រាជធានីភ្នំពេញ

រាជធានីភ្នំពេញ : មានរមណីដ្ឋានចំនួន ៧កន្លែង គឺ៖

 ១. រមណីដ្ឋានវត្តភ្នំ : ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ។

២. រមណីដ្ឋានវិមានឯករាជ្យ

៣. ព្រះបរមរាជវាំង

៤. រមណីដ្ឋានព្រកែវមរកត ស្ថិនៅក្នុងវាំង

៥. រមណីដ្ឋានសារមន្ទីរជាតិ

៦. រមណីដ្ឋានសារមន្ទីរទួលស្លែង

៧. រមណីដ្ឋានបឹងជើងឯក ។

    សម្រាប់ទេសចរណ៍នានា បើនិយាយអំពីកម្ពុជា គេនឹកឃើញភ្លាមដល់ភ្នំពេញ ដែលជារដ្ឋធានីរបស់ប្រទេសនេះ ។ តាមពិតទៅ ទីក្រុងបុរាណមួយនេះបានយកឈ្មោះតាមដូនពេញ ចូលមកតាំងនៅទីនេះដោយព្រះបាទពញ្ញាយាតនៅឆ្នាំ ៤៣៤ សាងសង់រាជនៅទីនេះហើយត្រូវបោះបង់ទៅវិញប៉ុន្តែនៅសតវត្សក្រោយមកខ្មែរយើងក៏ចូលមកតាំងទីលំនៅ  ជារាធានីថ្មី ប្រកបរបររកស៊ីជួញដូរជាថ្មីវិញដោយសារតែ អំណោយផលនៃធម្មជាតិ ព្រមទាំងមានផ្លូវទឹកខ្វាត់ខ្មែងបង្ករលក្ខណៈ ងាយស្រួលក្នុងការធ្វើជំនួញ និងធ្វើកសិកម្មបង្កបង្កើនផលទៀតផង ។ ពីមួយថ្ងៃទៅមួយថ្ងៃ ភ្នំពេញបានកែប្រែមុខមាត់ថ្មីបង្ហា សម្រស់ស្រស់ស្អាតបង្អួតទេសចរនានា  ភាពល្បីល្បាញ និងភាពសម្បូរបែប បានធ្វើឲ្យទីក្រុងបុរាណមួយនេះក្លាយជាប្រភពចំណូលដ៏សំខាន់ សម្រាប់កម្ពុជាតាមរយៈការទាក់ទាញភ្ញៀវទេសចររាប់រយរាប់ពាន់ក្នុងមួយថ្ងៃ ។ លើសពីនេះទៅទៀតរាជធានីភ្នំពេញ ក៏ជាបេះដូងឧស្សាហ៍កម្មរបស់ខ្មែរផងដែរ ។ កន្លែងទេសចរសំខាន់ ៗ ក្នុងក្រុងភ្នំពេញ ៖

