ខេត្តកណ្តាល

ខេត្តកណ្តាល : មានរមណីយដ្ឋាន ៨កន្លែងគឺ

១.រមណីយដ្ឋានភ្នំអដ្ឋរស្ស : មានចម្ងាយ ៤៥.៥០គ.ម ពីភ្នំពេញ ។

២.រមណីយដ្ឋានវត្តភ្នំធនមន្ត : មានចម្ងាយ ៣៤.៥០គ.ម ពីភ្នំពេញ ។

៣.រមណីយដា្ឋនភ្នំប្រសិទ្ធិ : មានចម្ងាយ ២៤គ.ម ពីភ្នំពេញ ។

៤.រមណីយដ្ឋានស្អាងភ្នំ : មានចម្ងាយ ៣៤គ.ម ពីភ្នំពេញ ។

៥.រមណីយដ្ឋានវត្តទំពែក : មានចម្ងាយ ៣៤គ.ម ពីភ្នំពេញ ។

៦.រមណីយដ្ឋានវត្តអង្គរជ័យ : មានចម្ងាយ ២៩គ.ម ពីភ្នំពេញ ។

៧.រមណីយដ្ឋានវត្តកៀនស្វាយ : មានចម្ងាយ ១៩គ.ម ពីភ្នំពេញ ។

៨.រមណីយដ្ឋានកោះដាច់ : មានចម្ងាយ ១៤គ.ម ពីតាខ្មៅ ។

  ខេត្តកណ្តាលឋិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញនោះឡើយ ។ ធ្វើដំណើរប្រមាណជា ២០នាទី ប៉ុណ្ណោះលើកំណាត់ផ្លូវប្រមាណ ១២គ.ម ពីភ្នំពេញឆ្ពោះទៅទិសខាងត្បូងគេនឹងបានទៅដល់ទីតាំងស្រុកតាខ្មៅទីរួមខេត្តកណ្តាល ។ ទឹកដីដ៏សម្បូរជីជាតិ និងមានប្រភពទឹកខ្វាត់ខ្វែងនេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តអាចប្រកបរបរកសិកម្ម ធ្វើស្រែចំការទទួលបានផលជាទីពេញចិត្តដែលធ្វើឲ្យជីវភាព របស់ពួកគាត់កាន់តែប្រសើរឡើង ។ នៅតាមភូមិស្រុកនីមួយៗ គេសង្គេតឃើញប្រជាពលរដ្ឋមិនដែលទុកដីឲ្យនៅទំនេរនោះទេទោះបីដីស្រែចំការ ឬដីភូមិក្តីពួកគេតែងដាំដំណាំហូបផ្លែដូចជា មៀន សាវម៉ាវ ក្រូច  ចេក ជាដើមដើម្បីទុកបរិភោគក្នុងគ្រួសារ និងលក់យក កម្រៃដោះស្រាយជីវភាព ក្រៅពីនេះនៅមានដំណាំបន្លែបង្ការដូចជា សណ្តែក សាលាដ៍ ស្ពៃត្រសក់ ននោង ជាដើមផង ។ ផ្លែមៀន ដែលនាំចេញពីខេត្តកណ្តាល ពិតជាមានឈ្មោះល្បីទទួលបានការពេញនិយមពីប្រជាជនទាំងក្នុងខេត្ត និងតំបន់ផ្សេងទៀតដោយមានរស់ជាតិផ្អែមឆ្ងាញ់ព្រមទាំងមានក្លិនក្រអូមទៀតផង ។ ដំណាំចំការរបស់ប្រជាពលរដ្ឋមិនត្រឹមតែផ្តល់ជាភោគផល្លាផ្កាផ្លែ ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ទេសភាពដ៏ត្រកាលនៃចម្ការដំណាំរបស់ប្រជាពលរដ្ឋ ពិតជាបានទាក់ទាញទេសចរឲ្យ ដក់ចិត្តចង់ទស្សនាកំសាន្តមិនចង់ឃ្លាតនោះឡើយ ។

