វិទ្យាសាស្ត្រ
កែវយឺតអវកាស James Webb ទទួលការវេចខ្ចប់យ៉ាងពិសេស និងត្រូវពិនិត្យបន្ថែម មុនធ្វើការបាញ់បង្ហោះនៅឆ្នាំ២០២១(អាមេរិក)៖ ដោយត្រូវចល័តទៅកាន់ទីតាំងផ្សេងដើម្បីធ្វើតេស្តជាបន្តទៀតនោះ កែវយឺតអវកាស James Webb របស់អង្គការ NASA ត្រូវបានអ្នកវិទ្យាសាស្រ្តផ្តល់ការវេចខ្ចប់យ៉ាងពិសេសម៉្យាង ដើម្បីធានាការពារឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ rdmag.com នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។ គ្រប់ផ្កាយរណប និងប្រព័ន្ធអង្កេតមើលទីអវកាស សុទ្ធតែត្រូវបង្កើតឡើងក្នុងបន្ទប់ពិសេសដែលគេហៅថា Cleanroom។ ក្នុងបន្ទប់ Cleanroom ទាំងនោះ ត្រូវបានសម្អាតចេញនូវរាល់វត្ថុធាតុដែលបំពុលផ្សេងៗ ពីព្រោះថាសូម្បីតែកម្ទេចធូលីដ៏តូចមួយ ឬក៏ស្នាមក្រយៅដៃ អាចធ្វើឲ្យឧបករណ៍ងាយរងការប៉ះពាល់ទាំងអស់នោះ ខូចបានយ៉ាងងាយដែរ។ ដូច្នេះហើយដើម្បីផ្លាស់ទីឧបករណ៍ទាំងនោះ ពីកន្លែងមួយទៅមួយ ពួកវាត្រូវក្រោមការវេចខ្ចប់ដែលគេហៅថា Mobile Cleanroom។ គួរជម្រាបថា នៅពេលកែវយឺតអវកាស James Webb ត្រូវបាញ់បញ្ជូនឡើងទីអវកាសកាលពីឆ្នាំ២០២១ វាត្រូវគេរំពឹងថានឹងជួយអ្នកវិទ្យាសាស្រ្តបកស្រាយអាថ៌កំបាំងសំខាន់ៗនៃចក្រវាឡ រួមជាមួយការបង្កើតរបកគំហើញរាប់មិនអស់។ កែវយឺតនេះត្រូវបានគេគ្រោងបាញ់បង្ហោះតាំងតែពីឆ្នាំ២០១៥ តែក្រោយមកត្រូវបានពន្យារពេលមកឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩ និងចុងក្រោយគឺនៅឆ្នាំ២០២១ ខាងមុខនេះតែម្តង។ បញ្ហាចម្បងដែលបានធ្វើឲ្យអង្គការ NASA ពន្យារពេលម្តងហើយម្តងទៀតនោះ គឺដោយសារវាមានទំហំធំធេងពេក (បើលាតត្រដាងខ្លួនអស់ គឺប៉ុនទីលានវាយតេនីសតូចមួយ) ដែលពិបាកក្នុងវេចខ្ចប់ដាក់ក្នុងរ៉ុក្កែត ដើម្បីបាញ់បង្ហោះទៅកាន់ទីអវកាសណាស់ ហើយមួយវិញទៀត ប្រព័ន្ធដំណើរការនៅលើវាក៏ហាក់មិនទាន់រលូន ទៅតាមគំរោងនោះដែរ ទើបក្រុមជំនាញផលិត និងគ្រប់គ្រងកម្មវិធី James Webb ត្រូវការពេលបន្ថែមទៀត៕ |
ចិនជំទាស់ដាច់ខាតចំពោះអាមេរិក ជុំវិញផែនការបង្កើតទ័ពអវកាស និងសព្វាវុធអវកាស!(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលចិន បានសម្ដែងការប្រឆាំងជំទាស់យ៉ាងខ្លាំង នឹងការអភិវឌ្ឍសព្វាវុធអវកាស ដោយរិះគន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចេញបញ្ជាឱ្យបង្កើតទីបញ្ជាការថ្មីមួយ ដើម្បីគ្រប់គ្រងប្រតិបត្តិការយោធាអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានលើកឡើងយ៉ាងដូច្នេះថា «ចិនស្នើឱ្យមានការប្រើប្រាស់ទីអវកាសប្រកបដោយសន្តិភាព ហើយប្រឆាំងជំទាស់ជាដាច់ខាតចំពោះគំរោងការអភវិឌ្ឍ និងបំពាក់អាវុធអវកាស និងការរត់ប្រណាំងប្រឆាំងផ្នែកសព្វាវុធអវកាស… ព្រោះវាអាចនឹងប្រែក្លាយទីអវកាសទៅជាការសមរភូមិប្រយុទ្ធថ្មីមួយ»។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងការបរទេសចិន បានកើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបញ្ជាឱ្យបង្កើតទីបញ្ជាការអវកាសថ្មីមួយ ដើម្បីឱ្យមន្ទីរបញ្ចកោណងាយស្រួល ក្នុងការគ្រប់គ្រងប្រតិបត្តិការយោធាទីអវកាស។ ប៉ុន្តែទីបញ្ជាការថ្មីនេះមិនទាន់ត្រូវបានបញ្ជាក់ ពីទីតាំងយកធ្វើជាទីស្នាក់ការឡើយ ខណៈមានសេចក្ដីរាយការណ៍ខ្លះថា ទីបញ្ជាការកងទ័ពអវកាសអាចនឹងលក្ខណៈប្រហាក់ប្រហែល ដូចជាទីបញ្ជាការកងទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា និងទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកនៅអាស៊ី៕ |
