ខេត្ត សៀមរាប

ខេត្តសៀមរាប :មានរមណីយដ្ឋាន ១០កន្លែងគឺ

១.រមណីយដ្ឋានក្រុមបា្រសាទអង្គរតូច  មានទីតាំងស្ថិតនៅខាងជើង ក្រុត សៀមរាបស្រុក សៀមរាប ចម្ងាយ ៧គ.ម ពីទីរួមខេត្ត ។

២.រមណីយដ្ឋានក្រុមប្រាសាទអង្គរធំ មានចម្ងាយ ១០គ.ម ពីទីរួមខេត្តដែលមានប្រាសាទបាយ័នជាចំណុចកណ្តាល ។

៣.រមណីយដ្ឋានវង់តូច មានចម្ងាយ ១២គ.ម ពីទីរួមខេត្ត ដែលមានក្រុមប្រាសាទជាច្រើន ។

៤.រមណីយដ្ឋានវង់ធំ មានចម្ងាយ ១៣គ.ម ពីទីរួមខេត្ត មានប្រាសាទព្រះខ័ណ្ឌនាគព័ន្ធ ក្រោលគោ តាសោម មេបុណ្យខាងកើត និងខាងលិច ប្រែរូប ស្រះស្រង់ ។

៥.រមណីយដ្ឋាន ប្រាសាទបន្ទាយសម្រែ មានចម្ងាយ ១៦ គ.ម ពីទីរួមខេត្ត ស្ថិតនៅឃុំ ព្រះដាក ស្រុក បន្ទាយស្រី ។

៦. រមណីយដ្ឋានភ្នំបូក មានចម្ងាយ ២៦គ.ម ពីទីរួមខេត្ត ស្ថិតនៅ ឃុំ កាវ៉ាន់ ស្រុកបន្ទាយស្រី ។

៧.រមណីយដ្ឋាន ប្រាសាទបាគង មានចម្ងាយ ១៥គ.ម ពីទីរួមខេត្ត ស្ថិតនៅឃុំបន្ទាយស្រី ស្រុក បន្ទាយស្រី ។

៨.រមណីយដ្ឋាន ភ្នំគូលេន មានចម្ងាយ ៦០គ.ម ពីទីរួមខេត្ត ស្ថិតនៅឃុំ ស្វាយលើស្រុក វ៉ារិន ។

៩.រមណីដ្ឋានភូមិបណ្តែតទឹក ភូមិនេះមានឈ្មោះថា ភូមិ ចុងឃ្នាស់ ស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប មានចម្ងាយ​១៥គ.ម ពីទីរួមខេត្ត ។

១០.រមណីយដ្ឋានទន្លេសាប ។

    ខេត្ត សៀមរាប ឋិតនៅភាគពាយព្យ នៃប្រទេសកម្ពុជា ជាតំបន់ទេសចរដ៏សំខាន់បំផុតរបស់កម្ពុជា ។ ខេត្តនេះ ជាតំបន់ដែលសំបូរប្រាសាទបុរាណដែលមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំកន្លងទៅហើយ ជាពិសេស ស្ថាបត្យកម្ម ប្រាសាទអង្គរវត្តដែលជាអច្ឆរិយវត្ថុនិងជាបេតិកភ័ណ្ឌពិភពលោក ដ៏ល្បីល្បាញ បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរកចំណូលជូនជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរតាមរយៈអ្នកទេសចរក្នុង និងក្រៅប្រទេស។ខេត្តនេះផងដែរឋិតនៅខាងជើងបឹងទន្លេសាប មានព្រំប្រទល់ជាប់ខេត្តកំពង់ធំ  បន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត ឧត្តរមានជ័យ ខេត្តព្រះវិហារ និងបឹងទន្លេសាប ។ ខេត្តសៀមរាបមានផ្ទៃក្រឡា ១០២៩៩ គីឡូម៉ែតក្រឡា មានចម្ងាយផ្លូវប្រមាណ ៣១៤គ.ម ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៦ A មាន ១២ ស្រុក ចែកចេញ ១០០ឃុំ និង ៨៧៥ភូមិ ។