  ១.រមណីយដ្ឋានឧដុង្គ:  ឧដុង្គ ជាខ្សែភ្នំលាតសន្ធឹងពីជើងទៅត្បូងប្រវែង ១៥០០ម៉ែត ទទឹង ៧០០ម៉ែត ឋិតនៅក្នុង ឃុំ ផ្សារដែក និង ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ។ ទីនេះជាអតីតវាំងចាស់អំឡុងឆ្នាំ ១៦១៨-១៨៦៦ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ។ ភ្នំឧដុង្គនេះផងដែរអ្នកខ្លះគេហៅថាភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្សទៅតាមទម្លាប់របស់ប្រជាជន ។ ខ្សែភ្នំនេះមានកំពូលប្រាំ ដែលមានផ្លូវសម្រាប់ទាក់ទងគ្នាពីកំពូលមួយទៅកាន់កំពូលមួយទៀត មិនតែប៉ុណ្ណោះទៅដល់លើកំពូលភ្នំហាក់កើតមានឡើងនូវអាថ៌កំបាំងអ្វីមួយនៅលើកំពូលភ្នំនីមួយៗ ដែលទាក់ទាញទេសចរឲ្យកាន់តែចង់ទៅដល់ផ្ទាល់គ្រប់កំពូលទាំងប្រាំ ។ នៅលើកំពូលភ្នំនេះផងដែរ ក៏មានចេតិយធំស្កឹមស្កៃជាច្រើន ដូចជាចេតិយព្រះអង្គឌួង ចេតិយព្រះមុនីវង្ស និងអតីតព្រះមហាក្សត្រ មួយចំនួនទៀតព្រមទាំងញាតិវង្សានុវង្ស ។ លើសពីនេះទៅទៀត មានព្រះចេតិយមួយយ៉ាងធំទើបសាងសង់រួចនៅឆ្នំា ២០០២ ជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋអ្នកកាន់ពុទ្ធសាសនា ។ ឈ្មោះថា ព្រះសក្យមុនីចេតិយ ដែលតម្កល់ព្រះសារីឫកធាតុ របស់ព្រះសម្មាសម្ពុទ្ធ ដោយព្រះបាទនរោត្តម សីហនុ និងអគ្គមហេសី នៅឆ្នាំ២០០២ បានដង្ហែពីចេតិយនាទីក្រុងភ្នំពេញមកកាន់ទីនេះ ។ ទេសភាពដ៏ត្រកាល និងលក្ខណៈប្រវត្តិសាស្រ្តនៃទីតំាងនេះបានទាក់ទាញភ្ញៀវទេសចររាប់រយពាន់នាក់ឲ្យចូលទស្សនាទីនេះ ដែលជាផ្នែកមួយជួយបង្កើតមុខរបរ និងសម្រាលជីវភាពប្រជាពលរដ្ឋរស់នៅម្តុំនោះ ។ ពួកគាត់ភាគច្រើនជាអ្នកលក់ដូរម្ហូបអាហារផ្លែឈើ ភោគផលព្រៃឈើ សំភារៈសិប្បកម្ម វត្ថុអនុស្សាវរីយ៍ និងអ្នកនាំភ្ញៀវជាដើម ។

