ខេត្ត ក្រចេះ

ខេត្តក្រចេះ:មានរមណីយដ្ឋាន ៣កន្លែងគឺ

១.រមណីយដ្ឋានភ្នំសំបុក មានចម្ងាយ ១១គ.ម ពីទីរួមខេត្ត ។

២.រមណីយដ្ឋានវត្តសរសរ ១០០ មានចម្ងាយ ៦គ.ម ពីទីរួមខេត្ត ។

៣.រមណីយដ្ឋានកាំពី ជាជំរកសត្វផ្សោត និងកូនកោះជាច្រើន ។

    ខេត្តក្រចេះឋិតនៅតំបន់ខ្ពង់រាបប៉ែក ឦសាន នៃប្រទេសកម្ពុជាសំបូរទៅដោយសម្បត្តិ វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ ជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិនិង អន្តរជាតិឲ្យមកទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបានឃើញបានយល់និងបានស្គាល់ពីទិដ្ឋភាពពិត នៃសម្បត្តិទាំងនោះ ដោយខានពុំបាន ។ ក្រៅអពីលទ្ធភាព ខាងផ្នែកទេសចរណ៍ ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផ្សេងៗ ទៀតជាច្រើនដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអរិយធម៌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខ្មែរយើងបានបន្សល់ទុកឲ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅ ជំនាន់ក្រោយផងដែរ ។ក្រចេះក្រុង ជាទីប្រជុំជនតូចប៉ុន្តែស្អាត លំអទៅដោយអគារស្ថាបនាតាំងពីទសវត្ស១៩៤០-១៩៥០ និង ១៩៦០ ដែលមានរចនាបថល្អប្រណីត ។ នៅគ្រប់ទីកន្លែងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខដងទន្លេ និងកោះ នៅខាងក្រោយមានបឹងដ៏ធំមួយដែលមានជំនោរបរិសុទ្ធ ។ អ្នកដែលបានមក ដល់ខេត្តក្រចេះជាលើដំបូងប្រាកដជាមានអារម្មណ៍សប្បាយរីករាយនឹងបានគយគន់ទេសភាព និងស្រូបខ្យល់អាកាសរំភើយ ៗ នាពេលរសៀលថ្ងៃរៀបលិច ដ៏ស្រស់ត្រកាល ។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាប ដែលជាប្រភេទសត្វដ៏កម្រ ក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋាន បែបប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមានសារៈសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវស្វែងយល់ ។ លើសពីនេះខេត្តក្រចេះមានជនជាតិដើមភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន ។ ខេត្តនេះមានរមណីយដ្ឋានធម្មជាតិចំនួន ៧កន្លែង ។ ការធ្វើដំណើរតាមផ្លូវជាតិលេខ ៧ ដែលមានចម្ងាយ ៣៤០គ.មមានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រោលកៅស៊ូរួចរាល់ហើយ អ្នកទេសចរណ៍ អាចធ្វើដំណើរមក កាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទន្លេមេគង្គដែរ មានចម្ងាយ ២២០គ.ម ដោយប្រើមធ្យោយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទន្លេមេគង្គ ។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់ដំណើរការបានទេដោយសារ អាកាសយានដ្ឋានពុំទាន់បានកែលម្អ និងពុំទាន់មានជើងហោះហើរ នៅឡើយ ។ លើសពីនេះភ្ញៀវទេសចរ អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគីរី និងប្រទេសជិតខាងដូចជា ប្រទេសឡាវ និងវៀតណាមបាន ។

  តំបន់កំសាន្តសំខាន់ៗនៅក្នុងទឹកដីខេត្តក្រចេះមាន ៖

១.វត្តសរសរ១០០

   ឋិតនៅស្រុក សំបូរ ចម្ងាយប្រមាណ ៣៦គ.ម ពីទីរួមខេត្តក្រចេះ ។ តំបន់វត្តនេះមានព្រះវិហារធំចំនួន ៤ បែរមុខទៅតាមទិសទាំង៤ ដូចជាវិហារលាវ បែរមុខទៅរកទិសខាងលិច វិហារគោកបែរមុខទៅទិសខាងត្បូង វិហារគោកកើតបែរមុខទៅរកទិសខាងកើត វិហារសរសរ១០០ បែរមុខទៅរកទិសខាងជើង ។ វត្តនេះជាតំបន់ដែលពុទ្ធបរិស័ទ្ធ ជិតឆ្ងាយប្រជុំគ្នាដើម្បីប្រារព្ធពិធីបុណ្យផ្សេង ៗ ទៅតាមទំនៀមទម្លាប់ដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌជាដើម ។