១.ប្រាសាទអង្គរវត្ត

    ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរយើង គឺប្រាសាទអង្គរវត្តដែលជាស្នាដៃរបស់ព្រះ មហាវីរក្សត្រនាសម័យអង្គរគឺ ព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបានចាត់ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនតែប៉ុណ្ណោះចំពោះស្នាដៃដ៏អស្ចារ្យគ្មានពីរនេះត្រូវបានប្រជាជនខ្មែរយើងគិតមិនមែនជាស្នាដៃ របស់មនុស្សធម្មតាឡើយគឺស្នាដៃរបស់ព្រះពិស្ណុការ ។ បា្រសាទអង្គរវត្តឋិតនៅភាគខាងជើងទីរួមខេត្តសៀមរាប ក្នុងស្រុក សៀមរាបចម្ងាយប្រមាណ ៧គ.ម តាមផ្លូវហ្សាលដឺហ្គោល ដែលអមសងខាងដោយដើមឈើធំ ៗខៀវស្រងាត់ ជាតំបន់ព្រៃការពារតំបន់អង្គរ ។ ប្រាសាទនេះសាងសង់ឡើងសតវត្សទី១២តាមការបង្ហាញរបស់សៀវភៅ Ankor wat Best Collection 21 បានឲ្យដឹងថាប្រាសាទនេះចំណាយពេលសាងសង់អស់រយៈពេល៣០ឆ្នាំ មានកម្ពស់ ៦៥ម៉ែត  និងផ្ទៃក្រឡាជាង២០០ហិចតា មានកំផែងព័ទ្ធជុំវិញ រួមជាមួយគួទឹកដែលមានទទឹង ២០០ម៉ែត ។ ផ្លូវចូលទៅកាន់គោបុរៈកំពូលបីនៃកំពែង បា្រសាទកា្រលដោយថ្មភក់ធំ ៗ ជាស្ពានឆ្លងកាត់គូទឹក អមដោយសត្វនាគរាជ ជាបង្កាន់ដៃប្រវែង ២៥០ម៉ែត និងទទឹង ១២ម៉ែត ។ នៅពេលចូលហួសកំពែងប្រាសាទឃើញមានបណ្ណាល័យពីរ និងស្រះទឹកពីរ អមសាងខាងផ្លូវចូល ដែលមានប្រវែង ៣៥០ម៉ែត ទទឹង ៩ម៉ែត មាននាគរាជ ជាបង្កាន់ដៃដូចគ្នា និងផ្លូវចូលទីមួយដែរ ។ប្រាសាទនេះមានថែវពីរជាន់ ដែលនៅតាមថែវនីមួយ ៗ មានឆ្លាក់ជារូបអប្សរាពត់ពេន និងរឿងរ៉ាវផ្សេង ៗ ព្រមទាំងមាន សិលាចារិកជាច្រើននៅតាម សរសរភ្ជាប់ពីថែវមួយទៅថែវមួយទៀតផង ។ កំពូលទាំងប្រាំងឋិតនៅលើគ្រឹះមួយមានរាង ការេដែលជ្រុងនីមួយៗប្រវែង ៦០ម៉ែត ។ គ្រឹះនេះមានកម្ពស់ ១៣ម៉ែត មានជណ្តើរឡើង ១២ ព័ទ្ធជុំវិញ ហើយជណ្តើរនីមួយ ៗ មានចំនួន ៤០កាំ ប្រាង្គ ដែលខ្ពស់ជាងគេមានកម្ពស់ ៤២ម៉ែត ពីជាន់ទី២។កាលពីដើមឡើយប្រាង្គដែលខ្ពស់ ជាងគេមានរូបព្រះវិស្ពុតម្កលើ នៅទីនេះ តែនៅពេលបច្ចុប្បន្ននេះត្រូវជំនួសដោយព្រះពុទ្ធរូមវិញ ។ ក្រៅពីអង្គវត្តដែលជាស្នាដៃដ៏ល្បីនេះ ខេត្តសៀមរាប នៅមានសំណង់ប្រាសាទបុរាណ រាប់រយផ្សេងទៀត នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងក្នុងខេត្តទាំងមូល ដូចជាប្រាសាទ ភ្នំបាក់ខែង ប្រាសាទបាយ័ន ប្រាសាទបាពួនព្រះបរមរាជវាំង ប្រាសាទភិមានអាកាស ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្តី​ ប្រាសាទតាកែវ ប្រាសាទបន្ទាយស្រី ប្រាសាទមេបុណ្យខាងលិច ប្រាសាទបក្សីចាំក្រុង ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទបាគង ទីលានព្រះគម្លង់ ប្រាសាទសួរព្រាត់ ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ។

២.បារាយណ៍ខាងលិច

 បារាយណ៍ខាងលិច ជាបារាយណ៍ដ៏ធំជាគេបង្អស់ នៅតំបន់អង្គរ ជាទីទប់ទឹកសម្រាប់ឲ្យប្រជាកសិករខ្មែរ ស្រោចស្រពចំការដំណាំរបស់ពួកគេ ។ បារាយណ៍នេះឋិតនៅភាគខាងលិចនៃរាជាធានីអង្គរធំ មានទំហំ ៨គ.ម   ២.១គ.ម កសាងឡើងនៅសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ហើយសាងសង់រួចរាល់ នៅរាជព្រះបាទសូរ្យវរ្ម័នទី២។នៅកណ្តាលផ្ទៃទឹកនៃបារាយណ៍ខាងលិចនេះមានទីទួលកោះមួយដែលមានសាងសង់ប្រាសាទ សម្រាប់បូជាដល់ព្រះវិស្ណុ ឈ្មោះប្រាសាទ មេបុណ្យខាងលិច ។ រូបសំណាកព្រះវិស្ណុផ្ទំ នៅទីនោះបច្ចុប្បន្នត្រូវបាន ដាក់តាំងនៅសារមន្ទីរជាតិទីក្រុងភ្នំពេញ ។ ទេសចរអាចងួតទឹកកំសាន្ត ឬជួលទូកជិះទៅទស្សនាប្រាសាទមេបុណ្យខាងលិច ។

