ខេត្ត មណ្ឌលគិរី

ខេត្តមណ្ឌគិរី :មានរមណីយដ្ឋាន ៧កន្លែងគឺ

១.រមណីយដ្ឋានទឹកជ្រោះប៊ូស្រា មានចម្ងាយ ៤៣គ.ម ពីទីរួមខេត្ត ។

២.រមណីយដ្ឋានសែនមនោរម្យ មានចម្ងាយ ៥គ.ម ពីទីរួមខេត្ត ។

៣.រមណីយដ្ឋានទឹកជ្រោះរមនា មានចម្ងាយ ១០.៥គ.ម ពីទីរួមខេត្ត ។

៤.រមណីយដ្ឋានទឹកជ្រោះជ្រៃធំ មានចម្ងាយ ៦គ.ម ពីទីរួមខេត្ត ។

៥.រមណីយដ្ឋានចំការស្រល់ មានចម្ងាយ ២៣គ.ម ពីទីរួមខេត្ត ។

៦.រមណីយដ្ឋានដាក់ដំា មានចម្ងាយ ២៣គ.ម ពីទីរួមខេត្ត ។

៧.រមណីយដា្ឋនសុខដុម មានចម្ងាយ ១៥គ.ម ពីទីរួមខេត្ត ។

   ទឹកដីខេត្តមួយក្នុងប្រទេសកម្ពុជា ដែលធ្លាប់ល្បីល្បាញថាមានទេសភាពស្រស់ត្រកាលមិនចាញ់បរទេស មួយចំនួនផងនោះ ឋិតនៅប៉ែក ឦសាន ចម្ងាយ ៥២១គ.ម ពីទីក្រុងភ្នំពេញ ។ ជាតំបន់ដែលសម្បូរទៅដោយជនជាតិភាគតិចរស់នៅ ជាពិសេសជនជាតិព្នង គ្រឹង កាឆុក កាវែត ជាដើម ខេត្តមណ្ឌគិរីឋិតនៅលើកំពូលភ្នំជាច្រើន ដែលដុះជាប់តៗគ្នា លម្អដោយវាលស្មៅពណ៌ប៉ៃតង់ខ្ចី ក្រាលគ្របពីលើផ្ទៃដីពណ៌ក្រហមដ៏មានជីជាតិ រួមជាមួយព្រៃឈើក្រាស់ឃ្មឹក និងព្រៃស្រល់ដុះដោយកន្លែង កាន់តែបន្ថែមភាពស្រស់ស្អាតឲ្យខេត្តនេះ ។ ក្រៅពីទេសភាពដ៏ស្រស់ ស្អាត នៃវាស្មៅធម្មជាតិ និងចម្ការស្រស់បំព្រងគួរឲ្យទាក់ទាញមក ខេត្តនេះមានទឹកជ្រោះជាង ៦០កន្លែង ប៉ុន្តែទេសចរអាចទៅកំសាន្តបានតែនៅកន្លែងខ្លះប៉ុណ្ណោះ ព្រោះដោយស្ថានភាពទីតាំងភូមិសាស្ត្រនៃតំបន់ទាំងនោះជួបការលំបាក ។ ទឹកជ្រោះដែលមានឈ្មោះល្បីល្បាញជាងគេគឺទឹកជ្រោះប៊ូស្រា ដែលឋិតនៅចម្ងាយ៤៣គ.ម ពីទីរួមខេត្ត ក្នុងស្រុក ពេជ្រចិន្តា ។ ទឹកជ្រោះនេះចែកជាបីដំណាក់៖

-ដំណាក់ទីមួយ មានកម្ពស់ប្រមាណ ១២ម ដែលមានមុខកាត់ ១៥ម នៅរដូវវស្សា ។

-ដំណាក់ទីពីរ មានកម្ពស់ ១៥ម ទៅ ២០ម និងមានមុខកាត់ ២០ម ។ មានកម្ពស់ពី ១៨ ទៅ ២៥ម នៅរដូវប្រាំងដែលមានមុខកាត់ត្រឹមតែ ១៣ម។ ដំណាក់កាលទីពីរនេះមានចម្ងាយប្រមាណ ១៥០ម ពីដំណាក់ទីមួយ។

-ដំណាក់ទីបី ឋិតនៅឆ្ងាយពីដំណាក់ទីពីរ ដែលមិនអាចទៅដល់បានព្រោះជាតំបន់ព្រៃក្រាស់ និងសម្បូរសត្វសាហារស់នៅ ។

  ទឹកជ្រោះសែនមនោរម្យ ឋិតនៅក្នុងស្រុកសែនមនោរម្យ ចម្ងាយ ៥គ.ម ពីទីរួមខេត្ត  តំបន់នេះមានទឹកធ្លាក់បីដំណាក់ផងដែរ ៖

-ដំណាក់ទីមួយ មានកម្ពស់ទាបត្រឹមតែមួយម៉ែតប៉ុណ្ណោះ និងមានមុខកាត់ ២ម។

-ដំណាក់ទីពីរ មានកម្ពស់រហូតដល់ ៧ម  ដែលមានមុខកាត់ ៨ម ។ ទីនេះសម្បូរមនុស្សទៅលេងកម្សាន្ត ព្រោះមានទីវាលដ៏ធំសម្រាប់ទេសចរអង្គុយ និងងូតទឹកនៅថ្ងៃឈប់សម្រាក ពេលបុណ្យទានម្តង ៗ គេចូលចិត្តទៅកំសាន្ត ព្រោះតំបន់នេះនៅជិតទីរួមខេត្តស្រាប់ ។

-ដំណាក់ទីបី ពុំសូវមានមនុស្សទៅកំសាន្តទេ មានទឹកធ្លាក់កម្ពស់ ១.៥ម និង មានចម្ងាយ ១គ.ម បន្តទៀតពីទឹកធ្លាក់ជាន់ទីពីរ ។

   ទឹកជ្រោះរមនា ឋិតក្នុងស្រុក សែនមនោរម្យ ចម្ងាយ​១០.៥គ.ម ពីទីរួមខេត្ត។តំបន់ទឹកជ្រោះនេះព័ទ្ធជុំវិញ ដោយដំណាំផ្សេងៗ ដូចជាកៅស៊ូ ស្វាយចន្ទី កាហេ្វ និងរុក្ខជាតិព្រៃឈើតូចធំ ជាការលម្អនៃតំបន់នេះ ។​ ទឹកជ្រោះនេះ ក៏ជាតំបន់គួរឲ្យចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរ ផងដែរ ដោយមានទឹកហូរធ្លាក់ទៅក្នុងអាងធំមួយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការងូតទឹកកម្សាន្ត ។ ក្រៅពីតំបន់ទឹកធ្លាក់ទាំងនេះ នៅមានតំបន់កម្សាន្តដទៃទៀតដូចជា ភ្នំដោះក្រមុំតំបន់ទឹកធ្លាក់អូររមីស ចម្ការស្រល់ ចម្ការកៅស៊ូ រួមទាំងទេសភាពនៃវាលស្មៅបៃតងខ្ចី នៅលើកំពូលភ្នំ លាតសន្ធឹងល្វឹងល្វើយ ហាក់ដូចជាកម្រាលព្រំពណ៌បៃតងស្រស់ លាយឡំជាមួយអាកាសធាតុត្រជាក់ស្រឹមស្ទើគ្រប់រដូវនោះ ខេត្តមណ្ឌគិរី គឺជាទិសដៅអភិវឌ្ឍន៍វិស័យទេសចរ វិស័យសេវាកម្ម ឧស្សាហកម្មថាមពល ដែលជាប្រភពសេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ ។ ខេត្តមណ្ឌលគិរីនេះ គេបានស្រាវជ្រាវរកឃើញថាមានរ៉ែជាច្រើន កប់នៅក្រោមដី ជាពិសេសរ៉ែអាលុយមីញ៉ូម ហើយក៏មានរ៉ែមាស និងត្បូងថ្មដ៏មានតម្លៃផងដែរ ។ ការអភិវឌ្ឍ ខេត្តនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសុខាភិបាលរដ្ឋាភិបាលមានទំនុកចិត្តថាពិតជាអាចធ្វើឲ្យខេត្តនេះក្លាយជាតំបន់ ដែលមានសក្កដានុពលសេដ្ឋកិច្ច ផងដែរ ដែលនេះជាទស្សនវិស័យរបស់អ្នកវិនិយោគទាំងឡាយ ដែលមកបណ្តាក់ទុន រកស៊ីនៅទីនេះ បច្ច័យដែលល្អគឺជួយបង្កើតការងារនិងប្រាក់ចំណូលជូនពលរដ្ឋផងដែរ ។ ប៉ុន្តែគេរំពឹងថារាល់គំរោងអភិវឌ្ឍន៍ និងការវិនិយោគទាំងឡាយពិតជា មិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងការរស់នៅរបស់ពលរដ្ឋ ជាពិសេសជនជាតិភាគតិច ដែលធ្វើឲ្យពួកគេបាត់បង់នូវកម្មសិទ្ធដីធ្លី ជំនឿ ប្រពៃណី ទំនៀមទំលាប់ ឬខូចប្រយោជន៍របស់ពួកគេធ្ងន់ធ្ងរនោះឡើយ ។

