ខេត្ត តាកែវ

ខេត្តតាកែវ :មានរមណីយដ្ឋាន ៧កន្លែងគឺ

១.រមណីយដ្ឋានភ្នំដា មានចម្ងាយ ១២០គ.ម ពីភ្នំពេញ​ ។

២.រមណីយដ្ឋានភ្នំបាយ៉ង់ មានចម្ងាយ ១២១គ.ម ពីភ្នំពេញ ។

៣.រមណីយដា្ឋនប្រាសាទនាងខ្មៅ មានចម្ងាយ ២៦គ.ម ពីទីរួមខេត្ត ។

៤.រមណីយដ្ឋានភ្នំជីសូ មានចម្ងាយ ៦២គ.ម ពីភ្នំពេញ ។

៥.រមណីយដ្ឋានទន្លេបាទី មានចម្ងាយ ៣៥.៥គ.ម ពីភ្នំពេញ ។

៦.រមណីយដ្ឋាន ភ្នំតាម៉ៅ មានចម្ងាយ ៤០គ.ម ពីភ្នំពេញ ។

៧.រមណីយដ្ឋានភ្នំខ្លែង ឋិតនៅតាមផ្លូវជាតិលេខ ២ ។

 តាកែវគឺជាខេត្តមួយឋិតនៅខាងត្បូងនៃប្រទេសកម្ពុជា ជាជង្រុកនៃអារ្យធម៌ខ្មែរព្រោះថាខេត្តនេះជាខេត្តមួយមានវ័យចំណាស់ជាងគេបំផុត និងជាទីតាំងដើមនៃវប្បធម៌ខ្មែរផងដែរ ។ ជាក់ស្តែងខេត្តនេះបានបន្សល់ទុកនូវកេរ្តិ៍ ដំណែលប្រាសាទបុរាណសំខាន់ៗមួយចំនួន ដែលមានអាយុកាលរាប់សតវត្សមកហើយ សម្រាប់ជាភស្តុតាងបង្ហាញពី ភាពរុងរឿងរីកចម្រើននៃខេត្តនេះក្នុងអតីតកាល ។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគាត់នៅក្នុងខេត្តនេះ ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរដែលមានចម្ងាយប្រមាណ ៧៨គ.ម ពីភ្នំពេញ ។ សក្តានុពលភាពសំខាន់ក្នុងខេត្តនេះគឺវិស័យទេសចរ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឲ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះបានផងដែរ ។ តំបន់ទេសចរ សំខាន់ៗក្នុងខេត្តនេះ ភាគច្រើនជាទីតាំងប្រវត្តិសសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឲ្យទេសចរចូលចិត្តមកសិក្សាស្រាវជ្រាវព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនេះផងដែរ ។