៣.បារាយណ៍ខាងកើត

   បារាយណ៍ខាងកើត គឺជាបារាយណ៍ធំជាងគេបំផុតទី២ នៅតំបន់អង្គរ បន្ទាប់ពីបារាយណ៍ខាងលិច ។ បារាយណ៍ នេះឋិតនៅភាគខាងកើតរាជធានីអង្គរធំ កសាងឡើងនៅកំឡុងឆ្នាំ ៩០០ រជ្ជកាលព្រះបាទយសោវរ្ម័ន មានទំហំ ៧,១៥០ម៉ែត x ១,៧៤០ម៉ែតអាចផ្ទុកទឹកបាន ៥០លានម៉ែតគូប សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាកសិករធ្វើស្រែចំការ ។នៅចំកណ្តាលបារាយណ៍ មានកូនកោះមួយតំណាងឲ្យភ្នំព្រះសុមេរុដែលជាលំនៅឋានរបស់ព្រះវិស្ណុ គឺប្រាសាទមេបុណ្យខាងកើត តែដោយសារបច្ចុប្បន្នបារាយណ៍នេះរីងហួតទឹកអស់ ទើបប្រាសាទបុរាណមួយនេះ ត្រូវឋិតនៅលើដីទួលធម្មតា ។

៤.ភ្នំគូលែន

  ភ្នំគូលែនឋិតនៅក្នុងស្រុក ស្វាយលើ និងស្រុកវ៉ារិន មានចម្ងាយប្រមាណ​៦០គ.មពីទីរួមខេត្តសៀមរាប ។ ភ្នំនេះ ជារាធានីដែលព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធពិធីទេវរាជតម្លើងខ្លួនឲ្យស្មើអាទិទេព និងប្រកាសឯករាជពីប្រទេស ជ្វានៅឆ្នាំ ៨០២ នៃគ្រិស្តសករាជ ។ភ្នំនេះពីដើមមានឈ្មោះថា មហិន្ទ្របព៌ត ជាទីតាំងដ៏ល្បីល្បាញមួយរបស់ខេត្តសៀមរាបមានទាំងប្រាសាទបុរាណ និងទឹកជ្រោះដ៏ស្រស់ស្អាតថែមទៀតផង ។ នៅបាតស្ទឹងសៀមរាប លើកំពូលភ្នំនេះមានឆ្លាក់សិវលិង្គ និងយោនីនាឧមាចំនួនមួយពាន់ ដែលគេហៅទីនោះថាជាតំបន់ លិង្គមួយពាន់ ។ ធ្វើដំណើរបង្ហួស តំបន់លិង្គមួយពាន់បន្តិចគេ នឹងបានដល់ទីអារាមដ្ឋានពុទ្ធសាសនាមួយ កន្លែងនៅលើកំពូលភ្នំនោះ ដោយមានរូប សំណាកព្រះពុទ្ធចូលបរិនិព្វាន មួយយ៉ាងធំដែលឆ្លាក់ឡើងនៅលើថ្មដុះ កម្ពស់ប្រមាណ ៧.៥ម៉ែត ។ព្រះអង្គធំនេះឆ្លាក់ ឡើងនៅក្នុងសតវត្សទី ១៦ ជាទីសក្ការៈបូជា ហើយប្រជាពលរដ្ឋខ្មែរតែងមានជំនឿថាមានបារមីសក្តិសិទ្ធ ខ្លាំងពូកែប្រចាំ នៅភ្នំគូលែននេះ ។ ក្រៅពីនោះនៅមានតំបន់មួយទៀតដែលទេសចរមិនដែលភ្លេចឡើយ គឺទឹកជ្រោះភ្នំគូលេន ដែលជា ទឹកធ្លាក់ធម្មជាតិ សម្រាប់ទេចរងូតកំសាន្ត បំបាត់ការនឿយហត់ក្នុងការធ្វើដំណើរជាមួយទឹកត្រជាក់ស្រឹម ។ នៅក្បែរ ទឹកជ្រោះមានប្រាសាទបុរាណមួយបាក់បែកអស់ សាងសង់ពីថ្មបាយក្រៀម មានឈ្មោះថាប្រាសាទក្រោលរមាស ។

៥.ភូមិវប្បធម៌

  ភូមិវប្បធម៌ដែលមានទីតាំងនៅក្នុងក្រុងសៀមរាប ត្រូវបានសាងសង់ឡើងនៅពាក់កណ្តាលឆ្នាំ ២០០១ ហើយបើកឲ្យមានការចូលទស្សនានៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០០៣ ។ភូមិវប្បធម៌រៀបចំឡើងនៅលើផ្ទៃដី ប្រមាណ ២១០០០០ម៉ែតការេ មានភូមិចំនួន១២ ដែលបង្ហាញនូវប្រពៃណីទំនៀមទម្លាប់ខុស ៗ គ្នាទៅតាមវប្បធម៌នៃជនជាតិ ចំនួន១៩ ។ នៅតាមបណ្តាភូមិននីមួយ ៗ អ្នកទស្សនាអាចរីករាយជាមួយការសំដែងជាលក្ខណៈវប្បធម៌ផ្សេង ៗ ដូចជា ការរាំអប្សរា ការសំដែងការរៀបអាពាហ៍ពិពាហ៍ ការសំដែងរបាំផ្សេង ៗ កីឡាប្រដាល់ ក្បាច់គុណបុរាណខ្មែរ និង ការលេងល្បែងប្រជាប្រិយជាដើម ។ មិនតែប៉ុណ្ណោះ ក៏មានការបង្ហាញពីរបៀប ឆ្លាក់ រូបអំពីឈើ ថ្ម ក្រមួន លោហៈធាតុ ។ ល ។ ព្រមទាំងមានសំណង់ប្រវត្តិសាស្ត្រ ដែលឆ្លាក់ជានិមិត្តរូបផងដែរ ។