   យោងតាមឯកសារស្តីពី ‍‍« សាវតារវត្តអដ្ឋរស្ស » ដែលអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តមសុខា នារី បារៀបរៀងទុកនិងបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីកម្ពុជសូរិយាលេខ៩ ខែ កញ្ញាឆ្នំា ១៩៥០ ដែលមានខ្លឹមសារដោយ សង្ខេបថា ក្នុងអំឡុងសតវត្សទី១៣ នៃគ្រិស្តសករាជព្រះចៅក្រុងចិន បានចាត់ឲ្យបេសកជនជាច្រើនក្រុមឲ្យចូលមកធ្វើទស្សនកិច្ចនិង សិក្សាដកបទពិសោធន៍អំពីអរិយធម៌នៃប្រទេសជិតខាង ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ ។ ជាក់ស្តែងនៅឆ្នាំ ១២៩៥ ( គិតមកដល់ឆ្នាំ ២០០៩ មានចំនួន ៧១៤ឆ្នាំ )  មានបេសកជនចិនម្នាក់ឈ្មោះ ជីវ តាក្វាន់ បានចូលមកកត់ត្រា ២២ឃីស ។អំពីទំនៀមទម្លាប់ និងវប្បធម៌ អរិយធម៌ ជនជាតិខ្មែរនៅសម័យអង្គរ ។ ចំពោះ បេសកជិនទាំងនោះ ក្រោយពីបានសង្កេតពិនិត្យទាំងជីវភាពរស់នៅទាំងប្រពៃណី និងការគ្រប់គ្រងនៅស្រុកខ្មែររួចសព្វគ្រប់ហើយ ក៏បានវិលត្រឡប់ទៅស្រុកចិនវិញ ហើយបានរាយការណ៍ជូន និងថ្វាយមន្ត្រីនិងស្តេចស្រុកចិនឲ្យបានដឹងច្បាស់អំពីទិដ្ឋភាពសង្គមខ្មែរសម័យនោះគឺបានសេចក្តីថាប្រទេសខ្មែរ ជាប្រទេសថ្កុំថ្កើងរុងរឿងមានឫទ្ធានុភាព តែឥឡូវចុះអាប់ឳនជាកាលពីមុនបន្តិចហើយ អ្នកស្រុកដើរជើងទទេបរិភោគអាហារនឹងដៃ ពុំសូវឃើញមានឧបករណ៍អ្វើប្រើប្រាស់ឲ្យបានងាយស្រួលទេ ប៉ុន្តែមិនយូរប៉ុន្មានទេប្រទេសខ្មែរ មុខជាប្រសព្វនឹងស្តេចថ្កុំថ្កើងរុងរឿងឡើងវិញ លើសដើមអស្ចារ្យ ។ មូលហេតុដែលបេសកជនចិនបានធ្វើរបាយការណ៍ថ្វាយស្តេចចិនយ៉ាងនេះ ព្រោះគេបានសំគាល់ឃើញតាមក្បួនចិនសែដែលទស្សន៍ទាយអំពីចំណុច នៃភ្នំព្រះរាជទ្រព្យ ក្នុងឧដុង្គ គឺគេមើលឃើញទម្រង់ភ្នំដូចសត្វមករ ដែលមានតួខ្លួននៅត្រង់ចេតិយស្ថានត្រៃត្រឹង្ស ក្បាល និង ពុកមាននៅត្រង់ចេតិយទន្ទឹម រីឯកន្ទុយនៅត្រង់ព្រះពុទ្ធប្បដិមា ចូលនិព្វាន ។ នៅលើកំពូលភ្នំមានរូងមួយធំជ្រៅស្រឡូងចុះទៅក្រោមដែលពួកចិនយល់ឃើញថា មិនយូរប៉ុន្មានសត្វមករនឹងកម្រើកចេញតាមរូងនេះ ហើយក្បួនចិនសែថាពេលសត្វមករផុសឡើងកាលណា ប្រទេសខ្មែរនឹងមានអំណាចខ្លាំងក្លា និងថ្កុំថ្កើនរុងរឿងអស្ចារ្យ ពុំមានប្រទេសឯណាអាចនឹងតស៊ូបានឡើយ ។ការព្យាករណ៍របស់ពួកចិនសែនេះ បណ្តាលឲ្យនាម៉ឺនចិន និងស្តេចចិនមិនសប្បាយចិត្តក៏រកមធ្យោយសន្ធប់រូង បិទឲ្យជិតដើម្បីកុំឲ្យសត្វមករផុសឡើងកណ្តាលខ្នងភ្នំនោះ  ។ ពួកចិនគិតបន្តទៀតថាក្រោយពេលសន្ធប់ថ្មពេញរូងរួចដើម្បីកុំឲ្យខ្មែរកាយចេញវិញ មានតែសង់វិហារតម្កល់ព្រះពុទ្ធប្បដិមា ឲ្យធំនៅទីនោះ ព្រះប្រជាជនខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនានិងមិនអាចគាស់រំលីងព្រះពុទ្ធបដិមានោះឡើយ ។ ដូច្នេះការសម្រេចចិត្តព្រមព្រៀងយ៉ាងនេះហើយ ទើបសេ្តចចិនចេញបញ្ជាឲ្យគេសាងសង់ព្រះវិហារ តែគេសាងព្រះពុទ្ធប្បដិមាកម្ពស់១៨ហត្ថ ជាមុនសិនទើបសង់ព្រះវិហារជាក្រោយ ដោយបែមុខទៅទិសខាងជើងតម្រង់ទៅស្រុក ចិន ។ សេចក្តីបញ្ជាក់ចុងក្រោយនៃអត្ថបទឲ្យដឹងថា នាមព្រះវិហារយើងពុំដឹងថាពួកចិន ឲ្យឈ្មោះដូចម្តេចទៅ ?  តែជនជាតិខ្មែរដោយឃើញព្រះពុទ្ធរូបធំអស្ចារ្យមានកម្ពស់១៨ហត្ថ ក៏នាំគ្នាហៅថា « ព្រះវិហារអដ្ឋរស្ស » បើប្រែតាមភាសាបាលីថា ១៨ហត្ថហើយហៅក្លាយមកទៀតថា « ព្រះវិហារអដ្ឋរស្ស » ខ្លះថា « ព្រះវិហារចិត្ត » មតិអ្នកវិភាគជាច្រើនបានសន្និដ្ឋានថា បើតួភ្នំព្រះរាជទ្រព្យទាំងមូលមានរាងជាសត្វមករ ទៅហើយចំាបាច់មានមករ ឯណាផុសចេញពីរូងទៀត ។ គឺមករផុសរួចហើយ តាមរយៈតួភ្នំព្រះរាជទ្រព្យនេះ ។ បានសេចក្តីថា ភ្នំនេះសិរីមង្គលសម្រាប់ប្រទេសកម្ពុជា ជាអមតៈ នៅលើលោកនេះ ។ បច្ចុប្បន្ននេះភ្នំនេះត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះអង្គបានកសាងនូវព្រះសាក្យមុនីចេតិយសម្រាប់តម្កល់ព្រះសិរីឫកធាតុនៃព្រះសម្មាសម្ពុទ្ធនៅទីនោះផងដែរ ។