អ្នកធ្លាប់ហោះជុំវិញព្រះច័ន្ទ៖ «ការនាំមនុស្សទៅភពព្រះអង្គារ គឺជារឿងដ៏គួរឲ្យអស់សំណើច…»(វ៉ាស៊ីនតោន)៖ អវកាសយានិកដំបូងគេម្នាក់ ដែលបានទៅគោចរជុំវិញឋានព្រះច័ន្ទ បានលើកឡើងថា ការបញ្ជូនមនុស្សទៅកាន់ភពអង្គារ គឺស្ទើរតែជារឿងគួរឲ្យអស់សំណើច និងពុំទំនងមួយទាល់តែសោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។ អតីតអវកាសយានិកនៃទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Anders អាយុ ៨៥ឆ្នាំ គឺជាអ្នកបញ្ជាយានអវកាសនៃបេសកកម្ម Apollo 8 ដែលជាការធ្វើដំណើរដំបូងគេដោយក្រុមអវកាសយានិកក្នុងការចាកចេញពីផែនដី ដើម្បីឆ្ពោះទៅកាន់គន្លងគោចរជុំវិញព្រះច័ន្ទកាលពីខែធ្នូ ឆ្នាំ១៩៦៨។ បេសកកម្មនេះមានសារសំខាន់ជាខ្លាំង ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការចុះចតនៅលើឋានព្រះច័ន្ទ នៃបេសកកម្ម Apollo 11 នៅរយៈពេល ០៧ខែក្រោយ។ ដោយឡែកមិត្តរួមការងាររបស់លោក គឺ លោក Frank Borman ដែលជាប្រធានក្រុមបេសកកម្ម Apollo 8 បានបង្ហាញការជឿជាក់ដែលមានសុទិដ្ឋិនិយមជាងរូបលោក។ លោក Borman បាននិយាយថា យើងទាំងអស់គ្នាត្រូវធ្វើការរុករកឲ្យកាន់តែសកម្ម នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយលោកគិតថា មនុស្សគឺត្រូវតែជាផ្នែកមួយនៅក្នុងគោលដៅនេះ។ គួរជម្រាបថា ការអត្ថាធិប្បាយខាងលើរបស់អតីតអវកាសយានិកទាំងពីរនាក់ ត្រូវបានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយវិទ្យុ BBC Radio 5 Live ក្នុងឱកាសខួប៥០ឆ្នាំនៃដំណើរបេសកកម្មជាប្រវត្តិសាស្រ្តរបស់អ្នកទាំងពីរ។ រហូតមកទល់ពេលនេះ មានតែយានរ៉ូបូតប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅកាន់ភពអង្គារដោយអង្គការ NASA ខណៈក្រុមហ៊ុនក្មេងខ្ចីគឺ SpaceX គ្រោងនាំមនុស្សទៅនៅឆ្នាំ២០២៤ រីឯងអង្គការ NASA បានពន្យារពេលដល់ឆ្នាំ២០៤០៕ |
ទីបំផុតរូបភាពភពព្រហស្បតិ៍ និងចំណុចក្រហមដ៏ធំអស្ចារ្យ ត្រូវបានកែវយឺត Hubble ថតដោយលម្អិត មិនធ្លាប់មាន!(អាមេរិក)៖ ភពព្រហស្បតិ៍ (Jupiter) ត្រូវបានផ្តិតយកដោយភាពលម្អិតពុំធ្លាប់មានពីមុនមកនោះឡើយ នៅក្នុងរូបភាពថ្មីមូយដែលទើបតែត្រូវបានបង្ហាញជាសាធារណៈ ដោយទីភ្នាក់ងារអវកាសអាមេរិក NASA។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Independent នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។ រូបភាពខាងលើដែលត្រូវបានថតយកដោយកែវយឺតអវកាស Hubble បង្ហាញពីភពឧស្ម័នយក្សនេះ នៅក្នុងទីតាំងគោចរផ្ទុយពីព្រះអាទិត្យ និងផែនដី។ នៅខណៈពេលដែលរូបថតនេះត្រូវបានផ្តិតយក ភព ឬផ្កាយទាំងបីនេះស្ថិតលើខ្សែបន្ទាត់តែមួយ ដោយភពរបស់យើងនៅចន្លោះព្រះអាទិត្យ និងភពព្រហស្បតិ៍។ អ្វីដែលពិសេសនោះ គឺនៅចំណុចនេះបរិយាកាសពោរពេញដោយពណ៌ចម្រុះល្អឥតខ្ចោះរបស់ភពព្រហស្បតិ៍ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពេញលេញ ដោយសារតែវាមានរយៈចម្ងាយដ៏កៀកបំផុតនឹងភពផែនដី ពោលគឺប្រមាណជា៦៦៨លានគីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ ភពព្រហស្បតិ៍គឺជាភពដ៏ធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនិងទំហំធំជាងដល់ទៅពីរដងកន្លះ បើធៀបនឹងការរួមបញ្ចូលគ្នានៅទំហំនៃភពទាំងអស់។ លក្ខណៈដ៏ពិសេសដាច់គេនៅក្នុងរូបភាពថ្មីដែលទើបតែថតយកបាននេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា «ចំណុចក្រហមដ៏អស្ចារ្យ (Great Red Spot)» ជាព្យុះដែលវិលបញ្ច្រាស់ទ្រនិចនាឡិការ ឬមួយក៏តំបន់នៃសម្ពាធដ៏ខ្លាំងក្លា ដែលត្រូវបានតាមក្រុមអ្នកវិទ្យាសាស្រ្តអស់រយៈពេលយ៉ាងតិច១៥០ឆ្នាំ។ |
ដូចជាមិនយូរទេ! «នៅឆ្នាំ២០២០ អង្គការ NASA នឹងបញ្ជូនយានមួយ ទៅចុះចតលើព្រះច័ន្ទទឹកកកនៃភពព្រហស្បតិ៍!»(អាមេរិក)៖ ទីភ្នាក់ងារអវកាសណាសា (NASA) យល់ថា សិរីរាង្គមានជីវិតក្រៅភពប្រហែលជាកំពុងលាក់ខ្លួននៅលើព្រះច័ន្ទដ៏សែនត្រជាក់ដូចទឹកកក យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ ហើយ NASA កំពុងរៀបចំគំរោងបញ្ជូនយានអវកាសមួយគ្រឿងដើម្បីឲ្យទៅស្វែងរកពួកវា នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន World Net Daily នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។ នាពេលថ្មីៗកន្លងទៅនេះអង្គការ NASA បានធ្វើប្រកាសសេចក្តីប្រកាសអំពីគោលដៅសំខាន់ៗចំនួនបី សម្រាប់បេសកកម្មរុករកថ្មីខិតជិតចូលមកដល់របស់ខ្លួននៅលើព្រះច័ន្ទយូរ៉ូប៉ារួមមាន ការវាយតម្លៃទៅលើលទ្ធភាពដែលអាចទ្រទ្រង់ភាវៈជីវិតរបស់យូរ៉ូប៉ា តាមរយៈការវិភាគផ្ទាល់លើរូបធាតុផ្សេងៗនៃផ្ទៃរបស់ព្រះច័ន្ទទឹកកកមួយនេះ និងដើម្បីកំណត់បុគ្គលិកលក្ខណៈនៃផ្ទៃខាងលើ និងផ្ទៃស្រទាប់ខាងក្រោមផ្សេងទៀតរបស់វា ក្នុងគោលបំណងផ្តល់ការគាំទ្រដល់បេសកកម្មរុករកដោយប្រើប្រាស់គ្រឿងយន្តនាពេលអនាគតនៅលើព្រះច័ន្ទយូរ៉ូប៉ារួមទាំងមហាសមុទ្ររបស់វា។ ប៉ុន្តែសម្រាប់គោលដៅចម្បងរបស់បេសកម្មថ្មីនេះវិញនោះ គឺទៅស្វែងរុករកភស្តុតាងនៃភាវៈមានជីវិតនៅលើព្រះច័ន្ទយូរ៉ួប៉ា។ គួរបញ្ជាក់ថាយោងតាមទីភ្នាក់ងារអវកាស NASA ព្រះច័ន្ទយូរ៉ូប៉ា ស្ថិតក្នុងចំណោមគោលដៅចម្បងៗនៃការស្វែងរកជីវិតក្រៅភពនាពេលបច្ចុប្បន្នក្រៅពីភពផែនដី នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ជាទីតាំងមួយដែលមានទឹក ដូច្នេះការបង្ហាញវត្តមាននៃភាវៈមានជីវិតក្នុងទម្រង់ណាមួយនោះ ប្រាកដជាបង្កការភ្ញាក់ផ្អើលមិនតិចនោះឡើយសម្រាប់មនុស្សនៅថ្ងៃអនាគត៕ |