៦.ក្បាលស្ពាន

    ក្បាលស្ពាន ត្រូវបានកសាងឡើងនៅក្នុងយុគសម័យអង្គរឋិតនៅលើជម្រាលភាគនិរតី នៃភ្នំគូលេន ចម្ងាយប្រមាណ ២៥គ.ម ពីតំបន់ប្រាសាទអង្គរ ។ នៅទីនោះ មានឆ្លាក់ជាសិវលិង្គចំនួន ១០០០នៅបាតស្ទឹង និងមានចម្លាក់ដ៏ល្អ ជាច្រើនទៀតផង ។ តំបន់នោះត្រូវបានគេស្គាល់ ថាជាតំបន់លិង្គ ។ ផ្ទាំងថ្មដែលដុះនៅបាតស្ទឹងត្រូវ បានឆ្លាក់ ជារាងមូលតំណាងលិង្គព្រះឥសូរដែលជាប្រភពនៃជីវិត ។ លក្ខណៈពិសេសបីយ៉ាងនៃចម្លាក់លិង្គព្រះឥសូរ និងយោនីព្រះនាងឧមា រីឯទី៣ គឺជាចម្លាក់ពិពណ៌នា អំពីដំណើររឿង របស់អាទិទេពនិងសត្វផ្សេងៗ ដែលជាជំនិះរបស់ទ្រង់ ។ ចម្លាក់ភាគច្រើននៅ តំបន់ក្បាលស្ពានគឺ ចាប់ផ្តើម កសាងឡើងនៅក្នុងសតវត្សទី១១ រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ រហូតដល់រជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី.............. ។ លិង្គដែល ធ្លាក់នៅបាតស្ទឹងលើជម្រាលភ្នំគូលេននេះត្រូវគេជឿថាជាវត្ថុ ធ្វើឲ្យទឹកស្ទឹង ក្លាយជាទឹកពិសិដ្ឋ ដែលហូរចូលទៅក្នុងបារាយណ៍ខាងកើត និងសម្រាប់ស្រោចស្រពផលដំណាំរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ក្រោយមក ។

៧.ប្រាសាទក្រវ៉ាន់

   ប្រាសាទក្រាវ៉ាន់ ឋិតនៅខាងកើតប្រាសាទអង្គរវត្ត ខាងត្បូងប្រាសាទបន្ទាយក្តីកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ នៅឆ្នាំ ៩២១ នៃគ្រឹស្តសករាជ បូជាថ្វាយដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ។ ប្រាសាទនេះមានប្រាង្គចំនួន៥ កសាងលើខឿនតែមួយបែរមុខទៅទិសខាងកើត ដែលប្រាង្គទាំង៥នេះសង់ពីឥដ្ឋ មានផ្តែរលើទ្វារចូលសង់ពីថ្មភក់ដែលនៅលើផ្តែរនៃប្រាង្គ២ ក្នុងចំណោមប្រាង្គទាំង៥ មានឆ្លាក់ជាចម្លាក់ពិពណ៌នាពីព្រះវិស្ណុនិងព្រះមហេសីព្រះនាងក្ម្សី ។ ប្រាសាទនេះទោះបីតូច បន្តិចក៏ប៉ុន្តែមានលក្ខណៈល្អឥតខ្ចោះ ។ គេសន្និដ្ឋានថាប្រាសាទនេះប្រហែលកសាងឡើងដោយមន្ត្រីកាត់ក្តី ជាន់ខ្ពស់ម្នាក់នៅសម័យនោះ ។ ក្នុងចំណោមប្រាង្គទាំង៥ ប្រាង្គដែលនៅកណ្តាលមានសភាពល្អជាងគេដោយប្រាង្គនេះខូចខាតតែនៅកំពូលលើបន្តិចប៉ុណ្ណោះ រីឯប្រាង្គដទៃ៤ទៀតដាច់បាត់កំពូលខាងលើធ្វើឲ្យប្រាសាទសង់ពីឥដ្ឋ ពណ៌ផ្កាឈូក មួយនេះមានសម្រស់កាន់តែស្រស់ស្អាតមួយបែបផ្សេងទៀត ។ នៅចំពីខាងកើតមានផ្លូវចូលក្រាលឥដ្ឋទៅកាន់ខឿនប្រាសាទ ដែលមានការរចនាយ៉ាងប្រពៃដោយបែកជាផ្លូវខ្វែងសំដៅទៅរកតួ ប៉មនីមួយៗនៃប្រាសាទទាំងប្រាំ ។

