ខេត្ត បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ :មានរមណីយដ្ឋាន ៥កន្លែងគឺ

១.រមណីដ្ឋានភ្នំបាក់ និង ភ្នំជញ្ជាំង ជាតំបន់វប្បធម៌ និងធម្មជាតិ មានចម្ងាយ ៥គ.ម ពីទីរួមខេត្ត។

២.រមណីយដ្ឋានល្អាងភ្នំតូច មានចម្ងាយ ២៨គ.ម ពីទីរួមខេត្ត ឋិតក្នុងស្រុកមង្គលបូរី ។

៣.រមណីយដ្ឋានអាងទឹកកងវ៉ា មានចម្ងាយ ៤គ.ម ពីទីរួមខេត្ត ឋិតក្នុងស្រុកសិរីសោភ័ណ្ឌ ។

៤.រមណីយដ្ឋានត្រពាំងថ្ម មានចម្ងាយ ៥៦គ.ម ពីទីរួមខេត្ត មានទីតាំងនៅក្នុង ស្រុក ភ្នំស្រុក ។

៥. រមណីដ្ឋានបន្ទាយឆ្មារ មានចម្ងាយ ៥៩គ.ម ពីទីរួមខេត្ត ឋិតក្នុងស្រុក ថ្មពួក ។

    ខេត្ត បន្ទាយមានជ័យ ឋិតនៅចម្ងាយ ៣៥៩គ.ម ពីទីក្រុង ភ្នំពេញ តាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្ត បាត់ដំបង ខេត្ត ឧត្តរមានជ័យ ខេត្ត សៀមរាប និងព្រំប្រទល់ថៃឡង់ ខេត្តនេះកំពុងទទួលភ្ញៀវទេសចរយ៉ាងកុះករតាមរយៈ កាស៊ីណូ ខ្នាតអន្តរជាតិ មួយដែលកំពុងបើកឲ្យមានការចូលលេង កម្សាន្តទាំងយប់ទាំងថ្ងៃ ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងៗ ទៀតដូចជា ភោជីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥតវ៉ាន់ផងដែរ ។ ភ្ញៀវទេសចរដែលកម្សាន្តទីនោះភាគច្រើនជាជនជាតិថៃ ឯភ្ញៀវជនជាតិផ្សេងទៀតពុំសូវមាននោះទេ ។ បើចំពោះជនជាតិខ្មែរជាអ្នកទេសចរណ៍ សាមញ្ញវិញ គឺពួកគេច្រើនទៅកំសាន្តច្រកព្រំដែនលក្ខណៈអន្តរជាតិ ប៉ោយប៉ែត ប៉ុណ្ណោះ អ្វីដែលធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍លើសពីនេះទៅទៀតខេត្តបន្ទាយមានជ័យនៅមានតំបន់កំសាន្តមួយចំនួនទៀត កំពុងអភិវឌ្ឍន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរទៀតផង មានដូចជា៖