រកឃើញហើយ! ភស្តុតាំងថ្មីបង្ហាញថា ព្រះច័ន្ទ Enceldaus មានមហាសមុទ្រផ្ទុកទៅដោយអ៊ីដ្រូសែន ដែលអាចឲ្យជីវិតកកើតបាន!(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានរកឃើញភស្តុតាងគួរឲ្យចាប់អារម្មណ៍ថ្មីមួយ ដែលបង្ហាញថា Enceladus ដែលជាព្រះច័ន្ទពោរពេញដោយផ្ទាំងទឹកកករបស់ភពសៅរ៍ (Saturn) មានផ្ទុកសារធាតុគីមីដ៏សាកសមត្រឹមត្រូវ សម្រាប់ទ្រទ្រង់ជីវិតបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Vox នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។ កាលពីសប្តាហ៍មុននេះ ទីភ្នាក់ងារអវកាសអាមេរិក ទើបតែបានធ្វើការប្រកាសអំពីរបកគំហើញថ្មីៗមួយចំនួន ស្តីអំពី «មហាសមុទ្រនៅកន្លែងផ្សេងពីភពផែនដី»។ នៅក្នុងចំណោមនោះអង្គការ NASA បានរកឃើញភស្តុតាងដ៏គួរឲ្យទាក់ទាញអារម្មណ៍ជាងគេថា មហាសមុទ្រកំពុងសំងំលាក់ខ្លួននៅក្រោមផ្ទាំងទឹកកកនៃព្រះច័ន្ទដ៏ធំទី០៦ របស់ភពសៅរ៍គឺ Enceladus អាចជាជម្រករបស់ភាវៈមានជីវិត។ រំលឹកកាលពីប៉ុន្មានឆ្នាំមុន យានអវកាស Cassini បានធ្វើការអង្កេតយ៉ាងដិតដល់ ទៅលើកំសួលទឹកមានផ្ទុកសារធាតុគីមីសរីរាង្គ ដែលផុសចេញនៅលើព្រះច័ន្ទ Enceladus ហើយការរកឃើញថ្មីនេះ បានបន្ថែមសមាសធាតុផ្សំដ៏សំខាន់មួយ សម្រាប់អនុញ្ញាតឲ្យជីវិតអាចកកើតបាននោះគឺ «ឧស្ម័នអ៊ីដ្រូសែន»។ វត្តមានរបស់អ៊ីដ្រូសែននៅក្នុងកំសួលទឹកទាំងនោះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារអវកាស NASA សង្ស័យថា មានអាងទឹកក្តៅផុសពីក្នុងផ្ទៃព្រះច័ន្ទ នៅឯក្រោមបាតមហាសមុទ្ររបស់ព្រះច័ន្ទ Enceladus ហើយដូចទៅនឹងមហាសមុទ្រនៅលើភពផែនដីយើងដែរ។ ទឹកក្តៅផុសទាំងនោះអាចជាជម្រករបស់មីក្រូសារពាង្គកាយ ដែលប្រើប្រាស់ថាមពលគីមីនៃឧស្ម័នអ៊ីដ្រូសែន និងកាបូនឌីអុកស៊ីត ដើម្បីផលិតចេញជាមេតាន និងថាមពលផ្សេងៗសម្រាប់ទ្រទ្រង់ជីវិត។ គួរបញ្ជាក់ដែរថា យានអវកាស Cassini ដែលបានរកឃើញភស្តុតាង បង្ហាញពីមហាសមុទ្រក្រោមផ្ទាំងទឹកកកនៅលើព្រះច័ន្ទ Enceladus កំពុងតែស្ថិតក្នុងឆ្នាំទី២០ នៃប្រតិបត្តិការស្រាវជ្រាវទីអវកាសរបស់ខ្លួន នៅជុំវិញភពសៅរ៍រួមទាំងព្រះច័ន្ទនានា ហើយនៅពេលឈានដល់ខែកញ្ញាខាងមុខយានចំណាស់២០ឆ្នាំនេះ នឹងត្រូវទម្លាក់ខ្លួនទៅបុកនឹងផ្ទៃនៃភពសៅរ៍៕ |
តោះបំបាត់ចម្ងល់! ស្វែងយល់ «ពាក្យគន្លឹះៗ និងអត្ថន័យសំខាន់ៗ» នៅក្នុងផ្នែកអវកាស និងវិទ្យាសាស្ត្រ ដើម្បីចំណេះដឹងបន្ថែម!(ភ្នំពេញ)៖ មេរៀនផ្នែកអវកាស និងវិទ្យាសាស្ត្រទាំងឡាយអំពីភពផែនដី ប្រព័ន្ធព្រះអាទិត្យ និងកាឡាក់ស៊ីកំពុងទទួលបានការចាប់អារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែបងប្អូនយើងមួយចំនួនមិនទាន់បានដឹងច្បាស់ពីពាក្យគន្លឹះ និងអត្ថន័យសំខាន់ៗនៅក្នុងវិស័យនេះច្បាស់នៅឡើយ ទើបវាក្លាយជាឧបសគ្គរារាំងក្នុងការស្វែងយល់របស់ប្អូន និងបងៗដែលស្រលាញ់ចំណេះដឹងបែបនេះ។ ហេតុដូច្នេះ សូមស្វែងយល់អំពីអ្វីដែលលោកអ្នកគួរយល់ដឹងបន្ថែមដូចខាងក្រោម៖ ១. ប្រព័ន្ធព្រះអាទិត្យ៖ ជាបណ្តុំនៃផ្កាយ ភព និងព្រះច័ន្ទ។ ឧទាហរណ៍នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងមានព្រះអាទិត្យមួយជាចំណុចកណ្តាល ហើយមានភពធំៗចំនួន០៨គោចរជុំវិញ ក្នុងនោះភពគោចរជារង្វង់ជុំវិញព្រះអាទិត្យដ៏កៀកជាងគេគឺ ភពពុធ ឯភពផែនដីវិញនៅលេខរៀងទី៣។ ប្រព័ន្ធព្រះអាទិត្យស្ថិតនៅក្នុងកាឡាក់ស៊ីមួយ ដែលជាបណ្តុំនៃផ្កាយ និងភពរាប់ពាន់លាន ហើយដែលប្រព័ន្ធព្រះអាទិត្យខ្លះអាចមានព្រះអាទិត្យពីរ ទៅបីផងដែរ ហើយក៏មានផ្កាយខ្លះទៀតមានតែឯងដោយអត់មានភពគោចរជុំវិញថែមទៀត។ ២. ឆ្នាំពន្លឺ៖ ជាចម្ងាយដែលពន្លឺអាចរត់បានក្នុងរយៈពេលមួយឆ្នាំផែនដី។ ក្នុងន័យនេះគឺសំដៅទៅលើការយកពន្លឺមកធ្វើជារង្វាស់ចម្ងាយ ដែលនៅពេលរយៈចម្ងាយដ៏សែនឆ្ងាយពេក គេត្រូវប្តូរទៅប្រើជាឆ្នាំពន្លឺ ជំនួសឲ្យគីឡូម៉ែត្រ ឬម៉ៃល៍។ មួយឆ្នាំពន្លឺមានចម្ងាយស្នើនឹង ៩.