១.ភ្នំជីសូ

   ភ្នំជីសូ ឋិតក្នុងទីតាំងភូមិ ស្លា ឃុំ រៀង ស្រុក សំរោង ចម្ងាយ ៦២គ.ម ពីទីក្រុងភ្នំពេញ កាត់តាម ស្រុក បាទី និងវត្តប្រាសាទនាងខ្មៅ ក្នុងស្រុក សំរោង តាមផ្លូវជាតិលេខ២រួចបត់ចូលតាមផ្លូវលំតូចមួយប្រមាណ ៥គ.ម ។ ប៉ុន្តែប្រសិនជាធ្វើដំណើរពីទីរួមខេត្តតាកែវវិញ គេត្រូវចំណាយពេលប្រមាណ ៣០នាទី លើកំណាត់ផ្លូវ ២៧គ.ម ។ នៅលើខ្នងភ្នំជីសូមានប្រាសាទបុរាណមួយ ដែលសាងសង់ឡើងនៅកំឡុងឆ្នាំ ១០០២ - ១០៥០នៃគ.សដោយព្រះបាទសូរ្យវរ្ម័នទី១ ជាការឧទ្ទិសបូជាថ្វាយចំពោះព្រហ្មញ្ញសាសនា ។ ប្រាសាទនេះសាងសង់ពីថ្មភក់ មានទំហំ ៦០ម x ៥០ម មានថែវពីរជានប្រកបដោយក្បូរក្បាច់រចនារស់រវើកនៅតាមផ្តែ និងសសរពេជ្រ ។ ភ្ញៀវទេសចរ អាចធ្វើដំណើរទៅកាន់ទីប្រាសាទតាមជណ្តើរថ្មខាងលិចដែលមាន ៣៩០កាំ ឬជណ្តើរខាងត្បូងដែលមាន ៤០៨កាំ ។ ថ្វីត្បិតតែមួយភាគធំនៃប្រាសាទនេះត្រូវបានខូចខាតអស់ក៏ដោយ ក៏អ្នកទេសចរ និងអ្នកសិក្សាចូលចិត្តធ្វើដំណើរទៅកាន់ទីនោះដែរ ។ ក្រៅពីទស្សនាប្រាសាទ គេក៏អាចគយគន់ទេសភាពវាលស្រែស្រស់ត្រកាលពីលើកំពូលភ្នំជីសូផងដែរ ។ ទស្សនីយភាពទាំងនេះបានទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនា ទីនេះកាន់តែច្រើនឡើងៗ ជាពិសេសថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាកពីការងារ ។ តាមឯកសារបានបង្ហាញថានៅពីខាងត្បូងភ្នំជីសូរនេះមានរូងធម្មជាតិ មួយឈ្មោះរូងវិមានច័ន្ទ ជាទីស្ងាត់ជ្រងំសម្រាប់ពួកតាបសឥសី ធ្វើចង្ក្រមភាវនា ប៉ុន្តែកំឡុងពេលដែលប្រទេសយើងជួបប្រទះសង្គ្រាមរ៉ាំរ៉ៃ មានការទម្លាក់គ្រាប់ផ្ទុះផ្សេង ៗ ធ្វើឲ្យរូងនេះត្រូវបិទជិតដោយថ្មធំៗ មិនអាចចូលរួច ។

២.ទន្លេបាទី

