ។ដើម្បីឳ្យលោកអ្នកអាច Register ទៅបាន លុះត្រាតែលោកអ្នកមានលេខកូដសម្ងាត់ 6 ខ្ទង់ពីយើងខ្ញុំ ដូច្នេះ ដើម្បីទទួលបានលេខកូដនេះលោកអ្នកទំនាក់ទំនងតាមរយៈតំណភ្ជាប់នេះ facebook pages Send Messageវិទ្យាសាស្ត្រ និងការអភិវឌ្ឍសង្គម

  សូមអរគុណសម្រាប់ការគាំទ្រដល់គេហទំព័រយើងខ្ញុំ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World