៤៦១,០០០,០០០,០០០,០០០ គីឡូម៉ែត្រ។ ៣. ព្រះច័ន្ទ, ភពរណប, និងភពបម្រុង៖ ព្រះច័ន្ទ ឬភពរណបអាចចាត់ចូលក្នុងចង្កោមតែមួយ ព្រោះជាផ្កាយរណបធម្មជាតិ ដែលគោចរជុំវិញភពមេរបស់វា ប៉ុន្តែការប្រើប្រាស់ពាក្យព្រះច័ន្ទគឺត្រូវជាង ហើយព្រះច័ន្ទនីមួយៗក៏មានឈ្មោះរបស់វាដែរ ដូចជាព្រះច័ន្ទផែនដីមានឈ្មោះ Lunar ជាភាសាអង់គ្លេស ឬខ្មែរហៅថាព្រះខែ ឬលោកខែជាដើម។ សម្រាប់ភពបម្រុង គឺជាកូនភព ឬភពតូចមិនគ្រប់លក្ខណៈ ថែមទាំងងាយរងគ្រោះដូចជា ស៊ីរ៉ែស វែស្តា ភ្លុយតូ អ៊ីរីស ហូមៀ អូរគូស និង សាលាស្យាជាដើម។ ៤. បរិយាកាស៖ សំដៅទៅលើឧស្ម័ន ធូលី និងម៉ូលេគុលផ្សេងៗដែលស្រោបនៅជុំវិញផ្ទៃ ភព ព្រះច័ន្ទ ឬផ្កាយមួយ។ ភពមានបរិយាកាសមានន័យថា វាមានខ្យល់ និងឧស្ម័នផ្សេងៗព័ទ្ធជុំវិញដោយចលនាកញ្ជ្រោលពីតិចទៅខ្លាំង ដូចជាភពសុក្រមានពពក និងកំហាប់បរិយាកាសក្រាស់, ភពផែនដីមានបរិយាកាសក្តៅល្មមៗ និងសើបថែមទាំងមានពពកកញ្ជ្រោលពីតិចទៅមធ្យម, ព្រះច័ន្ទទីតានមានបរិយាកាសក្រាស់ និងត្រជាក់ខ្លាំង, ភពពុធអត់មានបរិយាកាសទេ, ព្រះច័ន្ទរបស់យើងអត់មានបរិយាកាសទេ, ភពសុក្រ-សៅរ៍- អ៊ុយរ៉ាណុស-ណិបទូន មានបរិយាកាសតែអត់មានស្រទាប់រឹង (ដី ថ្ម ឬទឹក) សម្រាប់ជាន់ឡើយ។ ៥. រយៈពេលគោចរ៖ ផែនដីវិលជុំវិញខ្លួនឯងមួយជុំស្មើនឹង២៤ម៉ោង (មួយថ្ងៃ) ហើយគោចរជុំវិញព្រះអាទិត្យមួយជុំស្មើនឹង ៣៦៥ថ្ងៃ (មួយឆ្នាំ)។ រយៈពេលគោចរនៃភពទាំងអស់គឺខុសគ្នា ឧទាហរណ៍ភពពុធនៅជិតព្រះអាទិត្យបំផុតប្រើប្រាស់ពេលវេលាគោចរមួយជុំតែជាង ៨៨ថ្ងៃរបស់ផែនដីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភពភ្លុយតូចដែលនៅឆ្ងាយជាងគេ គឺរហូតដល់ជាង ២៦០ឆ្នាំទើបបានមួយជុំព្រះអាទិត្យ។ សម្រាប់ការវិលជុំវិញខ្លួនឯងវិញក៏ខុសគ្នាដែរ ដូចជាភពព្រហស្បតិ៍វិលលឿន គឺមួយថ្ងៃរបស់វាមានតែ ១០ម៉ោងប៉ុណ្ណោះបើធៀបនឹងផែនដី ប៉ុន្តែភពសុក្រវិលយឺតបំផុតគឺមួយថ្ងៃរបស់វាយូរជាងមួយឆ្នាំរបស់វា។សម្រាប់ចំណេះដឹងបន្ថែមទៀត នឹងមានការចេញផ្សាយនាសប្តាហ៍ក្រោយ៕
|
អាចម៍ផ្កាយធំអស្ចារ្យមួយ «៦០០គីឡូម៉ែត្រ» នឹងហោះកៀកផែនដីបំផុតនៅថ្ងៃទី១៩ មេសា ដែលមិនធ្លាប់មាន៤០០ឆ្នាំមកហើយ!(អាមេរិក)៖ អាចម៍ផ្កាយដ៏មហិមាមួយនឹងហោះឆ្លតកាត់ កៀកនឹងភពរបស់យើងនៅក្នុងខែមេសានេះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តបាន និងកំពុងធានាអះអាងដល់មនុស្សលោកថា ដុំថ្មអវកាសដ៏ធំសម្បើមនេះ នឹងមិនមកបុកផែនដី ហើយសម្លាប់អ្នករាល់គ្នានោះឡើយ ប៉ុន្តែវាគឺជាការហោះឆ្លងកាត់ដ៏ជិតមួយ ស្ទើរតែអាចបណ្តាលឲ្យភពដែលជាផ្ទះរបស់យើងបែកខ្ទេចខ្ទីរបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។ អង្គការ NASA បានឲ្យដឹងថាអាចម៍ផ្កាយដ៏ធំមួយ នឹងហោះកាត់ផែនដីនាថ្ងៃទី១៩ ខែមេសាខាងមុខនេះ ប៉ុន្តែវានឹងស្ថិតនៅចម្ងាយប្រហែល ១.