ខេត្ត កំពង់ចាម

ខេត្តកំពង់ចាម  : ឋិតនៅទិសអាគ្នេយ៍នៃប្រទេសកម្ពុជាម្ងាយប្រមាណ ១២៤គ.មពីរាជធានីភ្នំពេញ ខេត្តនេះជាតំបន់ដំណាំកៅស៊ូធំជាងគេនៅប្រទេសកម្ពុជា ដោយសារតំបន់នេះមានដីពណ៌ក្រហម ពណ៌ក្រម៉ៅដ៏មានជីជាតិ និងអំណោយផលក្រៃលែងចំពោះដំណាំហូបផ្លែគ្រប់ប្រភេទផងដែរ ។  ទឹកដីដ៏មានជីជាតិនេះ បានជាទីតាំងដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាយើង ។ ក្រៅពីដំណាំកៅស៊ូ ដែលជាប្រភេទដំណាំឧស្សាហ៍កម្មនៅមានដំណាំហូបផ្លែមួយចំនួនទៀតដូចជា ធូររេន សាវម៉ាវ មង្ឃុត ជាដើម។ ខេត្តកំពង់ចាម មានតំបន់ទេសចរសម្បូរបែបជាប្រភេទរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត និងធម្មជាតិ ។ ម៉្យាងទៀតទេសភាពដ៏ប្រណិតនៃចំការកៅស៊ូ ក៏ជាផ្នែកមួយដែលទាក់ទាញអារម្មណ៍ពួកទេសចរឲ្យរីករាយស្រស់ថ្លាចម្លែកភ្នែកផងដែរ ។

  ១.រមណីយដ្ឋាន វត្តនគរបាជ័យ :

      ឋិតនៅចម្ងាយប្រមាណ ២.២គ.ម ពីទីរួមខេត្តកំពង់ចាម ដែលរថយន្តអាចចូលទៅដល់ក្នុងទីធ្លាវត្តតែម្តង ។ ទីអារាមនេះជាទីតាំងប្រាសាទបុរាណមួយដែលកសាងឡើងក្នុងរាជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ សម្រាប់បូជាថ្វាយព្រះពុទ្ធសាសនា មហាយាន ។ តួប្រាសាទ សង់ឡើងពីថ្មភក់ រីឯកំផែងសង់ឡើងដោយថ្មបាយក្រៀមរៀបបន្តុបពីលើគ្នានិងមានថែវចំនួន៤ជាន់តែមានលក្ខណៈខូចខាតខ្លះ ៗ នៅបច្ចុប្បន្ននេះ ។

 ២.រមណីយដ្ឋាន ប្រាសាទហាន់ជ័យ :

     ឋិតនៅក្នុងភូមិហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុក កំពង់សៀម ចម្ងាយ ២០គ.ម ពីទីរួមខេត្ត កំពង់ចាម ។ ភ្នំនេះមានកម្ពស់ ៦៣ម៉ែត មានកាំជណ្តើរឡើងចំនួន ២៩៥កាំ មានប្រាសាទបុរាណមួយចំនួនដូចជា ប្រាសាទគុកខាងត្បូង បា្រសាទគុកខាងជើង បា្រសាទ...ជាដើម ក្រៅពីនោះមានអណ្តូងបុរាណមួយ ដែលអ្នកស្រុកហៅថា អណ្តូងព្រេង មានតំកល់រូបសំណាកសិវលិង្គ និងទម្រផងដែរ ។

 ៣.រមណីយដ្ឋាន ប្រាសាទវត្តព្រះធាតុថ្មដា :

      ឋិតនៅភូមិ ព្រះធាតុថ្មដា ឃុំ ព្រះធាតុ ស្រុក អូររាំងឪ ចម្ងាយ ៨គ.ម ពីទីរួមខេត្តតាមផ្លូវជាតិលេខ ៧ បត់តាមផ្លូវលេខ ១១ ។ វត្តនេះកសាងឡើងលើផ្ទៃដី ១៩០ម និង ១៦០ម ។បា្រសាទព្រះធាតុនេះសាងសង់ឡើង ជាមួយស្រះទឹកដ៏ធំមានទឹកថ្លាឆ្វេងដែលប្រជាពលរដ្ឋខ្មែរយើងតែងហៅថា ទន្លេស្ងួត ។

 ៤.រមណីយដ្ឋាន ប្រាសាទព្រៃនគរក្នុងក្រៅ :

      ជាបុរាណដ្ឋានមួយឋិតនៅក្នុង ភូមិ ព្រៃនគរ ឃុំ ដូនតី ស្រុក ពញាក្រែក ចម្ងាយ៤២គ.ក ពីទីរួមខេត្តកំពង់ចាម តាមផ្លូវជាតិលេខ ៧ ហើយបត់ស្តាំតាមផ្លូវលំត្រង់ម្តុំភូមិដំណាក់ចារ ។ ទីធ្លាតំបន់ប្រាសាទនេះមានផ្ទៃ ២៥០០ម៉ែតការេ ដែលក្នុងនោះមានប្រាសាទមានប្រាសាទមួយចំនួនទៀតដូចជាបា្រសាទធំ ប្រាសាទព្រះធាតុជាដើម ។