១.រមណីយដ្ឋានវត្តភ្នំ៉៉ : គឺជារម្យនីយដ្ឋានឋិតនៅកណ្តាល រាជធារនីភ្នំពេញជាបេះដូងនៃទីក្រុងភ្នំពេញដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ ។ ភ្នំនេះយកឈ្មោះតាមលំនាំរឿងព្រេងដែលមានតំណាលមកថាកំលុងឆ្នាំ ១៣២៧ មានស្ត្រីមេម៉ាយម្នាក់ឈ្មោះពេញមានទ្រព្យស្តុកស្តម្ភ ។ ថ្ងៃមួយបានធ្វើដំណើរនៅតាមដងទន្លេមេគង្គក៏បានប្រទះឃើញនូវដើម្បីគគីរ មួយអណ្តែតក្បែរច្រាំងទន្លេ ។ ដូចនេះគាត់ក៏បានហៅអ្នកជិតខាងឲ្យមក ជួយទាញដើមគគីរនេះមកលើគោក គាត់ក៏ប្រទះឃើញរូបពុទ្ធបដិមាចំនួន ៤អង្គ។ ស្ត្រីឈ្មោះដូនពេញក៏បានហៅគ្នីគ្នាអ្នកស្រុកអ្នកភូមិយកដីពូនជាភ្នំ រួចសាងសង់ព្រះវិហារមួយនៅលើកំពូលភ្នំនោះដើម្បីតម្កល់បដិមាទាំង៤អង្គនោះ ។ ទីនោះក៏ត្រូវបានអ្នកស្រុកហៅថា ភ្នំដូនពេញរហូតមក ។ នៅលើកំពូលក្នុងបរិវេណវត្តភ្នំនេះ មានចេតិយធំមួយឋិតនៅពីខាងក្រោយព្រះវិហារ ។ ចេតិយនេះសាងសង់ឡើងសម្រាប់តម្កល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត វីរក្សត្រមួយអង្គរបស់ខ្មែរ នាចុងសម័យអង្គរ និងព្រះញាតិវង្សានុវង្សរបស់ទ្រង់ ។ នៅក្នុងចេតិយនោះផងដែរក៏មានតម្កល់ព្រះពុទ្ធរូបដែលនៅសេសសល់ពីសម័យអង្គរ ។ ចេតិយ និងព្រះវិហារនៅលើកំពូលភ្នំនេះត្រូវបានសាងសង់ឡើងវិញជាច្រើនដងគឺ នៅឆ្នាំ ១៤៣៤ - ១៨០៦ - ១៨៩៤ និងឆ្នាំ ១៩២៦ ។  ភ្ញៀវទេសចរណ៍នានា មិនថាចំពោះតែជនជាតិខ្មែរនោះទេសូម្បីតែជនបរទេស ក៏ចូលចិត្តទៅកំសាន្តនៅទីនោះដែរដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ ព្រមទាំងសម្រាកនៅក្រោមម្លប់ត្រជាក់នៃរុក្ខជាតិប្រទេគគីរជាដើម ដែលព័ទ្ធជុំវិញកូនភ្នំតូចមួយមានកម្ពស់ទាបល្មមប្រមាន ត្រឹម២៧ម៉ែតប៉ុណ្ណោះ ។ ម្យ៉ាងទៀតចំពោះទេសចរខ្មែរគេតែងទៅលំហែកាយនៅទីនោះ និងធ្វើការបួងសួងនៅក្នុងទីអារាម លើកំពូលភ្នំ ព្រោះទីនោះខ្មែរយើងជឿថាជាកន្លែងសក្តិសិទ្ធមួយផងដែរ ។ រីឯជនជាតិបរទេសវិញគេទៅដើម្បីកំសាន្តផង ​និងធ្វើការសិក្សាស្វែងយល់ អំពីវប្បធម៌របស់ខ្មែរ ផងតាមរយៈទីតាំងមួយចំនួនដែលមាននៅទីនោះ ដូចជាចេតិយព្រះបរមពញាយ៉ាតប្រវត្តិ និងរូបសំណាករបស់លោកយាយពេញសារមន្ទីរវប្បធម៌ ទីអារាមភ្នំ  ដូចពេញជាដើម ។ ក្រៅពីនេះទេសចរក៏អាចជិះដំរីកំសាន្តជុំវិញវត្តភ្នំផងដែរ ។

២.រមណីយដ្ឋានវិមានឯករាជ្យ: បើធ្វើដំណើរពីវត្តភ្នំឆ្ពោះទៅទិសខាងត្បូងតាមបណ្តោយផ្លូវព្រះនរោត្តម ភ្ញៀវទេសចរ និងប្រទះភ្នែកជាមួយកំពូលដ៏ស្កឹមស្កៃ នៃវិមានឯករាជ្យ ដែលប្រកបដោយក្បួរក្បាច់រចនាវិចិត្រមាននាគរាជចំនួនមួយរយឈរតាមថ្នាក់ទាំងប្រាំស្រមតាមទិសនីមួយ ៗ ទីនេះត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៨៦២ ដើម្បីរំលឹកទៅដល់ថ្ងៃដែលខ្មែរទទួលបានឯករាជ្យបរិបូរណ៍ពីប្រទេសបារាំង នៅឆ្នាំ ១៩៥៣ ។ ទីនេះក៏ជាកន្លែងប្រារព្ធនូវពិធីបុណ្យឯករាជ្យជាតិទី ០៩ ខែវិច្ឆិកា រៀងរាល់ឆ្នាំដោយមានការចូលរួមយ៉ាងកុះករពីបណ្តាមន្ត្រីគ្រប់ក្រសួងស្ថាប័នព្រម ទាំងមានព្រះមហាក្សត្រធ្វើជាអធិបតីផងដែរ ។វិមានឯករាជ្យសាងសង់ឡើងជាជាន់ថ្នាក់ដោយនៅផ្ទាល់ដីជុំវិញបរិវេណនេះ ​មានសាងសង់ជាគូទឹកចម្រុះពណ៌គួរឲ្យទស្សនា នាពេលរាត្រី ។ នៅក្បែរវិមានដ៏ស្កឹមស្កៃនេះសួនច្បារស្រស់ត្រកាលកំពុងអូសទាញភ្ញៀវ ទេសចរឲ្យមកកំសាន្តយ៉ាងកុះករពិសេសនៅរសៀលថ្ងៃរៀបលិចព្រោះ ទីនេះមានខ្យល់អាកាសល្អបរិសុទ្ធ ។