២.តំបន់កំសាន្តព្រែកកាំពី

   ឋិតនៅភាគខាងជើងទីរួមខេត្តក្រចេះ ចម្ងាយប្រមាណ១៥គ.ម ។ តំបន់នេះជាតំបន់កំសាន្តតាមរដូវ ព្រោះនៅរដូវវស្សាទឹកឡើងមិនអាចឲ្យទេសចរងូតទឹកកម្សាន្តបាននោះទេគេអាចលេងទឹកបាននៅរដូវប្រាំង ពិសេសក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរ ។ តំបន់មានសត្វផ្សោតទឹកសាប ដែលជាសត្វកម្រនៅលើ ពិភពលោក ។

៣.រមណីយដ្ឋានសម្បុក

    ជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំព្រងប្រចាំខេត្តនេះ ។ អ្នកដែលធ្វើដំណើរ កម្សាន្តទៅកាន់ខេត្តក្រចេះ ពុំដែលភ្លេចទៅគយគន់ទេសភាពនៅលើកំពូលភ្នំសម្បុកនោះទេ ជាពិសេសទេសភាពដងទន្លេមេគង្គ ដែលជាទស្សនីយភាពជាប់ចិត្តក្រៃលែង ។ នៅជាប់នឹងជើងភ្នំមានបឹងមួយមានទឹកថ្លា ឈ្វេង ព័ទ្ធជុំវិញដោយ រុក្ខជាតិតូចធំដែលជាជម្រកដ៏សុខសាន្តរបស់បក្សាបក្សី ទាំងឡាយ ដែលតែងស្រែក ច្រៀងឆ្លងឆ្លើយស្វាគមន៍ រាល់ភ្ញៀវដែលធ្វើដំណើរដល់ទីនោះ ។ តំបន់ភ្នំនេះឋិតនៅចម្ងាយ ១១គ.ម ពីទីរួមខេត្តក្រចេះ ក្នុងឃុំថ្មគ្រែ ស្រុកក្រចេះ  ។

     ខេត្តក្រចេះមានទីតាំងនៅខាងកើត ទន្លេមេគង្គ ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលភាគច្រើនទៅទស្សនាអន្លង់ផ្សោតដែល នៅសេសសល់លើពិភពលោក ។ ភូមិដែលគួរទៅទស្សនាគឺភូមិកាំពី ដែលមានចម្ងាយប្រមាណ ១៥គ.ម ពីទីរួមខេត្ត ។ ផ្សោតទឹកសាបជាសត្វស្ថិតនៅក្នុងគ្រោះថ្នាក់ និងជាសត្វដ៏កម្រ តាមការបាន់ស្មានគឺមានប្រហែលត្រឹមតែ ៦០ក្បាលប៉ុណ្ណោះដែលរល់នៅក្នុងទន្លេនេះ ។

    ទីក្រុងរបស់ខេត្តក្រចេះ ព័ទ្ធជុំវិញដោយ ជនបទ និងបម្រើជាកន្លែងប្រសើរបំផុតដែលអាចសម្រាកមួយ ឬពីរយប់នៅទីនោះ ។ ទីនេះជាកន្លែងប្រសើរមួយពីតំបន់ផ្សេងៗទៀតរបស់ ប្រទេសដែលគេធ្វើដំណើរទៅ ។ ខេត្តក្រចេះមានតំបន់ទេសចរណ៍ មួយចំនួន ដូចជា ភ្នំសំបុក ជាប្រាសាទតូចមានទីទីតាំងនៅលើភ្នំ ភាគខាងជើងទីរួមខេត្ត ។ ជណ្តើរដ៏វែងឆ្ពោះទៅព្រះវិហារភ្នំសំបុកដែលបង្ហាញរូបភាពលម្អិតនៃការធ្វើទារុណកម្មបន្ទាប់ពីស្លាប់ទៅដល់អ្នកមានបាបក្នុង ជីវិតបច្ចុប្បន្ន ។ វត្តរកាកណ្តាលជាវត្តដែលបានជួសជុលឡើងវិញជាមួយ និងរចនាបថចេតិយរបស់ឡាវ នៅតាមមាត់ទន្លេដែលមានចម្ងាយ ២គ.មពីខេត្ត  ។ នៅជិតវត្តសម័យទំនើបដែលគេអាចស្តាប់ព្រះសង្ឃសូត្រធម៌ នៅពេលល្ងាច ។ ប្រហែល ១៥គ.ម ពីទីរួមខេត្តមានសហគមន៍ចាមដ៏ធំមួយ ។ ទីនេះត្រូវបានស្គាល់ច្បាស់ដោយអ្នកនៅក្នុងតំបន់ថា ភូមិ ត្បាញកន្ត្រក ដែលជាភូមិធំជាគេក្នុងខេត្តក្រចេះដែលមានអ្នកភូមិច្រើនជាង ៤០០០នាក់ រស់នៅទីនោះ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World