   ទន្លេបាទី ឋិតនៅចម្ងាយ ៣៥គ.ម ពីទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ២ ក្នុងភូមិថ្នល់ទក្សិណ ឃុំ ក្រាំងធ្នង់ ស្រុក បាទី ខេត្ត តាកែវ ។ ទីនេះជាកន្លែងទេសចរមួយយ៉ាងសំខាន់ក្នុងខេត្ត តាកែវ ហើយក៏ជាកន្លែងសក្ការបូជាមួយផងដែរ មានប្រាសាទបុរាណពីរគឺប្រាសាទ តាព្រហ្ម ដែលសាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ដល់ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា និងមួយទៀតគឺប្រាសាទ យាយពៅ ដែលមានចម្ងាយ ១០០ម ពីប្រាសាទ តាព្រហ្ម កសាងឡើងក្នុងសតវត្សទី១២ ទំហំ ៧ម x ៧ម ។

៣.ភ្នំតាម៉ៅ

    ភ្នំតាម៉ៅ មានចម្ងាយ ៤០គ.ម ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ២ ឋិតក្នុងភូមិ​ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវ ។ តំបន់នេះជាតំបន់ព្រៃការពារចំនួន ២៥០០ហិចតាដែលមាន ៧០ហិចតា ត្រូវបានរៀបចំជាសួនសត្វ ដ៏ធំនៅ កម្ពុជា ។ ក្នុងចំនួនផ្ទៃដី ៧៩ហិចតា មានកូនភ្នំចំនួន ៥ គឺភ្នំតាម៉ៅ ភ្នំឆយ ភ្នំបាំង ភ្នំផ្តៅពន្ធ និងភ្នំថ្មដុះ ប៉ុន្តែក្នុងចំណោមភ្នំទាំង៥នេះមានតែភ្នំពីរប៉ុណ្ណោះដែលជាទីទួលមានប្រាសាទបុរាណ គឺភ្នំតាម៉ៅ និងភ្នំថ្មដុះ ។ ប្រាសាទភ្នំតាម៉ៅ កសាងឡើង អំពីឥដ្ឋនៅ សតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី១ និង ឧទយាទិត្យាវរ្ម័នទី២ ឋិតលើកំពូលភ្នំកម្ពស់ ៣០ម ជិតព្រះវិហារវត្តតាម៉ៅ។បច្ចុប្បន្ន ប្រាសាទនេះ បាក់បែកអស់នៅសល់តែស្នាមខឿន បន្តិចបន្តួចប៉ុណ្ណោះ ។  រីឯប្រាសាទមួយទៀតឋិតនៅទិសពាយព្យ គឺប្រាសាទថ្មដុះ មានទីតាំងនៅលើកំពូលភ្នំថ្មដុះដែលមានកម្ពស់ ៣៥ម ។ ប្រាសាទនេះកសាងអំពីឥដ្ឋនៅសតវត្សទី១១ មានរាង៤ ជ្រុង គឺ ៧ម x ៧ម កម្ពស់ ១៣ម ។ បច្ចុប្បន្ន ប្រាសាទនេះនៅមានលក្ខណៈល្អប្រសើរជាងប្រាសាទភ្នំតាម៉ៅ ដែលទេស​ចរចូលចិត្តទៅទស្សនា និង ធ្វើការបន់ស្រន់នៅទីនោះ ។