៣.ព្រះបរមរាជវាំង : ព្រះបរមរាជវាំង ស្ថិតនៅតាមបណ្តោលផ្លូវសុធារសចន្លោះផ្លូវ២៤០ និងផ្លូវ១៨៤ ក្បែរដងទន្លេបាសាក់ហើយត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៨៦៦ ក្រោមការដឹងនាំនិងត្រួតត្រាដោយពួកអនានិគមបារំាងក្នុងប្លួងព្រះបាទនរោត្តម ។ នៅក្នុងបរិវេណព្រះបរមរាជវាំងនេះមានសាងសង់នូវប្រាសាទជាច្រើនប្រកប ដោយតួនាទីខុស ៗ គ្នាទៅតាមទីតាំងនៃប្រាសាទនីមួយ ៗ ដូចជា ៖

-ព្រះទីនាំងទេវាវិនិច្ឆ័យ ជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើពិធីឡើងគ្រងរាជ្យ

-ប្រាសាទខេមរិន្ទកន្លែងសម្រាប់ព្រះមហាក្សត្រនិង អគ្គមេហសីគង់នៅ

-ព្រះទីនាំងច័ន្ទឆាយាជាកន្លែងដែលគេហាត់រាំរបាំ ព្រះរាជទ្រព្យនិងរបាំថ្វាយព្រះមហាក្សត្រព្រះញាតិវង្សានុវង្សនិងពួកមន្ត្រីជាន់ខ្ពស់ ។ នៅពីមុខប្រាសាទច័ន្ទឆាយាមានកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើ សវនាការជាមួយប្រជារាស្ត្រ និងមន្ត្រីរាជការ គ្រប់ជាំន់ថ្នាក់ ។