១.ប្រាសាទបន្ទាយឆ្មារ

     ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ចម្ងាយប្រមាណ ៤គ.ម ពីទីរួមខេត្តបន្ទាយមានជ័យ ក្នុងស្រុក ថ្មពួក តំបន់ រមណីដ្ឋាន ប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារ បានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ ។ តំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម ដែលបណ្តាលឲ្យប្រាសាទមួយចំនួនធំត្រូវបាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាស់ពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេង ៗ ពីប្រាសាទទៅលក់ឲ្យឈ្មួញជនជាតិថៃទៀតផង ។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរ ចូលទស្សនាកាន់តែច្រើនឡើង ៗ ដែលសក្តានុពលនេះបានធ្វើឲ្យអាជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់អារម្មណ៍ហើយព្យាយាមរៀបចំបណ្តាប្រាសាទដទៃទៀតនៅក្នុងខេត្តឲ្យកាន់តែគួរឲ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត ។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញ មានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទ ព្រះឈរ ប្រាសាទ ប្រាំ ជាដើម ។ ប្រាសាទបន្ទាយឆ្មារ ឋិតនៅក្នុងឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ដែល​បានកសាងដោយព្រះមហាក្សត្រខ្មែរ ព្រះនាមព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសចំពោះបុត្ររបស់ទ្រង់ព្រះនាមស្រីឥន្ទ្រកុមារ ដែលបានសោយទិវង្គតក្នុងបុព្វហេតុការពារមហានរគ ពីការបះបោរនិងការឈ្លានពានរបស់ពួកចាម ។ ហើយប្រាសាទបន្ទាយឆ្មារនេះផងដែរ ក៏ឧទ្ទិសសម្រាប់មេទ័ពទាំងបួន ដែលបានបូជាជីវិតដើម្បីការពារព្រះស្រីឥន្ទ្រកុមារ ។ ឈ្មោះមេទ័ពទាំង៤នាក់នេះ មានចារនៅក្នុងសិលាចរឹក ដែលរកឃើញនៅប្រាសាទបន្ទាយឆ្មារ ហើយបច្ចុប្បន្នរក្សាទុកនៅក្នុងសារមន្ទីរជាតិក្រុងភ្នំពេញ ។ ប្រាសាទបន្ទាយឆ្មារនេះ មានចម្ងាយឆ្ងាយពីទីក្រុងអង្គរ  ហេតុនេះហើយដែលអ្នកសិក្សាទាំងឡាយបានចោទជាសំណួរថា មូលហេតុអ្វីបានជាព្រះបាទជ័យវរ្ម័នទី៧ ទ្រង់សាងប្រាសាទនេះនៅឆ្ងាយពីកុ្រងអង្គរដូច្នេះ ? មានមតិខ្លះបង្ហាញថា ការដែលទ្រង់សាងសង់ប្រាសាទនៅទីនោះ ថ្វីត្បិតតែនៅឆ្ងាយពីតំបន់អង្គរក៏ពិតមែន ប៉ុន្តែតំបន់នោះឋិតនៅក្បែរផ្លូវអង្គរ ពីប្រាសាទអង្គរទៅកាន់តំបន់ប្រាសាទវិមៃនៅក្នុងទឹកដីរបស់ថៃសព្វថ្ងៃ ។

  ប្រាសាទនេះកសាងឡើងពីថ្មភក់ ដែលនៅតាមានជញ្ជាំងប្រាសាទ កន្លែងខ្លះមានឆ្លាក់រូបព្រះពោធិសត្វលោកេស្វរៈបែងភាគ នៅលើផ្តែរនៃប្រាសាទវិញមានឆ្លាក់រូបព្រះព្រហ្មទ្រង់សមាធិដោយមានពួកតាបសជាអ្នកលេងភ្លេងថ្វាយ និងមានសត្វហង្សដែលជាយានជំនិះរបស់ទ្រង់នៅក្បែរនោះផង ។ នៅខាងលើជាស៊ុំដែលឆ្លាក់ជារូបនាគរាជក្បាលបែរទៅទិសទាំងសងខាង ។ រូបចម្លាក់ទំាងនេះបានបង្ហាញរួចជាស្រេចថាប្រាសាទនេះជាប្រភេទប្រាសាទបែបពុទ្ធសាសនា មហាយាន ដែលនិយមគោរពព្រះពោធិសត្វ ។ ដោយសារភាពទ្រុឌទ្រោម និងឋិតនៅដាច់ស្រយាលដូចនេះហើយប្រាសាទបន្ទាយឆ្មារ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបានជួសជុលឡើងវិញ និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញប្រាសាទដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្តទីនេះច្រើនឡើង ។

២.អាងទឹកកងវ៉ា

   ឋិតក្នុងស្រុក សិរីសោភ័ណ ចម្ងាយ ៤គ.ម ពីទីរួមខេត្ត កសាងឡើងក្នុងរបបប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ។ ទេសចរ អាចសប្បាយរីករាយជាមួយនឹងសកម្មភាពផ្សេងៗ ដូចជា ការជិះទូក ងូតទឹក ស្ទួចត្រី ជាដើម ។

៣.ភ្នំបាក់ជញ្ជាំង

   ឋិតក្នុងស្រុក សិរីសោភ័ណ តាមបណ្តោយផ្លូវជាតិលេខ ៥ ចម្ងាយ ៥គ.ម ពីទីរួមខេត្ត បន្ទាយមានជ័យ ។ ទីនេះជារមណីយដ្ឋានវប្បធម៌ មានភ្នំពីរឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំ ៗ ឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំ ៗ បញ្ឈរដែលមើលទៅដូចជាជញ្ជាំងអ្វីមួយ ។ មានរូងមួយជម្រៅ ១២ម៉ែត អាចឲ្យចុះទៅកម្សាន្តបានផងដែរ ។