   ក្រៅពីប្រាសាទទំាងនេះ ភ្នំតាម៉ៅ ក៏ជាសួនសត្វមួយដ៏ធំ និងគួឲ្យចាប់អារម្មណ៍ផងដែរ ដែលមានសត្វគ្រប់ប្រភេទ ទាំងប្រភេទល្មូន ប្រភេទថនិកសត្វ  ប្រភេទបក្សី និងសត្វក្នុងទឹក( ថ្នាក់ កង្កែប )  ជាដើម ។ ក្នុងចំណោមប្រភេទសត្វទាំងអស់មាន សត្វខ្លះនាំចូលពីបរទេស និងមួយចំនួនធំ គឺជាប្រភេទសត្វក្នុងស្រុក ដែលបានមកពីការទិញ និងរឹបអូសពីបទល្មើសសត្វព្រៃ ។

សត្វព្រៃភ្នំតាម៉ៅ

    តាមបណ្តោយផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ភ្នំ តាម៉ៅ ពោរពេញទៅដោយអ្នកដំណើរនិងយានជំនិះ គ្រប់ប្រភេទ យ៉ាងច្រើកុះករ តាំងពីព្រឹកព្រលឹមម្លេះ ។ ក្នុងចំណោមអ្នកដំណើរជាភ្ញៀវទេសចរទាំងនោះ ស្ទើរតែគ្មានជនបរទេសនោះ បានធ្វើដំណើរដោយទឹកមុខរីករាយតាមរថយន្តផ្ទាល់ខ្លួន រថយន្តឈ្នួល ឬម៉ូតូ. . . ។ ល ។ តាមបណ្តោយផ្លូវជាតិលេខ២ពីភ្នំពេញ ទៅទីរួមខេត្តតាកែវ ពួកគេអាចជ្រើសរើសយកតំបន់ទេសចរណ៍ធម្មជាតិ ណាមួយក៏បាន ក្នុងចំណោមទីកន្លែងលំហែចំនួន ៣ គឺ ប្រាសាទទន្លេបាទី សួនសត្វ ភ្នំតាម៉ៅ និង ភ្នំជីសូរ ។ ក្រៅពីតំបន់សំខាន់ៗទាំងនេះខេត្តតាកែវ នៅមានតំបន់កម្សាន្តជាច្រើនទៀត ដូចជារមណីយដ្ឋាន ប្រាសាទភ្នំដា ដែលឋិតនៅភូមិ ព្រែកតាផ ឃុំ គោកធ្លក ស្រុក អង្គរបុរី ចម្ងាយ ១២០គ.ម ពីភ្នំពេញ និង ២៤គ.ម ពីទីរួមខេត្តតាកែវ ។ ប្រាសាទនេះមានទំហំ១២ម x ១២ម កម្ពស់ ១៨ម មានរចនាបថភ្នំដា ក្នុងសតវត្សទី៦ ឋិតលើកំពូលភ្នំដា ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃវាលស្រែនៅជុំវិញភ្នំ ។ រមណីយដ្ឋានភ្នំបាយ៉ង់ឋិតនៅក្នុងភូមិ ពោធិ៍រោង ឃុំ ព្រះបាទជាន់ជុំ ស្រុក គិរីវង្ស ចម្ងាយ ១២១គ.ម ពីភ្នំពេញ និង ៤៣គ.ម ពីទីរួមខេត្តតាកែវ ភាគខាងត្បូង ។ ប្រាសាទនេះសង់ឡើងនៅសតវត្សទី៧ ដោយព្រះបាទភវរ្ម័នទី២ មានកម្ពស់ ១១៣ម ពីជើងភ្នំបាយ៉ង់ សង់ឡើងពីថ្មបាយក្រៀម និងឥដ្ឋរាងចតុកោណកែង ១៣ម x ៩ម  កម្ពស់ប្រាសាទ ១២ម ។ រមណីយដ្ឋានប្រាសាទនាងខ្មៅឋិតក្នុង ស្រុក សំរោង ខេត្ត តាកែវ ចម្ងាយ ៥២គ.ម ពីទីក្រុងភ្នំពេញ និង ២៧គ.ម ពីទីរួមខេត្តតាកែវ សង់ឡើងពីថ្មភក់ និងឥដ្ឋតាមរចនាបថកោះកែ ក្នុងសតវត្សទី១០ ដោយព្រះបាទ ជ័យវរ្ម័នទី៤ មានតួប្រាសាទ៣ទន្ទឹមគ្នា ក្នុងបរិវេណ វត្តប្រាសាទនាងខ្មៅ ។រមណីយដ្ឋានប្រាសាទជប់ពល ស្ថិតក្នុងភូមិ បារាយណ៍ ឃុំ បារាយណ៍ ស្រុក ដូនកែវ ចម្ងាយ ៣.៥គ.ម ពីទីរួមខេត្តតាកែវ  មានទំហំ ៧ម x ៧ម កម្ពស់ ១៣ម សង់អំពីឥដ្ឋ មានគូរទឹកព័ទ្ធជុំវិញ និងមានស្រះមួយ ទំហំ ៧ម x ១០០ម ដែលអ្នកស្រុកហៅថា ទន្លេអុំ ។រមណីយដា្ឋនវត្តភ្នំខ្លែង ឋិតនៅ ឃុំ ព្រៃស្លឹក ស្រុក ត្រាំង ចម្ងាយ  ១២គ.ម ពីទីរួមខេត្តតាកែវជាទីអារាមព្រះពុទ្ធសាសនា កសាងឡើងក្នុងឆ្នាំ ១៧៥៣ ដែលប្រជាជនខ្មែរជឿ ថាជាកន្លែងសក្តិសិទ្ធក្នុងការបួងសួង បន់ស្រន់ សច្ចា ស្បថស្បែ ជាដើម មិនតែប៉ុណ្ណោះ សារមន្ទីរខេត្តតាកែវ ក៏ជាទី ប្រមូលផ្តុំដោយវត្ថុបុរាណ ដែលប្រមូលបានមកពីទីកន្លែងនានា ក្នុងខេត្តសម្រាប់អ្នកមកទស្សនា និងអ្នកសិក្សា ស្រាវជ្រាវ ជាតិនិងអន្តរជាតិ ។