-ហោសម្រាន្តភិរម្យជាទីកន្លែងដែលព្រះមហាក្សត្រឡើងគង់លើដំរីរាជ្យ

  -ហោបាគូ ឬហោព្រះខ័នជាទីកន្លែងដែលពួកព្រាហ្មណ៍បាគូរក្សានូវគ្រឿងវត្ថុសម្រាប់សោយរាជ្យ

  - ព្រះរាជដំណាក់ច័ន្ទ

  - ពន្លាណាប៉ូឡេអុងទី៣ ជាអំណោយរបស់អគ្គមេហសីបារំាងសាងសង់ឡើងនៅដើមសតវត្សទី២ ។

៤.វត្តព្រះកែវមរកត វត្តព្រះកែវមរកត ជាទីអារាមមួយឋិតក្នុងបរិវេណព្រះបរមរាជវាំង ភាគខាងត្បួងហ៊ុម ព័ទ្ធដោយថែវខ្ពស់ ស្រឡះដែលពីមុនជាទីកន្លែងសម្រាប់ បង្រៀនភាសាបាលីដល់ព្រះសង្ឃដែលមកពីគ្រប់ទីកន្លែងក្នុងប្រទេសមុនពេលមានការសាងសង់សាលាបាលីនៅទីក្រុងភ្នំពេញថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៣០ ។ ពីដើមរៀងមកគេហៅអាស្រមដ្ឋានមួយនេះថាវត្តឧបោសថរតនារាម ទីកន្លែងដែលព្រះមហាក្សត្រកាន់ឧបោសថសីលជារៀងរាល់ថ្ងៃសីលប៉ុន្តែគ្មានព្រះសង្ឃគង់នៅនោះទេ  ។ នៅពេលមានការប្រារព្ធពិធីផ្សេង ៗ ត្រូវនិមន្តព្រះសង្ឃពីបណ្តាវត្តដទៃ នៅជុំវិញព្រះបរមរាជវាំងមកធ្វើពិធីតាមបែបពុទ្ធសាសនា ។ ទីនេះក៏ជាកន្លែងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រី ប្រារព្ធនូវពិធីបុណ្យផ្សេង ៗ តាមបវេណី ពុទ្ធសាសនាផងដែរ ។ វត្តនេះកសាងឡើងអំពីឈើនិងអិដ្ឋតាំងពីឆ្នាំ ១៨៩២ ដល់ឆ្នាំ ១៩០២ ក្នុងរជ្ជកាលព្រះបាទនរោត្តមតាមលំនាំនិងរចនាបថរបស់ខ្មែរហើយបាន ប្រារព្ធពិធីបញ្ចុះសីមា នៅថ្ងៃទី៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៤៤៥ ត្រូវនឹងថ្ងៃព្រហស្បត្តិ៍  ទី៥ ខែកុម្ភៈ ឆ្នាំ ១៩០៣ ។ ដោយសភាពទ្រុឌទ្រោមខ្លាំងវត្តនេះ ត្រូវបានធ្វើការកសាងជួសជុលឡើងវិញ នៅកំឡុងឆ្នាំ ១៩៦២ ដោយព្រះតម្រិះរបស់មហាក្សត្រត្រិយានីកុសុមនារីរ័ត្នក្រោមការដឹកនាំពី សម្តេចព្រះបាទនរោត្តមសីហនុ  ។ វិហារចាស់សាងសង់អំពីឈើត្រូវរុះរើចោលហើយសាងសង់ជំនួសដោយបេតុងអាមេ ដោយរក្សាទុករចនាបថដើមមានកម្រាលធ្វើអំពីប្រាក់ចំនួន ៥៣២៩សន្លឹក ដែលមួយសន្លឹកទម្ងន់ ១.១២៥គីឡូក្រាម និងសរសរបិទដោយថ្មកែវនាំចូលពីប្រទេសអ៊ីតាលី ។ វត្ថុផ្សេងៗ នៅក្នុងវិហារព្រះកែវមរកតសុទ្ធស៊ឹងសាងឡើងអំពីមាសប្រាក់ លង្ហិនសម្រិតជាដើម សរុបចំនួន ១៦៥០ ភាគច្រើនជាពុទ្ធរូប ។ វត្ថុមានតម្លៃសំខាន់ ៗ ក្នុងវិហារនេះមានដូចជា ៖

-ព្រះពុទ្ធរូបសង់ឡើងពីមាសសុទ្ធទម្ងន់ ៩០គីឡូក្រាមលំអរដោយគ្រាប់ពេជ្រចំនួនជាង ២០០០គ្រាប់ តាំងតូចទាំងធំប៉ុន្តែគ្រាប់ដែលធំជាងគេគឺមានទំហំ ២៥លី ឋិតនៅលើមកុដនិងបន្ទាប់មកទំហំ ២០លី នៅលើសុរង ។ ពុទ្ធរូបនេះសាងសង់ឡើងក្នុងឆ្នាំ ១៩០៤ដោយព្រះបាទស៊ីសុវត្ថិ តាមបំណងប្រាថ្នាដែលជាបណ្តាំរបស់ព្រះបាទ នរោត្តម មុនពេលសោយទិវង្គត ។

-ព្រះកែវមរកតជាវត្ថុកំណត់ឈ្មោះរបស់ព្រះវិហារនេះ

-ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធគោតមអំណោយរបស់សម្តេចព្រះសង្ឃរាជល្វីឯម គង់នៅវត្តលង្កា ក្នុងឆ្នាំ ១៩៥៦ ។ សារីរិកធាតុនេះត្រូវបាននាំចូលពីប្រទេសស្រីលង្ការ ។

-ព្រះពុទ្ធរូបមានជាតង្វាយព្រះមហាក្សត្រីយានីស៊ីសុវត្ថិនារីរ័ត្ន ក្នុងឆ្នាំ ១៩៦៩ ។

-នៅមានវត្ថុផ្សេងទៀតដែលជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងប្រដាប់ គ្រឿងលម្អក្នុងពីធីផ្សេង ៗ ជាដើម្បី ។