៨.បា្រសាទក្រោលគោ

    ប្រាសាទបែបពុទ្ធសាសនាមួយទៀត ដែលកសាងឡើងនៅចុងសតវត្សទី១២ ក្រោមរាជព្រះបាទ ជ័យវរ្ម័នទី៧ ហើយឋិតនៅពីខាងកើតប្រាសាទនាគព័ន្ធនោះ គឺប្រាសាទក្រោគោ ។ ប្រាសាទនេះផងដែរ មានចម្ងាយ ២គ.ម ពីប្រាសាទតាសោមខាងស្តាំដៃចុះពីផ្លូវ៩០០ម៉ែត ។ លក្ខណៈពិសេសនៃប្រាសាទបុរាណមួយនេះ គឺមានប្រាង្គតែមួយ នៅលើទីលានរាងកាកបាទ និងមានបណ្ណាល័យមួយ កសាងឡើងពីថ្មបាយក្រៀម និងថ្មភក់  បែរមុខទៅទិសខាងត្បូងនៅខាងលើទីលានរាងកាកបាទនោះ ។ កំពែងនៃប្រាសាទសាងឡើងពីថ្មបាយក្រៀមដែល មានគោបុរៈនៅទិសខាងលិច និងមាន គូទឹកព័ទ្ធជុំវិញ ។ ចម្លាក់នៅឯប្រាសាទពិពណ៌នា អំពីពោធិសត្វ អវលោកេស្វរៈ ឈរនៅពីខាងលើផ្កាឈូក និង ពណ៌នាអំពីដំណើរឿងគ្រឹស្នាឡើងលើភ្នំ Govardhana ដើម្បីសម្រាក ។

៩.បា្រសាទឃ្លាំង

   ប្រាសាទឃ្លាំងជាប្រាសាទ២ ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពីខាងជើង និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ ។ ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ ដោយប្រាសាទឃ្លាំង ដែលនៅពីខាង ជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងខាងត្បូង ។ ប្រាសាទទំាងពីនេះថ្វីត្បិត តែសាងសង់ឡើងនៅមុនក្រោយគ្នាក៏ដោយ ប៉ុន្តែមានរូបរាងស្ទើរដូចគ្នាទាំងស្រុងទោះបីប្រាសាទឃ្លាំងខាងត្បូងតូចបន្តិចក៏ដោយ ។ ប្រាសាទឃ្លាំង ខាងជើងកសាងឡើងនៅសតវត្សទី១០ដោយព្រះបាទជ័យវរ្ម័នទី៥ និងប្រាសាទឃ្លាំងខាងត្បូងកសាងឡើងនៅសតវត្ស១១ ដោយព្រះបាទសូរ្យវរ្ម័នទី ................ ។  ក្រៅពីប្រាសាទទាំងពីរ ដែលឋិតក្នុងរចនាបថឃ្លាំង នៅមានប្រាសាទផ្សេងទៀតដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវក៏ឋិតក្នុងរចនាបថឃ្លាំងផងដែរ ។ ឃ្លាំងមានន័យថាជាបន្ទប់សម្រាប់ផ្ទុកនូវសម្ភារផ្សេង ៗ ក៏ប៉ុន្តែប្រាសាទនេះមិនមែនជាឃ្លាំងផ្ទុកដូចឈ្មោះនោះទេ ផ្ទុយទៅវិញ តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្របានបង្ហាញថា ទីនេះទំនងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ ដូចជាពួកអភិជន ឬជនបរទេសជាដើម ។ ប្រាសាទឃ្លាំងខាងជើងកាលដើមឡើយក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាងសង់ឡើងពីឈើ ប៉ុន្តែត្រូវរុះរើជួសជុលពីថ្មភក់វិញម្តងដោយព្រះបាទជ័យវរ្ម័ទី៥ មុនការសាងសង់ប្រាសាទឃ្លាំងខាងត្បូង ។

១០.ប្រាសាទចៅសាយទេវតា

   ចៅសាយទេវតា គឺជាប្រាសាទបុរាណមួយ ឋិតនៅក្នុងតំបន់ប្រាសាទអង្គរ នៃប្រទេសកម្ពុជា ។ ប្រាសាទនេះឋិត នៅភាគខាងកើតក្រុងអង្គរធំ ដោយឆ្លងកាត់តាមទ្វារជ័យ ប្រហែលជា ៥០០ម៉ែត ទលមុខប្រសាទធម្មនន្ទ កសាងឡើង តាមរចនាបថអង្គវត្តសម្រាប់ឧទ្ទិសថ្វាយចំពោះ ព្រហ្មញ្ញ សាសនា នៅដើមសតវត្សទី១២ ។ ប្រាសាទនេះមានរូបរាងប្រហាក់ប្រហែល នឹងប្រាសាទធម្មនន្ទដែរ ប៉ុន្តែប្រាសាទនេះមានការខូចខាត ច្រើន ។នៅក្នុងឆ្នាំ ២០០៥ ប្រាសាទនេះត្រូវបានធ្វើការជួសជុលឡើងវិញនៅលើផ្នែកខ្លះ ៗ ដោយក្រុមហ៊ុនរបស់ចិន ។

