ខេត្ត កែប

កុ្រងកែប : មានរមណីយដ្ឋាន៣ កន្លែងគឺ

១.រមណីដ្ឋានភ្នំសរសៀរ:មានចម្ងាយ ១៤គ.ម ពីទីរួមខេត្ត  ។ ជារមណីដ្ឋានវប្បធម៌ និងធម្មជាតិ ។

២.រមណីយដ្ឋានកោះទន្សាយ:មានចម្ងាយ ៤.៥គ.ម ពីទីរួមខេត្ត  សម្បូរប្រព័ន្ធអេកូឡូស៊ី ។

៣. រមណីយដ្ឋានវត្តភ្នំលាវ

     ខេត្តកែប ជារមណីយដ្ឋានមួយឋិតនៅជាប់ទឹកដីខេត្តកំពត និងសមុទ្រ ។ ខេត្តមួយនេះជាទីក្រុងកែច្នៃសម្រាប់កំសាន្តលំហែរបស់ ពួកអានិគមនិយមបារាំង ដែលបង្កើតឡើងនៅឆ្នាំ ១៩០៨ ។ ខេត្តមួយនេះ ត្រូវបានធ្វើការកែលំអរឡើងវិញនៅសម័យសង្គមរាស្ត្រនិយម ឲ្យទៅជាកន្លែងមួយគួឲ្យចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរ ជាពិសេស សម្រាប់ព្រះករុណាព្រះបាទនរោត្តមសីហនុ ទៅលំហែព្រះកាយ ។ ឋិតនៅចម្ងាយប្រមាណ១៧៩គ.ម ពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ ៣ ខេត្តកែច្នៃមួយនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ ឲ្យមកទស្សនាកំសាន្តនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ។ ទេសចរក្នុងស្រុកចូលចិត្តមកកំសាន្តជាលក្ខណៈគ្រួសារ ដែលមកពីគ្រប់ទិសទី ពិសេសក្រុងភ្នំពេញ និងខេត្តមួយចំនួនដែលនៅជិតៗទីនោះ ។ ក្រៅពីការងូតទឹកកំសាន្តនៅតាមឆ្នេរប្រវែងជាង១០០០មគេអាចទិញគ្រឿងសមុទ្រស្រស់ ៗ សម្រាប់បរិភោគនៅទីនោះផងដែរ ។ ក្រៅពីតំបន់ឆ្នេរដែលអាចឲ្យទេសចរលេងកំសាន្តជាមួយសមុទ្រហើយនោះ ខេត្ត កែប ក៏មានតំបន់ទេសចរមួយចំនួនទៀតផងដែរ ដូចជា ៖

១.រមណីយដ្ឋានភ្នំសសៀរ:

       ភ្នំសសៀរមានកម្ពស់ប្រមាណ ៤០ម មានផ្ទៃដីសរុបប្រមាណ ១.៥ គីឡូម៉ែតការេឋិតនៅមិនឆ្ងាយប៉ុន្មានពីខេត្ត កែប គឺជារមណីយដ្ឋានបែបវប្បធម៌ ដែលទេសចរក្នុងខេត្តកំពត និងតំបន់ផ្សេងទៀតចូលចិត្តទៅកំសាន្តនៅពេលមានពិធីបុណ្យប្រពៃណីម្តង ៗ នៅលើកំពូលភ្នំមានរូងធម្មជាតិមួយចំនួន ដែលទេសចរទាំងឡាយមកដល់ហើយ មិនដែលភ្លេចចូលទៅបន់ស្រន់សុំសេចក្តីសុខ ឬបូងសួងនោះឡើយ ព្រោះទីនោះគេជឿថាជាតំបន់សក្តិសិទ្ធ ដូចជារូងដំរីស និងរូងប្រជៀវ ជាដើម ។ ក្នុងរូងដំរីស ក្រៅពីមានថ្មដុះជារូបដំរីពណ៌ស មួយយ៉ាងធំនៅមានផ្លូវចូល ផ្សេងទៀត ទៅដល់វាលស្រែមួយរយ ជាប្រភេទថ្មដុះតូច ៗ ដែលគេសន្មតថាជាវាលស្រែ ។ រីឯនៅក្នុងរូងប្រជៀវ វិញមានសត្វប្រជៀវរាប់ពាន់ក្បាល យំទ្រហឹងពេញរូងភ្នំ និងមានរូបសំណាកព្រះពុទ្ធរូបសម្រាប់ជាសក្ការៈបូជាផងដែរ ។

២.រមណីយដ្ឋានកោះទន្សាយ:

     ជាកោះធម្មជាតិមានខ្សាច់សក្បុស មានព្រៃដុះខៀវស្រងាត់ និងជាតំបន់ដែលពួកសត្វសមុទ្រ ដូចជាក្តាម បង្គា គ្រុំ ងាវ ជាដើម ចូលចិត្តរស់នៅជាពិសេសមានប្រភេទផ្កាថ្មដ៏ស្រស់ស្អាតទៀតផង ។ ឋិតនៅចម្ងាយប្រមាណ ៤គីឡូម៉ែត ពីខេត្ត កែប កោះទន្សាយមានផ្ទៃក្រឡាប្រមាណ ២គីឡូម៉ែតការេ មានឆ្នេរចំនួន ២កន្លែង ជាទីមនោរម្យក្នុងការងួតទឹកកំសាន្ត សម្រាប់ទេសចរ នានាពិសេសទេសចរបរទេស ។ 

៣.រមណីយដ្ឋានវត្តលាវ:

   ឋិតនៅភាគខាងកើតខេត្តកែប ជាទីអារាមពុទ្ធសាសនា សាងសង់ឡើលើកំពូលភ្នំមានកម្ពស់ទាបល្មម ជាតំបន់ដែលប្រជាពលរដ្ឋខ្មែរចូលចិត្តទៅកំសាន្ត នៅពេលមានបុណ្យទានម្តង ៗ ជាពិសេសបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម ។

     កែបជាខេត្តនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូង ជាអតីតរមណីដ្ឋានដែលដែលត្រូវបានគេស្គាល់ ពេញប្រទេសកម្ពុជាដោយសារ ឆ្នេរសមុទ្រសម្រាប់កំសាន្ត និងការគេងហាលថ្ងៃ និងក្តាមសមុទ្រស្រស់យ៉ាងឆ្ងាញ់ពិសា ។ ប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តនេះមានជីវិតរស់ឡើងវិញ ជាមួយភ្ញៀវទេសចរបរទេស និងក្នុងស្រុកដែល ធ្វើដំណើរទៅរមណីយដ្ឋានដ៏ប្រណីតតាមឆ្នេរសមុទ្រ កោះតំបន់ត្រូពិក និងអាហារសមុទ្រដ៏ឆ្ងាញ់ពិសា ។ អំឡុងយុគមាសរបស់ប្រទេសកម្ពុជា មុនឆ្នាំ ១៩៧០ តំបន់ឆ្នេរសមុទ្រនេះជាកន្លែងកំសាន្តសម្រាប់អ្នកមាន ។ ទោះបីជាឆ្នេរកែបមិនធំដូចឆ្នេរខេត្តព្រះសីហនុក្តី ក៏អ្នកធ្វើដំណើរទៅទីនោះអាចទទួលបានបរិយាកាស ស្ងប់ស្ងាត់ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ។

     ផ្នែកតូចមួយនៃឆ្នេរសមុទ្រមាន លក់ក្តាម ជាទៀងទាត់ ( ផ្សារក្តាម ) នៅជាប់មាត់ទឹកនោះដែលបម្រើជាទិសដៅទេសចរយ៉ាងមានប្រជាប្រិយ ។ អ្នកនេសាទនាំយកមកកន្ត្រកក្តាមពីលើទូក និងមានភោជនីយដ្ឋាននៅជិតទឹកសមុទ្រ ដែលចម្អិនយ៉ាងស្រស់ ៗ ជាធម្មតាមានស្ងោរជាមួយគ្រឿងក្រអូបដែលជាម្រេចដ៏ល្បីល្បាញរបស់ខេត្តកំពត ។ ទីនោះក៏មានត្រីមឹក បង្គា ដែលត្រូវបានគេចម្អិនយឺត ៗ នៅលើឆ្នេរខ្សាច់ នៅខាងមុខភោជនីយដ្ឋាន ។

    សម្រាប់ការសម្រាក ពីការធ្វើដំណើរពេញ មួយថ្ងៃ ជាញឹកញាប់ភ្ញៀវក៏អាចធ្វើដំណើរទៅកោះជិត ៗ នោះ ដូចជា កោះទន្សាយ ដែលអាជិះទូកតែបន្តិចពីឆ្នេរកែប ។​ នៅទីនេះអ្នកនឹងឃើញទេសភាពមាត់សមុទ្រ ព្រៃឫស្សី បឹងកាឡូ ភាពស្រស់ស្អាតនៃជនបទផ្សេងទៀត។ទូកនឹងវិលមកវិញនាពេលល្ងាចដែលមិនខកខានមើលថ្ងៃរៀបលិចឡើយ ។ ចំពោះអ្នកដែលចូលចិត្តសម្រាកចេញពីការដេកលេងឆ្នេរសមុទ្រ ក៏អាចទៅលេងរូងថ្មកំបោរ ហើយក៏មានទីសក្ការៈបូជាផងដែរ ។

មាតិកា

Follow me on Google Plus

Like us on facebook

Hello World