៥.សារមន្ទីរជាតិ  ឋិតនៅជាប់ខាងជើងព្រះបរមរាជវាំង សារមន្ទីរជាតិត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩១៧ ហើយសម្ពោធឲ្យឲ្យប្រើប្រាសនៅឆ្នាំ ១៩២០ ក្រោយព្រះបាទស៊ីសុវត្ថិចូលទិវង្គត ។ នៅក្នុងសារមន្ទីរនេះមានតាំងទៅដោយវត្ថុបុរាណរបស់ខ្មែរចំនួនជាង ៥០០០ ដូចជាសំភារៈ ប្រើប្រាស់និងគ្រឿងសក្ការបូជាផ្សេង ៗ ដែលមានអាយុកាលច្រើនសតវត្សកន្លងទៅ ។ វត្ថុបុរាណប្លែក ៗ ទេសភាពស្រស់ស្អាត ម្លប់ឈើត្រឈឹងត្រឈៃបានទាក់ទាញ ភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថ្ងៃ ៗ ឲ្យចូលទស្សនាទីនេះ ។ មិនចំពោះតែភ្ញៀវទេសចរប៉ុណ្ណោះទេ ដែលធ្វើដំណើរមកកាន់ទីនេះសូម្បីតែអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិក៏សំដៅតម្រង់ទីនេះដែរព្រោះថាកន្លែងនេះជាផ្នែកមួយនៃ អតីតកាលរបស់កម្ពុជា ។ នៅជិតសារមន្ទីរជាតិនេះ តាមបណ្តោយផ្លូវ ១៧៨ មានហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនដែលភ្ញៀវអាចរកទិញបាននូវវត្ថុល្អ ៗ ដូចជាផ្ទាំងគំនូរជាស្នាដៃរបស់កូនខ្មែរពិតៗ រូបចម្លាក់ឧបករណ៍ កែច្នៃ និង សំភារៈសិប្បកម្ម ជាដើម ។

៦.រមនីយដ្ឋានជើងឯក ឆ្ពោះទៅភាគខាងត្បូងរាជធានីភ្នំពេញធ្វើដំណើររយៈពេលប្រមាណ ២០ - ៤០នាទី លើកំណាត់ផ្លូវប្រវែង១៥គីឡូម៉ែត នឹង បានដល់ទីតាំងប្រវត្តិសាស្ត្រមួយដែលគេស្គាល់ថាជាតំបន់ពិឃាតជើងឯក ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានពួកខ្មែរក្រហមយកទៅវាយសម្លាប់ចោល មានទាំងប្រុសស្រីកូនក្មេងសរុបទាំងអស់ប្រមាណ ១៧០០០នាក់ នៅកំឡុងឆ្នាំ១៩៧៥  - ១៩៧៩ ។ អ្នកទោសទាំងអស់សុទ្ធតែជាប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលត្រូវបានអង្គការរកលេសចោទប្រកាន់ចាប់ចងដាក់គុកធ្វើទារុណកម្មបង្ខំឲ្យឆ្លើយ ចម្លើយមិនពិតនិងទីបំផុតត្រូវយកទៅសម្លាប់នៅទីនោះ ។ ជនរងគ្រោះដែលបាត់បង់ជីវិតនៅទីនោះសុទ្ធស៊ឹងជាអ្នកទោសដែលយកចេញពីមន្ទីរ ស-២១ ឬហៅថា គុកទួលស្លែង ។ នៅតំបន់ជើងឯក នេះផងដែរគេរកឃើញមានរណ្តៅសាកសពជាច្រើនព្រមទាំងភស្តុតាងបង្ហាញ ពីបទឧក្រិដ្ឋនេះ ដូចជាលលាដ៍ក្បាលជនរងគ្រោះដំបងចប កាប់ជាដើម ហើយត្រូវបានដាក់តាំងរួមនៅក្នុងអាស្រមដ្ឋានមួយឋិតនៅពីមុខ ទីធ្លានេះ  ។ 