  ខេត្តតាកែវនេះ មានទីតាំងនៅចន្លោះ ខេត្តកណ្តាល ខេត្តកំពត និងខេត្តកំពង់ស្ពឺ ។ខេត្តតាកែវ តែងតែត្រូវបានមើលរំលងពីទេសចរបរទេស ប៉ុន្តែទទួលចំណាត់ថ្នាក់ខ្ពស់ពីប្រជាជនខ្មែរ ដែលធ្វើដំណើរទៅកំសាន្តក្នុងខេត្តនេះដើម្បីទស្សនាប្រាសាទ និងកន្លែងទេសចរធម្មជាតិ ។ អំឡុងពេលធ្វើដំណើរឆ្ពោះទៅខេត្ត​ តាកែវ សូមធ្វើដំណើរចូលទៅកាន់ភ្នំជីសូរដើម្បីទស្សនាប្រាសាទដែលបន្សល់ទុកពីសតវត្សទី១១ នៃសម័យអង្គរ ។ ប្រាសាទនេះបានកសាងនៅលើកំពូលភ្នំដែលព័ទ្ធជុំវិញដោយទេសភាពជនបទ ។ ជណ្តើរឡើងប្រាសាទមានចំនួន ៥០៣កាំយ៉ាងរឹងមាំ ទេសភាពនៃជនបទពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកទេសចរ ។ ប្រាសាទបុរាណនេះមានសកម្មភាពឡើងវិញដែលពុទ្ធសាសនិកជនធ្វើ ធម្មយាត្រាទៅទីនោះក្នុងឳកាសបុណ្យសាសនា ផ្សេង ៗ ។ ចម្លាក់ដ៏វិចិត្រនៃអាទិទេពឥណ្ឌូអាចឃើញបាននៅលើប៉ម របស់បណ្ណាល័យ ។ ធ្នឹមធ្វើពីថ្មភក់ ដ៏ស្រស់ស្អាត នៅខាងលើមាត់ទ្វារ និងចម្លាក់តែមួយគត់ដែលតុបតែងទ្វារឈើរបស់ប្រាសាទធំ ។ អ្នកអាចរីករាយនឹងដំណើរកំសាន្តតាម ទូកតាមទន្លេទៅទស្សនាសារមន្ទីរបុរាណអង្គរបុរី និងបន្ទាប់មកទៅកន្លែងមួយទៀតនៃប្រាសាទភ្នំដា ។ ទន្លេបាទីជាកន្លែងវិស្សមកាលដែលគេចូលចិត្តបំផុត សម្រាប់ប្រជាជន ក្នុងស្រុកអំឡុងពេលសម្រាក ហើយក៏ជាកន្លែងដីរីករាយពិសារអាហារខ្មែរសាមញ្ញ ។ នៅជិតប្រាសាទទន្លេបាទី ជាប្រាសាទដ៏ធំដែលមានរចនាបថប្រាសាទ សម័យអង្គរ ដែលមានសួនច្បារយ៉ាងស្អាត ។ បន្ទាប់មកមានប្រាសាទយាយពៅ ដែលត្រូវបានដាក់ឈ្មោះព្រះមាតា របស់ស្តេចព្រហ្ម និងប្រាសាទប្រវត្តិសាស្ត្រមួយទៀតដែលមានទីតាំងនៅជិតបឹងទន្លេបាទី ដ៏មានប្រជាប្រិយ ។​

  ប្រាសាទនាងខ្មៅ មានទីតាំងនៅក្នុង ស្រុកសំរោង ។ នេះជាប្រាសាទដែលកសាងពីថ្មភក់និងឥដ្ឋ ក្នុងអំឡុងសតវត្សទី១០ ប៉ុន្តែភាគច្រើននៃផ្នែករបស់ប្រាសាទនាងខ្មៅត្រូវបានបំផ្លាញ ។ មជ្ឈមណ្ឌលសង្រ្គោះជីវិតសត្វព្រៃនៅភ្នំតាម៉ៅ មានផ្ទៃដីសរុប ១២០០ហិចតា ។មជ្ឈមណ្ឌលនេះបង្កើតឡើងដើម្បីថែរក្សាសត្វព្រៃដ៏កម្រ និងសម្រាប់អ្នកសិក្សាស្រាវជ្រាវជីវចំរុះ ។ ៨០ហិចតា នៃផ្ទៃដីត្រូវបានរក្សាទុកជាសួនសត្វសម្រាប់ភ្ញៀវចូលទស្សនា ។ នៅទីនេះមានសត្វព្រៃជាច្រើន ដែលជាប្រភេទសត្វឋិតក្នុងស្រុក កំពុងរងគ្រោះថ្នាក់ពីព្រាន ។សួនសត្វត្រូវបានថែរក្សាបានយ៉ាងល្អ និងជាការទាក់ទាញទេសចរដ៏មានប្រជាប្រិយភាពផងដែរ ។ 

មាតិកា

Follow me on Google Plus

Like us on facebook

Hello World