១១.ប្រាសាទតាកែវ

  ប្រាសាទបុរាណនេះឋិតក្នុងរចនាបថឃ្លាំង ដែលស្ថិតនៅខាងកើតប្រាសាទចៅសាយទេវតា និង ប្រាសាទធម្មនន្ទ តាមទ្វារជ័យឆ្លងកាត់ស្ទឹងសៀមរាប តាមស្ពានមួយដែលអ្នកស្រុកហៅថា ស្ពានតាកែវ ។ បា្រសាទនេះសាងឡើងក្នុងសតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ជារាជធានីថ្មី របស់សម័យអង្គរ គឺរាជធានី ជយេន្ទ្រគរី ដែលមានភ្នំហេមគិរីឬភ្នំព្រះសុមេរុ តាមការហៅក្នុងព្រាហ្ម៍ សាសនា ឬភ្នំហេមពាន្ត តាមការហៅរបស់ពុទ្ធសាសនា នៅចំកណ្តាល គឺប្រាសាទ តាកែវ នេះឯង ។ ប្រាសាទនេះឧទ្ទិសថ្វាយចំពោះព្រះឥសូរ ប៉ុន្តែនៅសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី៥ ប្រាសាទនេះកសាងមិនទាន់រួចនៅឡើយទេ លុះនៅសតវត្សទី១២ ទើបមានការសាងសង់បង្ហើយ ដោយព្រះបាទសូរ្យវរ្ម័ន ។ប្រាសាទបែរមុខទៅរកទិសខាងកើត មាន៣ជាន់កម្ពស់ ២២ម៉ែតមានប្រាង្គប្រាំនៅជាន់ខ្ពស់ខាងលើគេបង្អស់នៃប្រាសាទ ។ ថែវស្ថិតនៅជាន់ទី២ និងមានដំបូលធ្វើពីឥដ្ឋ ​តែឥឡូវខូចខាតអស់ហើយមានអគាររាងចតុកោណកែងវែង២ និងបណ្ណាល័យនៅទិសខាងកើត ។ជាន់ខាងលើនៃប្រាសាទមានរាង ការ៉េ និងមានជណ្តើរ គ្រប់ទិស ប៉ុន្តែជណ្តើរមានសភាពសិករេចរិលពិបាកឡើងអាចបង្កគ្រោះថ្នាក់បានប្រសិនបើខ្វះការប្រុងប្រយ័ត្ន ។ ប្រាសាទនេះពុំសូវមានចម្លាក់លម្អដូចនៅប្រាសាទដទៃទៀតនោះទេ ដែលនេះបង្កើតជាភាពងឿងឆ្ងល់ដល់អ្នកសិក្សាសា្រវជ្រាវទាំងឡាយ ។ មានការសន្និដ្ឋានថាថ្មនៅប្រាសាទនេះ មានសភាពរឹងពិបាកក្នុងការឆ្លាក់ជារូបផ្សេងៗ ។ ប៉ុន្តែមានការសន្និដ្ឋានផ្សេងទៀតថា ការដែលពុំមានចម្លាក់នៅលើប្រាសាទនេះ គឺជាចេតនារបស់អ្នកកសាងផ្ទាល់តែម្តង ។ ប៉ុន្តែពុំមានហេតុផលបញ្ជាក់នៅឡើយទេ គ្រាន់តែមានការលើកអំណះអំណាងថា ជាធម្មតា ស្ថាប​ត្យករមុននឹងធ្វើការសាងសង់អ្វីមួយគឺគេបានគិតទុកជាមុនជាស្រេចហើយថាត្រូវរើសយកសម្ភារ វត្ថុធាតុអ្វីខ្លះ ។ ប្រសិនបើសម្ភារ ឬវត្ថុធាតុនោះ បានធ្វើឲ្យប៉ះពាល់រាំងស្ទះដែលជាបច្ច័យអាក្រក់ដល់ការសាងសង់នោះ នោះសម្ភារនិងវត្ថុធាតុដើមប្រាកដជាពុំត្រូវបាន ធ្វើការជ្រើសរើសនោះឡើយ ។ អំណះអំណាងទាំងនេះគ្រាន់តែជាការយល់ឃើញរបស់អ្នកស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែសម្រាប់ហេតុផលពិតប្រាកដយ៉ាងដូចម្តេចនោះ ពុំមានការបកស្រាយឲ្យបានច្បាស់នៅឡើយទេ ។

១២.ប្រាសាទតានៃ

    ប្រាសាទតានៃ សាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧សម្រាប់បូជាថ្វាយចំពោះព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះឋិតនៅក្បែរជ្រុងពាយព្យនៃបារាយណ៍ខាងកើត ។ តានៃ ជាឈ្មោះនៃប្រាសាទដែលយកតាមឈ្មោះតាម្នាក់ជាអ្នកយាមថែរក្សាប្រាសាទឈ្មោះនៃ តាមការរៀបរាប់ពីអ្នកស្រុកនៅជុំវិញតំបន់ប្រាសាទនោះ ។ប្រាសាទនេះឋិតនៅក្នុងព្រៃស្ងាត់ចូលតាមច្រកផ្លូវលំតូចមួយ ខាងកើតប្រាសាទតាកែវ ឆ្ពោះទៅទិសខាងជើងប្រហែល ៨០០ម៉ែត ។ ចម្លាក់រូបអប្សរាដ៏ស្រស់ស្អាត និងចម្លាក់នៅលើផ្តែរមានភាពរស់រវើក ដែលរចនាបថនៃប្រាសាទត្រូវបានយកលំនាំតាមប្រាសាទអង្គរធំដែលជាស្នាដៃរបស់ព្រះមហាវីរក្សត្រឆ្នើមនៃសម័យអង្គរ ព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នា ។ គេអាចធ្វើដំណើរទៅកាន់ទីនោះដោយគ្រាន់ចំណាយពេលវេលាប្រមាណត្រឹមតែត ២០នាទីប៉ុណ្ណោះពីក្រុងសៀមរាប ។