៧.សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតវិទ្យាល័យទួលស្លែងត្រូវបានប្តូរឈ្មោះទៅជាមន្ទីរ ស-២១ នៅក្រោយពេលដែលខ្មែរក្រហមកាន់កាប់បានទីក្រុងភ្នំពេញថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជារាស្ត្រខ្មែរ ត្រូវបានពួកខ្មែរក្រហមចាប់យកទៅឃុំឃាំង ធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត ។នេះបើតាមការពន្យល់របស់អ្នកដែលនៅរស់រានមានជីវិតពីគុកទួលស្លែងនេះ និងតាមរយៈរូបគំនូររបស់លោកវណ្ណណាត ជនរងគ្រោះម្នាក់ដែលរួចផុតពីការសម្លាប់នៅទីនោះព្រមទាំងរូបថតដែលបន្សល់ទុកនៅទីនោះផងដែរ ។ អ្នកទោសទួលស្លែងប្រមាណតែ ១២នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកទោសជាង ១៧០០០នាក់ បានរួចផុតពីការស្លាប់ ហើយសព្វថ្ងៃនេះពួកគេក្លាយជាសាក្សី យ៉ាងសំខាន់ក្នុងដំណើរការ កាត់ទោសមេដឹងនាំខ្មែរក្រហម ។ ភស្តុតាងជាច្រើនដូចជា ឧបករណ៍ធ្វើទារុណកម្មជាដើម ក៏ត្រូវបានប្រមូលពីទីកន្លែងនោះសម្រាប់បង្ហាញ ជូនដល់ទេសចរជាតិនិង អន្តរជាតិ មិនតែប៉ុណ្ណោះក៏សម្រាប់ដំណើរការសាលាក្តីខ្មែរក្រហមផងដែរ ។ ក្រៅពីតំបន់សំខាន់ៗ ទាំងនេះនៅមាន ទីតាំងមួយចំនួនទៀតដូចជា ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សាអូឡំាពិក ជាដើមមិនតែប៉ុណ្ណោះនៅមានផ្សារទំនើប និងក្លិបកំសាន្ត ជាច្រើនទៀត ។ភ្នំពេញត្រូវបានស្គាល់ថា « គុចខ្យងរបស់អាស៊ី » ជារាជធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសកម្ពុជា ។ សព្វថ្ងៃភ្នំពេញជាមជ្ឈមណ្ឌវប្បធម៌ ពាណិជ្ជកម្ម និងនយោបាយដែលផ្តល់ជូននូវការបញ្ចូលគ្នាតែមួយគត់នៃសោភ័ណភាពបែប ប្រពៃណី និងបែបទីក្រុង ។

  សព្វថ្ងៃនេះ ភ្នំពេញជាទីក្រុងនៃការលូតលាស់សេដ្ឋកិច្ច និងសំណង់ទីក្រុង ។ រលកនៃការអភិវឌ្ឍបានបង្កើតជាអគារខ្ពស់ ៗ បូករួមទាំងមជ្ឈមណ្ឌពាណិជ្ជកម្ម ៣០ភោជនីយដ្ឋានដែលផ្តល់ជួនការបម្រើម្ហូបឆ្ងាញ់ ៗ និងសណ្ឋាគារដែលមានស្ទីលប្រណីតៗគ្រប់កម្រិត ។ អ្វីដែលរួមចំណែកក្នុងការអភិវឌ្ឍនេះ គឺការរីកចម្រើនខាងម្ហូបអាហារ និងទស្សនីយភាពពេលរាត្រីដែលអាចប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀត នៅក្នុងតំបន់ ។

  រាជធានីដ៏ស្រស់ស្អាតនេះក៏មានលក្ខណៈពិសេសនូវការទាក់ទាញ បែបប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន រួមនឹងឱកាសជាច្រើនដើម្បីតំណាងឲ្យវប្បធម៌ អរិយធម៌ប្រទេសកម្ពុជា ។ នៅទីនេះគេហដ្ឋានសល់ពីសម័យអាណានិគមចាស់ ៗ នៅស្ថិតស្ថេរជាមួយសោភ័ណភាព អាហារដ្ឋាន ថ្មី ៗ វត្តអារាម និងទីផ្សារ ទាំងអស់នេះជាភស្តុតាង នៃថាមពលដ៏ខ្លាំងក្លានៃផ្លូវថ្នល់របស់ ទីក្រុងភ្នំពេញ ។មាត់ទន្លេដ៏ល្បីល្បាញជាប្រជុំនៃ ហាងស្រា បារតូចៗ និងភោជនីយដ្ឋានដ៏ពេញនិយម។ មានហាងដែលផ្តល់ជូននូវផលិតផលធ្វើពីសូត្ររបស់កម្ពុជាដ៏ស្រស់ និងមានដាក់តាំងវិចិត្រសាលនៅសងខាងផ្លូវដែរ ។ បន្ថែមលើទស្សនីយភាពសិល្បៈ ដ៏វិចិត្រ និងការដើរកំសាន្តពេលរាត្រី អ្នកនឹងយល់ថាហេតុអ្វីភ្នំពេញក្លាយជាដ៏គួរឲ្យស្រឡាញ់ និងជាទិសដៅធ្វើដំណើររបស់ទេសចរបែបនេះ ។