  ២.ភ្នំប្រសិទ្ធ : ឋិតលើទីតាំងស្រុកពីរក្នុងខេត្តកណ្តាល គឺស្រុក ពញាឮ និងស្រុក អង្គស្នួលរមណីយដ្ឋានភ្នំប្រសិទ្ធមានចម្ងាយផ្លូវប្រមាណ ២៤គ.ម ពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ ៥ បត់ចូល ១៣គ.ម តាមផ្លូវបំបែកខាងឆ្វេងដៃត្រង់ចំណុចគីឡូម៉ែតលេខ ១១ ផ្សារព្រែកព្នៅ ។ ភ្នំប្រសិទ្ធនេះមានទេសភាបធម្មជាតិស្រស់ត្រកាលប្រកបដោយជំនោរបរិសុទ្ធ និងជាទីកន្លែងដែលមានលក្ខណៈបែបប្រវត្តិសាស្រ្តផងដែរ នៅទីនោះមានរូបព្រះពុទ្ធបដិមាចូលបរិនិព្វានមួយយ៉ាងធំ សម្រាប់ជាទីសក្ការៈបូជា ចំពោះព្រះពុទ្ធសាសនា ។ ម៉្យាងទៀតរមណីយដ្ឋាននេះក៏ជាទីកន្លែងសក្តិសិទ្ធមួយ ដែលប្រជាពលរដ្ឋខ្មែរទាំងជិតទាំងឆ្ងាយចូលចិត្តឡើងទៅបន់ស្រន់បួងសួងសុំសេចក្តីសុខ ។ តាមការស្រាវជ្រាវភ្នំប្រសិទ្ធនេះជាទីតាំងមានកំណប់រ៉ែមាសផងដែរ ។

   ក្រៅពីតំបនទេសចរធម្មជាតិនិងប្រវត្តិសាស្ត្រទាំងពីរនេះ ខេត្តកណ្តាលក៏អំណោយផលខាងតំបន់ ទេសចរកែច្នៃផងដែរដូចជា តំបន់កំសាន្តព្រែកលៀប តំបន់កំសាន្តបាកខែងកៀនស្វាយក្រៅ កៀនស្វាយក្នុង ជាដើម ព្រមទាំងសិប្បកម្មតម្បាញ ដែលជាមុខរបររបស់ប្រជាពលរដ្ឋនៅតាមភូមិស្រុកនីមួយ ៗ ក៏ជារូបភាពទាក់ទាញការចាប់អារម្មណ៍ភ្ញៀវទេសចរ ផងដែរ ។  ជារួមមកខេត្តកណ្តាលថ្វីត្បិតតែពុំសូវសម្បូរតំបន់ទេសចរធម្មជាតិពិតមែរនតែខេត្តតែខេត្តនេះមានសក្តានុពលភាព ខាងដំណាំហូបផ្លែ ដែលជាផលិតផលរបស់ខ្មែរគ្មានការប្រើប្រាស់សារធាតុគីមី ។ កណ្តាលជាខេត្តនៅកណ្តាលប្រទេសកម្ពុជា ដែលព័ទ្ធជុំវិញទីក្រុងភ្នំពេញ ។ ទីក្រុងរ​​បស់ខេត្តនេះគឺតាខ្មៅខេត្តនេះក៏មានស្រុកឧដុង្គដែលជាអតីតរាជធានីរបស់ប្រទេសនៅចន្លោះឆ្នាំ ១៦១៨ និងឆ្នាំ ១៨៦៦ ។ មានព្រះមហាក្សត្រមួយអង្គគ្រងរាជ្យនៅរាជធានីឧដុង្គ  ។

មាតិកា

Follow me on Google Plus

Like us on facebook

Hello World