៧លានគីឡូម៉ែត្រពីភពរបស់យើងឯណោះ។ ដោយឡែកទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជាក់ដូច្នេះថា ទោះបីជាលទ្ធភាព សម្រាប់អាចម៍ផ្កាយនេះមកប៉ះទង្គិចជាមួយភពរបស់យើង ពុំអាចកើតមានឡើងក៏ដោយនេះគឺជាការធ្វើដំណើរឆ្លងកាត់ដ៏សែនកៀកបំផុត មួយរបស់អាចម៍ផ្កាយដ៏ធំសម្បើមគួរឲ្យខ្លាចបែបនេះ។ គួរបញ្ជាក់ថាអាចម៍ផ្កាយមានឈ្មោះសម្គាល់ថា «2014 JO25» ត្រូវបានរកឃើញជាលើកដំបូងដោយក្រុមតារាវិទូកាលពីឆ្នាំ២០១៣ នៅឯមជ្ឈមណ្ឌលស្ទាបស្ទង់ផ្ទៃមេឃក្នុងរដ្ឋអារីហ្សូណា។ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណថា អាចម៍ផ្កាយនេះមានទំហំជាង៦០០គីឡូម៉ែត្រ រីឯការហោះឆ្លងកាត់របស់វា គឺជាការធ្វើដំណើរដ៏កៀកបំផុត ដែលអាចម៍ផ្កាយធ្លាប់បានមកជិតផែនដី នៅក្នុងរយៈពេលយ៉ាងតិច៤០០ឆ្នាំកន្លងផុតទៅនេះ៕ |
តោះ! ទៅមើលទីតាំងបីលើភពព្រះអង្គារដែល «អង្គការ NASA គ្រោះចុះចតយាននៅឆ្នាំ២០២០»(អវកាស)៖ កាលពីពេលថ្មីៗនេះ ភ្នាក់ងារអវកាស NASA បានជ្រើសរើសទីតាំងដ៏ល្អប្រសើរ ៣កន្លែងដើម្បីចុះចតយាននៅលើភពអង្គារ សម្រាប់បេសកកម្មរុករកភពអង្គាររបស់ Mars rover នា ឆ្នាំ២០២០ ដែលនៅក្នុងនោះរួមមាន បឹងបុរាណ, តំបន់ភ្នំភ្លើងក្តៅ និងតំបន់ជ្រលងក្តៅ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ តាមរយៈសិក្សាស្រាវជ្រាវ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្រុង Monrovia រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការជ្រើសរើស ទីតាំងសំខាន់ៗបីសំរាប់ធ្វើការចុះយាន និងសិក្សាស្រាវជ្រាវលម្អិតបន្ថែមនៅលើភពអង្គារក្នុងចំនោមទីតាំង ៨កន្លែងដែលត្រូវបានជ្រើសរើសកាលពីឆ្នាំ២០១៥។ ជាក់ស្តែងភ្នាក់ងារអវកាសណាសា បានចាប់ផ្តើមធ្វើការច្នៃ និងសាងសង់ផ្នែកចុងក្រោយនៃយានរុករក Mars Rover ២០២០ កាលពីខែកក្កដា ឆ្នាំ២០១៦មកម៉្លេះ ដោយយានថ្មីនេះត្រូវបានចាត់ឲ្យចាប់សញ្ញា និងស្រាវជ្រាវអំពីជីវិតដែលធ្លាប់មាននៅលើភពអង្គារនាសម័យបុរាណ បន្ទាប់ពីវាត្រូវបានចុះចតនៅលើផ្ទៃដី របស់ភពអង្គារជាស្ថាពរនៅខែកុម្ភៈឆ្នាំ២០២១។ គួរបញ្ជាក់ដែរថាបេសកកម្មសិក្សាស្រាវជ្រាវអំពីភពអង្គារនៃយានMars Rover 2020 យ៉ាងហោចណាស់ក៏ត្រូវចំណាយពេលអស់២ឆ្នាំដែរ ដោយយាននឹងត្រូវបានបង្ហោះដោយគ្រាប់រ៉ុកកែត Atlas V ចេញពីស្ថានីយ៍បង្ហោះយាន Cape Canaveral ក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក នាខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕ |
ដឹងអត់? «មនុស្សត្រូវជិះយានអវកាស រយៈពេលជិត០២ឆ្នាំ ទើបអាចទៅដល់ភពព្រះអង្គារ» តើអាចស៊ូទ្រាំបានយ៉ាងម៉េចទៅ?(អវកាស)៖ ការធ្វើដំណើរទៅកាន់ភពអង្គារ គឺជាក្តីស្រមៃរាប់ទសវត្សរ៍សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកតាមប្រមាញ់ព័ត៌មានស្តីពីអវកាស និងវិទ្យាសាស្ត្រ ខណៈដែលការទន្ទឹងរង់ចាំនេះនឹងក្លាយជាការពិត តាមការគ្រោងទុករបស់គំរោងអង្គការ NASA នៅឆ្នាំ២០៣០ ខាងមុខនេះ ក្រោយពីទទួលបានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលអាមេរិកថ្មី។ នេះបើតាមការដកស្រង់ពីវែបសាយ Arstechnica នារសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។ តាមពិតការពន្យាពេលពីមួយទសវត្សរ៍ ទៅមួយទសវត្សរ៍ស្តីពីការគ្រោងនាំមនុស្សទៅស្រាវជ្រាវ និងរស់នៅលើភពអង្គារនោះ ក៏ព្រោះតែបញ្ហាបច្ចេកទេសជាគោល កត្តាធម្មជាតិរបស់មនុស្ស និងកត្តាហិរញ្ញវត្ថុ ក៏សំខាន់ខ្លាំងផងដែរ។ បន្ថែមពីនេះកិច្ចដំណើរការសំខាន់ៗ ដែលត្រូវរៀបចំឲ្យបានសម្រេច ១០០% និងប្រាកដប្រជាខ្ពស់បំផុត គឺជារឿងចាំបាច់ដែលគ្រប់គ្នាត្រូវយល់ដឹងមុននឹងមនុស្សទាំងនោះ អាចជិះយានដែលមានរយៈពេលជិតពីរឆ្នាំ ទៅកាន់ភពអង្គារបាន។ ១៖ តើត្រូវជ្រើសពេលបង្ហោះយានដូចម្តេច? ចម្ងាយពីភពអគារមកផែនដីនៅពេលគោចរមកកៀកគ្នាបំផុតគឺរង្វង់ ៥០លានគីឡូម៉ែត្រ និងនៅឆ្ងាយបំផុតក្នុងរង្វង់ជាង ៤០០លានគីឡូម៉ែត្រ ដូច្នេះប្រសិនបើត្រូវធ្វើការបាញ់បង្ហោះយានឆ្ពោះទៅភពអង្គារ អង្គការ NASA ត្រូវការគិតគូអំពីគន្លងគោចររបស់ភពអង្គារ ដោយជ្រើសរើសពេលវាជិតដើរមកកៀកនឹងផែនដី នោះទើបអាចចំណេញពេលបំផុត ប៉ុន្តែដោយសារតែយានមានមនុស្សជិះមានទំហំធំជាង រ៉ូបូត Curiosity និង Mars Rover នោះវាមិនអាចប្រើពេល ៧-៨ខែដើម្បីទៅដល់ភពអង្គារបាននោះឡើយ។ ២៖ តើមនុស្សជិះលើយានអាចឆ្កួតទេ? ម្យ៉ាងវិញទៀតអ្វីដែលជាក្តីកង្វល់សម្រាប់អ្នកវិទ្យាសាស្ត្រធំមួយទៀតនោះ គឺការស៊ូទ្រាំរបស់មនុស្សទាំង០៤នាក់នៅក្នុងយានអវកាស ដែលចង្អៀតរយៈពេលរហូតដល់ជិត ០២ឆ្នាំ ថាតើពួកគេអាចតស៊ូបានដោយរបៀបណា។ វេជ្ជបណ្ឌិតដែលតាមដានលើរឿងនេះធ្លាប់បានបង្ហើបថា ខួរក្បាល និងរាងកាយមនុស្ស ពិតជាពិបាកស៊ូទ្រាំក្នុងការនៅហ្នឹងមួយកន្លែង ដោយមិនចល័ត ឬនិយាយស្តី អស់រយៈកាលរាប់ឆ្នាំខ្លាំងណាស់ ហេតុដូច្នេះ NASA កំពុងតែសិក្សាអំពីវិធីដែលអាចរក្សាសតិអារម្មណ៍មនុស្ស ដែលអាចនឹងរងផលប៉ះពាល់ខ្លាំងដោយសារតែការផ្អាកដំណើរការរាប់ខែឆ្នាំ។ ៣៖ ពេលទៅដល់ភពអង្គារ តើអាចត្រឡប់មកវិញទេ? ជារឿងដែលពិបាកនឹងឆ្លើយណាស់សម្រាប់អង្គការ NASA ដោយវាមិនដូចទៅនឹងរឿងហូលីវូដ ដែលចង់ទៅណាទៅហ្នឹងបាន ស្រេចតែអ្នកនិពន្ធសរសេរនោះទេ។ បច្ចេកវិទ្យានៅឆ្នាំ២០៣០ខាងមុខនេះ គ្រាន់តែបញ្ជាក់ពីការបញ្ជូនមនុស្សទៅចុះចត និងរស់នៅស្រាវជ្រាវលើភពអង្គារ ប៉ុន្តែមិនបានបញ្ជាក់ថា ពួកគេអាចត្រឡប់មកវិញ ឬដោយវិធីណានោះឡើយ។ ដូច្នេះបេសកកម្មខាងលើនេះ អ្នកជិះនៅលើយានទាំង០៤នាក់ពិតជាដឹងច្បាស់ថា ពួកគេមិនទទួលបានការធានាសុវត្ថិភាព ឬក៏ជិវិតនោះឡើយ (និយាយរួមវាអាចជាបេសកកម្មដើម្បីអនាគតមនុស្សលោក ដែលពួកគេនឹងក្លាយជានិមិត្តរូបជាប្រវត្តិសាស្ត្រ)៕ |