 ជុំវិញទីក្រុងភ្នំពេញ

  នៅតាមដងវិថីនៃទីក្រុងភ្នំពេញពោរពេញដោយទស្សនីយភាព មានពណ៌ស្រស់ស្អាត ។ ទីក្រុងមានការចាប់អារម្មណ៍បែបប្រវត្តិសាស្ត្រនិង វប្បធម៌ អរិយធម៌ ដែលអាចធ្វើទេសចរបាន រួមជាមួយភោជនីយដ្ឋាន និងរង្គសាល ច្រើនរាប់មិនអស់  សម្រាប់ការចង់ដឹងពីប្រវត្តិសាស្ត្រ និងជីវិតរបស់ព្រះមហាក្សត្រ ភ្ញៀវអាចធ្វើទេសចរណ៍ទៅព្រះបរមរាជវាំង និងព្រះវិហារព្រះកែវមរកត ដែលមានទីតាំងនៅជិតព្រះរាជវាំង ។ គ្រាន់តែចេញដំណើរបន្តិចនឹងឃើញសារមន្ទីរជាតិដែលមានបន្ទប់ជាច្រើនមានទៅដោយចម្លាក់ខ្មែរ វត្ថុផ្សេង ៗ ធ្វើពីសេរ៉ាមិក ស្ពាន់ និងរបស់ប្រជាជនសម័យបុរាណ ។ ដើម្បីសាកល្បងពីជីវិតទីក្រុង ភ្ញៀវអាចដើរតាមមហាវិថីសុធារស ដែលមានម្ហូបអាហារក្នុងស្រុកនិងមានហាងលក់វត្ថុបុរាណដែលលក់របស់របរដូចជាថាសប្រាក់ ហិបម្លូ ខ្សែក្រវាត់កាក់បុរាណ រូបចម្លាក់ប្រាក់ ឬ ឈើនិងចម្លាក់ថ្មម៉ាបដ៏ល្បីល្បាញពីខេត្តពោធិសាត់ ។ភ្ញៀវក៏អាចស្វែងរកភាពរីករាយដោយ ធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ ។ តាមមហាវិថីពោរពេញទៅដោយអគារសល់ពីសម័យអាណានិគមស្រស់ប្រណីត ៗ និងនៅតាមមាត់ទន្លេមានហាងកាហ្វេ និង ភោជនីយដ្ឋាន ជាច្រើនដែលធ្វើឲ្យទីក្រុងនេះពិតជាស្រស់ស្អាតដោយ ការទស្សនាថ្មើរជើង ។សម្រាប់អ្នកដែលចាប់អារម្មណ៍ ការទិញឥវ៉ាន់ ផ្សារទួលទំពួង ក៏ត្រូវបានគេស្គាល់ថាផ្សារុស្សី ដែលមានលក់វត្ថុបុរាណ របស់អនុស្សាវរីយ៍ផ្សេងៗ និងសម្លៀកបំពោកដេរពីរោងចក្រដែលបញ្ចុះតម្លៃពិសេស ។ ភ្ញៀវដែលចូលចិត្តភាព ផាសុខភាពជាមួយម៉ាស៊ីនត្រជាក់អាច់ជ្រើសរើសឈប់នៅ ហាងទំនិញទំនើប ៗរបស់ទីក្រុង ( ដូចជា ផ្សារទំនើបសូរិយាមជ្ឈមណ្ឌសុវណ្ណ និងផ្សារស៊ីធីម៉ល ) ។ ការជិះទូកលេងកំសាន្តតាមដងទន្លេសាប របស់ទីក្រុងភ្នំពេញបម្រើជូននូវការសម្រាកដ៏ល្អឥតខ្ចោះ ដើម្បីបញ្ចប់សកម្មភាពនឿយហត់ពេញមួយថ្ងៃ ។ ស្រូបយកខ្យល់អាកាសបក់រំភើយ និងទស្សនាទីក្រុងរបស់ប្រទេសកម្ពុជា ចាប់ផ្តើមមានពន្លឺឡើងៗ នាពេលល្ងាច ។ 

 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World