   ខេត្តនេះស្ថិតនៅភាគពាយព្យប្រទេសកម្ពុជា ។ បន្ទាយមានជ័យ ជាខេត្តដ៏ស្រស់ស្អាត ផ្តល់ជូនទេសចរនូវការចាប់ អារម្មណ៍បែបធម្មជាតិ និងប្រវត្តិសាស្ត្រជាច្រើនបូករួមទាំងប្រាសាទបុរាណ ការអភិរក្សសត្វព្រៃ និងកន្លែងសក្ការបូជាផង ទីក្រុងរបស់ខេត្តគឺក្រុងសិរីសោភ័ណ ( ស៊ីសុផុន ) ។ ការទាក់ទាញសំខាន់បំផុតនៅក្នុងខេត្តនេះ គឺប្រាសាទបន្ទាយឆ្មារ សតវត្សទី១២។ ប្រាសាទ បន្ទាយឆ្មារ ត្រូវបានគេស្គាល់តិចណាស់ ប៉ុន្តែពិតជាស្រស់ប្រណីត ដូចគ្នានឹងប្រាសាទអង្គរវត្តដែរ ។ ធ្វើដំណើរត្រឹមតែ ២ម៉ោងពីខេត្តសៀមរាប ដល់ប្រាសាទនេះហើយប្រាសាទ បន្ទាយឆ្មារ ជារតនសម្បត្តិប្រវត្តិសាស្ត្រតែមួយគត់ មានទំហំធំសំបើម ប្រាសាទលាតសន្ធឹងលើទីតាំងធំទូលាយ ដែលព័ទ្ធទៅដោយព្រៃឈើយ៉ាងខៀវស្រងាត់ ។ ប្រាសាទបន្ទាយឆ្មារជាប្រាសាទមួយ ក្នុងចំណោម ប្រាសាទពីរនៅក្រៅតំបន់អង្គរ ដែលកសាងពីថ្មីធំៗ « ប៉មជាមុខ » បង្ហាញពីមុខញញឹមយ៉ាងស្រស់ស្អាតតាមរចនាបថបាយ័ន ។ ប្រាសាទថ្មភក់ ដែលបានបោះបង់ចោលមានជញ្ជាំងមានចម្លាក់រូបភាព ពណ៌នានៃទេវកថា សង្គ្រាម របស់កម្ពុជា នៅលើទីនោះជាមួយរូបភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្ត្រសម័យនោះ ។

   តំបន់បន្ទាយឆ្មារដ៏ធំសំបើបនេះ ប្រហែលជាអាថ៌កំបាំងបំផុត ក្នុងចំណោមអាថ៌កំបាំងនៅក្នុងសម័យ អាណាចក្រខ្មែរ ទាំងពីរនេះមានន័យទំហំ និងភាពដាច់ចេញពីគេ ។ប្រាសាទដ៏អាថ៌កំបាំងនេះ តំណាងយ៉ាងប្រសើរបំផុតឲ្យរូបភាពនៃរាជធានីខ្មែរ រចនាសម្ព័ន្ធរបស់ប្រាសាទ ជាមួយនិងចម្លាក់ពីក្រៅ និងព័ទ្ធជុំវិញដោយព្រៃក្រាស់ៗ មានបក្សីបញ្ចេញសម្លេង ខ្ញៀវខ្ញារ តាមជញ្ជាំងប្រាសាទ ធ្វើមិនឲ្យស្ងប់ស្ងាត់ ។ ចំពោះអ្នកដែលទៅទស្សនាប្រាសាទ និងបានឃើញចម្លាក់ស្រស់ស្អាតជាច្រើន កប់បាត់ក្នុងចំណោមប្រាសាទបុរាណនិងសសរស្តម ។ ក្នុងបរិវេណនោះ យ៉ាងហោចណាស់ក៏មានប្រាសាទតូច ៗ ជាច្រើនទៀត ដែលសុទ្ធតែទទួលរងការខូចខាត ពីការបំផ្លាញ ។ ប្រាសាទទាំងអស់នោះបូករួមទាំងប្រាសាទមេបុណ្យ តាព្រហ្ម ព្រហ្មមុខបួន យាយជួន ប្រាសាទ ណាងតាសុខ និងប្រាសាទ ជាមត្រី ។ បន្ទាយឆ្មារ មិនត្រឹមតែស្ថិតនៅក្នុង ផែនទីទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើដំណើរមួយទៅរកកន្លែងខាងក្រៅ ជាការផ្សងព្រេងមួយដែលអ្នកនឹងចងចាំជានិច្ចក្នុងចិត្ត ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World