តើយើង នឹងរស់នៅលើ ភពអង្គារ យ៉ាងដូចម្តេច?NASA៖ លោក Stephen Petranek ជាម្ចាស់ពានរង្វាន់ ផ្នែកអ្នកសារព័ត៌មាន និង ព្យាករណ៍ បច្ចេកវិទ្យា គិតថា មនុស្សនឹងទៅរស់នៅ ភពអង្គារ ក្នុងរយៈពេល ២០ឆ្នាំទៀត។ ទោះបីជា យ៉ាងណាក្តី ក៏មានសំណួរជាច្រើន បាន ចោទសួរលោកថាតើ មនុស្សយើងអាចរស់នៅ លើ ភពអង្គារ បានដោយរបៀបណា? ដែលលោកនឹងធ្វើការ បកស្រាយដូចខាងក្រោមនេះ។ សំណួរៈ តើនឹងមានបច្ចេកវិទ្យាអ្វីដើម្បីឲ្យមនុស្ស អាចទៅរស់នៅលើភពក្រហមបាន? ជាក់ស្តែង ទឹកគឺជាមូលេគុលដ៏សំខាន់បំផុតមួយនៅទីនោះ ដែលវាមិនត្រឹមតែអាចផ្គត់ផ្គង់ ជីវិតមនុស្សប៉ុណ្ណោះទេ ទឹកទាំងនោះក៏អាចធ្វើជាឥន្ធនៈសម្រាប់រ៉ូកែតផងដែរ។ ចំណីអាហារ ជារឿងចាំបាច់ ដែលយើងអាចយកគ្រាប់ពូជ ពីផែនដី និង ធ្វើការដំាដុះលើផ្ទៃភពអង្គារបាន ប៉ុន្តែវាត្រូវការពិសោធន៍ជាមុនសិន។ អវកាសយានិក ពិតជាត្រូវការ អាហារបំរុងជាច្រើន ដែលត្រៀមរួចជាស្រេច ពីផែនដី សម្រាប់ផ្គត់ផ្គង់រយៈពេលច្រើនខែនៅភពអង្គារ មុននឹងការ ដំាដុះ ទទួលបានជោគជ័យ។ បញ្ហាមួយទៀត គឺការរកវិធីទប់ទល់នឹងព្យុះព្រះអាទិត្យ។ ដោយសារតែភពអង្គារ គ្មានដែន ម៉ាញេទិចខ្លាំងក្លា ដូចផែនដី នោះព្យុះព្រះអាទិត្យ នឹងបង្កការគម្រាមកំហែង តាមរយៈការ ជះចេញនូវ សារធាតុ វិទ្យុសកម្មទៅ លើផ្ទៃភពអង្គារទាំងមូល។ បើមិនអាចទប់ស្កាត់បានទេ មនុស្សពិតជាគ្រោះថ្នាក់ណាស់ ក្នុងការធ្វើដំណើរលើ ភពអង្គារ ដោយគ្មានខែលការពារ កម្តៅព្រះអាទិត្យគ្រប់គ្រាន់៕ |
វត្ថុសំខាន់នៃយានរុករកភពអង្គារ InSight នៅតែជាប់គាំង, អង្គការ NASA ត្រៀមប្រើវិធីថ្មីដើម្បីសង្គ្រោះ…(អាមេរិក)៖ ឧបករណ៍សំខាន់បំផុតមួយនៅលើយានរុករក InSight របស់អង្គការ NASA បានខូចគាំងនៅលើដីភពព្រះអង្គារ អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែក្រុមវិស្វករមិនព្រមចុះចាញ់ឡើយ និងបានបង្កើតផែនការថ្មីមួយទៀត ដើម្បីព្យាយាមជួសជុល និងជួយសង្រ្គោះឧបករណ៍ដែលប្រៀបបីដូចជាដៃមួយនេះ ឲ្យមានដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នាថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។ ឧបករណ៍ស្ទង់កម្ដៅលើយាន InSight (self-hammering heat probe) ដែលប្រៀបបីដូចជាដៃ ឬគេស្គាល់ថា «mole» បានខូចគាំងនៅលើទីតាំង រុករកចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ។ ឧបករណ៍មួយនេះពីដំបូងឡើយ ត្រូវបានគេសន្មត់ថា នឹងជីកចូលទៅក្នុងដីភពព្រះអង្គារជម្រៅ ០៥ម៉ែត្រ ប៉ុន្តែវាបានជាប់គាំងនៅជម្រៅទើបតែ ៣៥សង់ទីម៉ែត្រប៉ុណ្ណោះ។ បើតាមការពិតជាក់ស្តែង ចំពោះឧបករណ៍ mole វាបានធ្វើប្រតិបត្តិការជីកចូលទៅក្នុងប្រភេទដី ដែលវាមិនធ្លាប់ស្គាល់ ឬមិនដូចនៅលើផែនដីដែលវាធ្លាប់បានពិសោធន៍។ ការជីកចូលជ្រៅទៅក្នុងផ្ទៃដីភពព្រះអង្គារ មិនធ្លាប់មានពីមុនមកទេ ដូច្នេះវាពិបាកណាស់ក្នុងការសនិ្នដ្ឋានពីកំណ កំណើតដីនៃភពមួយនេះ។ គួរបញ្ជាកើថា អង្គការ NASA និងទីភ្នាក់អវកាសអាល្លឺម៉ង់ ដែលបានរួមគ្នាបង្កើត mole និងឧបករណ៍ Heat Flow ព្រមទាំង Physical Properties Package (HP3) បាននិងកំពុងធ្វើការងាររួមគ្នាចាប់តាំងពីខែមិថុនាមក ស្ដីពីជម្រើសក្នុងការជួសជុល។ បេសកកម្ម InSight គឺជាការចុះចតដោយជោគជ័យលើកទី ៨ របស់អង្គការ NASA នៅលើភពអង្គារ គិតចាប់តាំងពីបេសកកម្ម Viking កាលពីឆ្នាំ១៩៧៦មក និងជាជោគជ័យលើកទីមួយក្នុងអំឡុងពេល ០៧ឆ្នាំកន្លងទៅនេះ៕ |