 ៥.រមណីយដ្ឋាន ភ្នំជើងព្រៃ :

      ឋិតក្នុង ស្រុក ជើងព្រៃ តាមបណ្តោយផ្លូវជាតិលេខ ៦A ចន្លោះពីភ្នំពេញទៅស្គន់ ខេត្តកំពង់ចាម ។ តំបន់នេះជា តំបន់សក្តិសិទ្ធ ដែលអ្នកស្រុកមានការភ័យខ្លាចមិនដែលហ៊ានខុសមាត់ ខុសពាក្យ នោះទេនៅពេលទៅកំសាន្ត ម្តង ៗ គេតែងប្រយ័ត្នមាត់ប្រយ័ត្នកខ្លាំងណាស់  ។ មានអ្នកតាក្រហមក នៅលើភ្នំនោះដែលបារមីខ្លាំងពូកែបើតាមការតំណាលរបស់ចាស់ ៗ ថាកាលពីដើមប្រសិនបើមន្ត្រីមានអំណាចបុណ្យសក្តិខ្ពស់ ឬស្ត្រីមានផ្ទៃពោះហ៊ានដើរកាត់ទីនោះដោយមិនបានសុំអនុញ្ញាតជាមុន នោះនឹងត្រូវធ្លាក់បុណ្យសក្តិ និងរលូតកូនជាមិនខាន ។ នៅទីនោះផងដែរមានស្រះទឹកពីរមានឈ្មោះថា ស្រះទឹកខាងស្រី ឬស្រះទឹកព្រះ មានទឹកថ្លាឆ្វេង ខួបវស្សា រីឯស្រះទឹកខាងប្រុសវិញ ពុំដែលមានទឹកនោះទេបើតាមរឿងនិទាន គឺដោយសារខាងប្រុសត្រូវបណ្តាសា របស់ពួកស្រីៗ នៅពេលដែលមានការសាង ភ្នំប្រុសភ្នំស្រី សូមបញ្ជាក់ថា ស្រះទឹកទាំងពីរនេះគឺកើតឡើងដោយការជីកយកដីពួនធ្វើភ្នំនេះបើតាមការតំណាលត ៗ គ្នា ។

  ៦.ភ្នំប្រុសភ្នំស្រី  :

       ឋិតនៅក្នុង ស្រុក កំពង់សៀម មានចម្ងាយ ៧គ.ម ពីទីរួមខេត្តកំពង់ចាម ភ្នំប្រុសមានកម្ពស់ ៣០ម រីឯភ្នំស្រីឋិតនៅខាងកើតភ្នំប្រុស ខ្ពស់ជាងភ្នំប្រុស ដែលមានជណ្តើរឡើងចំនួន៣០៨កាំ ។

   ៧.រមណីយដ្ឋានទឹកឆា :

        ជាតំបន់ងួតទឹកកំសាន្ត សម្រាប់ទេសចរឆ្ងាយជិតនៅក្បែរតំបន់ទឹក ធ្លាក់នេះមានប្រាសាទបុរាណ ផងដែរ ។ ទឹកឆា ជាអាងទឹកធម្មជាតិ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករខ្មែរក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រាប់ពាន់ហិចតា ។ ទឹកធ្លាក់ ហោងជ្រាយចេក ក៏ជាតំបន់ទេសចរ ងូតទឹកកំសាន្តផងដែរ ។ គេច្រើនឃើញទេសចរក្នុងខេត្ត កំពង់ចាម និងនៅតាមបណ្តាខេត្តនានា ទៅកំសាន្តនៅថ្ងៃឈប់សម្រាកពិសេស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានភ្ញៀវទៅកំសាន្តឥតដាច់ ។

   កំពង់ចាម ជាខេត្តធំទីបីរបស់ប្រទេសកម្ពុជា ។ កំពង់ចាមជាខេត្តមួយក្នុងចំណោមខេត្តដែលមានចំនួនប្រជាជនច្រើជាងគេ ក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលដីមានជីជាតិច្រើនជាងគេផងដែរ ភាគច្រើនដីពណ៌ក្រហម ។ ថ្នាំជក់ សណ្តែកសៀង កៅស៊ូ និងផលិតផលតំបន់ត្រូពិច ដទៃទៀតត្រូវបានដំានិងនាំចេញពីខេត្តនេះ ។ ទីក្រុងដ៏ស្រស់ស្អាតនេះជាកន្លែងល្អ បំផុតដើម្បីមានអារម្មណ៍ថាស្ថិតនៅក្នុងប្រទេសពិត ។ អំឡុងពេលនៃការសេសសល់ពីការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងកាអភិវឌ្ឍ ថ្មី ៗ បានធ្វើឡើងដើម្បីធ្វើឲ្យទីក្រុងនេះមានរូបរាងបែប សម័យទំនើប ។ ទោះបីយ៉ាងណា មន្តសេ្នហ៍ពិតរបស់ខេត្តកំពង់ចាមគឺប្រជាជនដែលទទួលស្វាគមន៍ រាក់ទាក់ រួសរាយ ដែលស្វាគមន៍ភ្ញៀវទេសចរ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World