១៣.ប្រាសាទតាសោម

    ប្រាសាទតាសោម ត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ឋិតនៅខាងកើតប្រាសាទនាគព័ន្ធ ។ ប្រាសាទនេះមានទំហំតូច និងជាប្រាសាទបែបពុទ្ធសាសនា ដែលព្រះអង្គទ្រង់បានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតារបស់ទ្រង់ ។ ប្រាសាទនេះមានកំពែងព័ទ្ធជុំវិញ ៣ជាន់មានប្រាង្គតែមួយមានគោបុរៈនៅតាមទិសនីមួយៗ ដែលនៅកំពូលនៃគោបូរៈ ជារូបព្រះព្រហ្មមុខ ។ នៅលើគោបុរៈខាងខាងកើតនៃប្រាសាទតាសោមមានដើមឈើមួយដើមធំដុះពីលើដែលបង្កើតបានជាទស្សនីយភាពប្លែកគួរឲ្យចាប់អារម្មណ៍ក៏ប៉ុន្តែបើសញ្ជឹងគិតបន្តិចគេនឹងបានឃើញនូភាពសោកសៅដែលប្រាសាទបុរាណមួយនេះ ជាកេរ្តិ៍មត៌កដូនតា បែរជាត្រូវទទួលរងនូវមហាទម្ងន់ដ៏ធ្ងន់អស្ចារ្យបំផ្លិចបំផ្លាញបន្តិចម្តង ឈានទៅរកការអន្តរាយ ។

១៤.ប្រាសាទធម្មនន្ទ

    ប្រាសាទធម្មនន្ទជាប្រាសាទបែប ហិណ្ឌូ ចាប់ផ្តើមកសាងឡើងនៅចុងសតវត្សទី១១និងរួចរាល់នៅដើមសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ( ១១១៣- ១១៥០ ) ។ ប្រាសាទនេះឋិតនៅខាងកើត ទ្វារជ័យនៃទីក្រុងអង្គរធំប្រហែល ៥០០ម៉ែត ក្បែរគ្នានឹងប្រាសាទ ចៅសាយទេវតា ។ ប្រាសាទនេះមានរាង ចតុកោណមានប្រាង្គបែរមុខទៅទិសខាងកើត មានគូទឹក និងកំពែង ដែលមានគោបុរៈពីរនៅខាងកើត និងខាងលិច ព្រមទាំងមានបណ្ណាល័យ មួយនៅចំទិស អាគ្នេយ៍ផងដែរ ។

១៥.ប្រាសាទនាគព័ន្ធ

    ប្រាសាទនេះយកឈ្មោះតាមរូបសត្វនាគដែលនៅពត់ពេនព័ទ្ធជុំវិញប្រាសាទនេះ ។ តាមអ្នកសិក្សាប្រវត្តិសាស្ត្របានគិតថាប្រាសាទនាគព័ន្ធតំណាងឲ្យស្រះអាណាវទេព ដែលជាស្រះទឹកមួយខ្ពស់ជាងគេលើផែនដី ឋិតនៅលើកំពូលភ្នំ ហិមល័យ ឬគេស្គាល់ថាជាភ្នំហេមពាន្ត ដែលមានទឹកសម្រាប់ព្យាបាលជំងឺ ។ ទីនេះក៏ជាមន្ទីរពេទ្យមួយផងដែរដែលព្រះបាទជ័យវរ្ម័នទី៧ បានកសាងឡើង ហើយទឹកស្រះនេះត្រូវបានគេយកមកសម្រាប់ព្យាបាលជំងឺ ។ ម៉្យាងទៀតនៅជុំវិញប្រាសាទនេះ មានស្រះ ៤ ទទួលទឹកបន្តពីស្រះអាណាវទេព ។ តាមទស្សនៈ ខ្លះទៀតបានលើកឡើងថាស្រះទាំង៤ នេះតំណាងឲ្យទឹកដីភ្លើងខ្យល់ ជាធាតុនៃជីវិតរបសជីវិត និងរូបកាយមនុស្ស ។ ហេតុនេះប្រសិនបើ មានប្រជាជនណាម្នាក់មានជំងឺគេត្រូវចុះទៅងូតទឹកនៅកន្លែងនោះដើម្បីបានជាសះស្បើយ ពីជំងឺរបស់ខ្លួន ។ នៅតាមស្រះនីមួយៗ មានរូបសំណាកផ្សេងៗ គ្នាគឺនៅពីខាងជើងមានរូបក្បាលដំរី នៅខាងកើតមានរូបក្បាលមនុស្ស នៅខាងត្បូងមានរូបក្បាលតោ នៅខាងលិចមានរូបក្បាលសេះ ។ ប្រាសាទនាគព័ន្ធ ឋិតលើកូនកោះមួយកណ្តាលស្រះអាណាវទេព មានប្រាង្គមួយមាននាគរាជមួយគូព័ទ្ធជំវិញ ។ នៅពីមុខនាគរាជមានសត្វសេះ ដែលជារូបតំណាងរបស់ព្រះពោធិ៍សាត់ លោកេស្វដើម្បី សង្គ្រោះពួកអ្នកជិះសំពៅដែលលិចទៅក្នុងសមុទ្រដោយសារស្នាដៃរបស់យក្ខិនី ។ ពួកពាណិជ្ជកររងគ្រោះទាំងនោះ បាននាំគ្នាតោងកន្ទុយសេះដើម្បីឡើងមកដល់គោកវិញ ។ សេះនោះគឺឈ្មោះ បាឡាហ ដូចគ្នាទៅនឹងរូបចម្លាក់សេះក្បាលប្រាំនៅទីលានជល់ដំរី ដែលជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ផងដែរ ។ប្រាសាទនាគព័ន្ធ មានទ្វារបញ្ឆោតបី ដែលនៅខាងលើផ្តែរនៃប្រាសាទ មានចម្លាក់ពិពណ៌នាពីដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធគោត្តម ។ ផ្តែរខាងកើតជារូបព្រះពុទ្ធទ្រង់កោព្រះកេសសាងផ្នួស នៅខាងជើងជាចម្លាក់អំពីការចេញដំណើររបស់ ព្រះសទ្ធត្ថនិងខាងលិចជារូបព្រះពុទ្ធទ្រង់ សមាធិដោយមានសត្វនាគនៅចំាការពារ ។