    ស្ថិតនៅភាគខាងត្បូងខេត្តរតនគិរី គឺខេត្តមណ្ឌគិរី ជាខេត្តដែលមានប្រជាជនតិចបំផុត នៃប្រទេសកម្ពុជា ទោះបីជាមានផ្ទៃដីធំធេងក៏ដោយ ខេត្តនេះត្រូវបានគេស្គាល់ដោយសារមានភ្នំតូចៗ ដែលមានព្រៃក្រាស់មានទេសភាពខៀវស្រងាត់ និងទឹកជ្រោះដ៏ស្រស់ស្អាត ។ ទីក្រុងរបស់ខេត្តនេះគឺ ឈ្មោះ សែនមនោរម្យ ។ ទោះបីជាខេត្តដាច់ស្រយាល ​មណ្ឌលគិរីធ្វើឲ្យភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តជាមួយនិងពិភពនៃភាពស្ងប់ស្ងាត់និងភាពស្រស់ស្អាត ពិតជាកោតសរសើរខេត្តនេះ ។ គេអាចរៀបចំសម្រាប់ដំណើរកំសាន្តតាមរទេះគោ ( ឬជិះដំរី ) កាត់តាមព្រៃខៀវស្រងាត់ដើម្បីរីករាយនឹងទេសភាពរបស់រុក្ខជាតិត្រូពិច និងខ្យល់អាកាសបរិសុទ្ធ ដោយមិននិយាយអំពីទឹកជ្រោះឡើយ ។

    មណ្ឌលគិរី ក៏មានការទាក់ទាញបែបវប្បធម៌ របស់ជនជាតិភាគតិច ផងដែរ ។ ភ្ញៀវទេសចរច្រើនឈប់ ដើម្បីទស្សនា ភូមិជនជាតិភាគតិចព្នង ដែលគេអាចសង្គេតឃើញវប្បធម៌សម្បូរបែបរបស់ក្រុមកុលសម្ព័ន្ធភ្នំក្នុងតំបន់នេះ ។ មានឳកាសជាច្រើនដើម្បីដកពិសោធជីវិតសហគមន៍ វប្បធម៌នៅតាមព្រៃភ្នំ តាមរយៈការរៀបចំ ការស្នាក់នៅតាមផ្ទះនៅតាមតំបន់សត្វព្រៃ ដ៏ពិសិដ្ឋភ្នំព្រិច និងព្រៃអភិរក្សមណ្ឌលគិរី ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World