១៦.ប្រាសាទបក្សីចាំក្រុង

    បា្រសាទនេះ ជាប្រាសាទបែប ហិណ្ឌូ ឧទ្ទិសថ្វាយ ចំពោះព្រះសិវ ដោយមាន តម្កល់រូបព្រះអង្គ ធ្វើអំពីមាសផង និងកសាងឡើងវិញដើម្បីឧទ្ទិសថ្វាយ ចំពោះព្រះបិតា ព្រះនាមយសោវរ្ម័ន ដោយព្រះបាទ ហសិវរ្ម័ន ( ៩១០-៩៤៤ ) និងបញ្ចប់រួចរាល់នៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ ( ៩៤៤ - ៩៦៨ ) ។ ប្រាសាទបក្សីចាំក្រុងឋិតនៅចំពីខាងឆ្វេងដៃនៃផ្លូវពីរអង្គរវត្តទៅកាន់ខ្លោងទ្វារខាងត្បូង នៃក្រុងអង្គរធំ ចម្ងាយប្រមាណ១៥០ម៉ែត ពីខាងកើតភ្នំបាខែង ។ ប្រាសាទនេះ ជាស្ថាបបត្យកម្មដំបូងបំផុត ដែលសាងសង់ឡើងជារាងពីរ៉ាមីដកម្ពស់ ២៧ម៉ែត ដោយឥដ្ឋថ្មបាយក្រៀម និងថ្មភក់ដែលនៅជាប់ល្អ រហូតមកដល់សព្វថ្ងៃនេះ ។ មានទ្វារបញ្ឆោតចំនួន ៣ នៅតាមទិសទាំងបី ផ្ទុយពីច្រកទ្វារដែលបែរទៅទិសខាងកើត ។ នៅលើផ្តែរនៅលើទ្វារបញ្ឆោតនីមួយៗ មានការខូចខាតច្រើន ។ នៅទ្វារចូលផលដែរមានសិលាចារិកមួយផ្ទាំងរៀបរាប់ពីទេវកថាបែបព្រាហ្មណ៍ និងប្រាប់ពីកាលបរិច្ឆេទនៃការសាងសង់ប្រសាទ ។ សិលាចារឹកក៏បានបង្ហាញផងដែរពីវិសាលភាពទឹកដីខ្មែរនាសម័យនោះដែលជាកិច្ចប្រឹងប្រែងរបស់ព្រះរាជា ព្រមទាំងបង្ហាញពីបារមីនិងភាពវៃឆ្លាតរបស់ទ្រង់ ។ លើសពីនេះទៅទៀតក៏មានរំឭកឡើងវិញបន្តិចផងដែរពីប្រវត្តិនៃការចងខ្សែលោហិតគ្នា រវាងស្រឡាយសោមវង្ស និងសូរ្យវង្ស នាសម័យចេនឡា មកម្ល៉េះ ។ ប្រាសាទមានរាងសាជី៤ជ្រុងមាន៤ថ្នាក់ ដោយថ្នាក់ទាំង៣ នៅខាងក្រោមគ្មានការតុបតែងអ្វីនោះទេ ។

១៧.ប្រាសាទបន្ទាយក្តី

     ឋិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទតាព្រហ្ម និងចំពីខាងកើតរាជធានីអង្គរធំ ប្រាសាទបន្ទាយក្តី ឬហៅថា បវ៌តថាគត ក៏ជាសមិទ្ធិផល មួយទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ។ ប្រាសាទនេះមានរូបរាងប្រហាក់ប្រហែលទៅនឹងប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន និងប្រាសាទ បាយ័ន ដែរគ្រាន់តែមានលក្ខណៈតូចជាងនិងពុំសូវមានភាពស្មុគស្មាញដូចប្រាសាទទាំងនោះ ។ មានគោបុរៈ ចំនួន៤ដែលនៅកំពូលនៃគោបុរៈនីមួយៗ មានរូបព្រះព្រហ្មមុខ៤ ជាលក្ខណៈសម្គាល់នៃប្រាសាទដែលសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ និងជាតំណាងឲ្យព្រហ្មវិហារធម៌ទាំងបួន ។ ចេញផុតពីគោបុរៈទ្វារខាងក្រោយនៃប្រាសាទ បន្ទាយក្តី ទេសភាពដ៏ស្រស់ប្រណីត និងនៅចំពោះមុខ នោះគឺស្រះស្រង់ដែលមានទឹកថ្លា ក្រោមម្លប់ឈើធំ ៗ ព័ទ្ធជុំវិញធ្វើឲ្យអ្នកដែលបានទៅដល់ប្រាសាទ បន្ទាយក្តី ហើយពុំដែលភ្លេចឈៀងទៅកម្សាន្តនោះឡើយ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World